តម្លៃស្រូវចុះថោក

ប្រជាកសិកររអ៊ូរទាំពីតម្លៃស្រូវចុះថោក តែជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃ តើមកពីមូលហេតុអ្វី?


ក្រុមប្រជាកសិករនាំគ្នារអ៊ូរទាំពីតម្លៃស្រូវចុះថោកជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ ខណៈតម្លៃជីនិងថ្នាំកសិកម្មបែរជាឡើងថ្លៃទៅវិញ។
កសិករក្នុងខេត្តបាត់ដំបងកំពុងច្រូតស្រូវ (រូបភាព៖ CRF)

ពាក់ព័ន្ធ​បញ្ហា​នេះ សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​អះអាង​ថា ការ​រាតត្បាត​សាកល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ករ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​ស្រូវ​-​អង្ករ កម្ពុជា ដូច​ជា ថ្លៃ​ដឹក​ជញ្ជូន​ឡើងថ្លៃ និង​កង្វះ​មធ្យោបាយ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីផ្សារ​ឆ្ងាយ​ៗ ក៏​ដូច​ជា តម្លៃ​អង្ក​រលើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ផង​នោះ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​របស់​កសិករ​កម្ពុ​ជានា​ឆ្នាំ​នេះ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ប៉ុ​ន្ដ ការ​ធ្លាក់​ចុះ​នេះ គឺ​មិន​មាន​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ ហើយ​ខាង​សហព័ន្ធ​ស្រូវ​អង្ករ​ក៏​កំពុង​សិក្សា​ពី​បញ្ហា​នេះ​ផង​ដែរ​។

លោក ហ៊ុន សំណាង ជា​កសិករ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ស្ថិត​ក្នុង​បរិបទ​កូ​វី​ដ​-១៩ នេះ តម្លៃ​ស្រូវ​ហាក់​មាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់ ក៏​ប៉ុន្តែ សម្រាប់​ជី និង​ថ្នាំ​កសិកម្ម បែរជា​បន្ត​ឡើងថ្លៃ​ទៅ​វិញ​។ កសិករ​រូប​នេះ បាន​អះអាង​ថា តម្លៃ​ស្រូវ​ក្នុងឆ្នាំនេះ​បាន​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន ខណៈ​ឆ្នាំ​មុន​តម្លៃ​ស្រូវ​ប្រភេទ OM ក្នុង​ខេត្តព្រៃវែង អាច​លក់​បាន​តម្លៃ​១២០០​រៀល ក្នុង​មួយ​គីឡូក្រាម តែ​សព្វថ្ងៃ លក់​បាន​ត្រឹម​៨២០​រៀល ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ ដោយឡែក ពាក់ព័ន្ធ​តម្លៃ​ជី​និង​ថ្នាំ​កសិកម្ម​វិញ ត្រូវ​បាន​លោក​សំណាង គូសបញ្ជាក់​ថា បច្ចុប្បន្ន​នេះ ជី​ស​១​បាវ​មាន​តម្លៃ​រហូត​ដល់ ១៧​ម៉ឺន​រៀល​ឯណោះ ខណៈ​ឆ្នាំ​មុន​តម្លៃ​នៅ​ត្រឹមតែ​៨​ម៉ឺន​ទៅ​៩​ម៉ឺន ក្នុង​១​បាវ​ក្នុង​បរិមាណ​៥០​គីឡូក្រាម​។

កសិករ​រូប​នេះ​បាន​បន្ត​ត្អូញត្អែរ និង​ចោទ​ជា​សំនួរ​ទៅ​កាន់​ក្រសួង​ពាក់ព័ន្ធ ពិសេស​ក្រសួងកសិកម្ម ថា តើ​មូលហេតុ​អ្វី​បានជា​ឱ្យ​តែ​ដល់​រដូវ​ប្រមូល​ផល តម្លៃ​ស្រូវ​តែងតែ​ធ្លាក់​ចុះ0x017d7 ដោយ​លោក​បាន​បន្ត​ទៀត​ថា កសិករ​បច្ចុប្បន្ន តែង​ជួប​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ តែ​តម្លៃ​ជី​និង​ថ្នាំ​កសិកម្ម បែរជា​ឡើងថ្លៃ​ទៅ​វិញ​។ ដោយឡែក លោក ជឿ​ក គី​មយ៉ាង កសិករ​ម្នាក់​ទៀត នៅ​អង្គរ​បូ​រី ខេត្តតាកែវ ឯណោះ​វិញ ក៏​បាន​អះអាង​ដែរ​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ហាក់​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច ដោយ​បច្ចុប្បន្ន​ស្រូវ​ប្រភេទ​OM អាច​លក់​បាន​តម្លៃ​៨៤០​រៀល​ទៅ​៨៥០​រៀល ក្នុង​មួយ​គីឡូក្រាម ទៅ​តាម​គុណភាព​ស្រូវ​។ 

ទាក់ទង​នឹង​ទីផ្សារ​ស្រូវ​នេះ​ដែរ ឈ្មួញ​ប្រមូល​ទិញ​ស្រូវ​ម្នាក់ នៅ​ខេត្តកំពង់ស្ពឺ លោក ណុ​ប ភាន់ ក៏​បាន​អះអាង​ដែរ​ថា តម្លៃ​ស្រូវ​ឆ្នាំ​នេះ​ពិតជា​មានការ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​បន្តិច​ពិតមែន ដោយ​លោក​បាន​បញ្ជាក់​ថា ឆ្នាំ​នេះ​សម្រាប់​ស្រូវ​សើម​លោក​ទិញ​ចូល​ក្នុង​តម្លៃ​៧០០​រៀល ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំ​មុន​លោក​បាន​ប្រមូល​ទិញ​ក្នុង​តម្លៃ ៨០០​រៀល​ទៅ​៩០០​រៀល ក្នុង​មួយ​គីឡូក្រាម​។

ឆ្លើយ​តប​បញ្ហា​នេះ លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​អះអាង​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា តម្លៃ​ស្រូវ​នា​ឆ្នាំ​នេះ​ពិតជា​មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច​មែន តែ​មិន​បាន​ធ្លាក់​ចុះ​ខ្លាំង​ពេក​នោះ​ទេ​។ បើ​តាម​លោក លន់ យ៉េ​ង បច្ចុប្បន្ន គ្រប់​រោង​ម៉ាស៊ីន​ដែល​ជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​ទិញ​ស្រូវ​ជា​មធ្យម​ក្នុង​តម្លៃ ៩០០​រៀល ទៅ​១០៥០​រៀល ក្នុង​មួយ​គីឡូក្រាម សម្រាប់​ស្រូវ​សើម ខណៈ​ឆ្នាំ​មុន​ស្រូវ​ប្រភេទ​ដូច​គ្នា​ជា​មធ្យម មាន​តម្លៃ ៩៥០​រៀល ទៅ​១១៥០​រៀល ក្នុង​មួយ​គីឡូក្រាម​។

អគ្គលេខាធិការ​សហព័ន្ធ​រូប​នេះ បាន​ពន្យល់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​ឆ្នាំ​ធ្លាក់​ចុះ ក៏​ព្រោះតែ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ចុះ​ជិត​៣០% ពិសេស​ប្រភេទ​អង្ករ​ក្រអូប ដែល​ជា​កត្តា​សំខាន់​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្រូវ​-​អង្ករ កម្ពុជា បច្ចុប្បន្ន​។ យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ នា​ពេល​នេះ ត្រូវ​បាន​លោក លន់ យ៉េ​ង អះអាង​ថា ខាង​សហព័ន្ធ​កំពុង​សិក្សា​ពី​បញ្ហា​នេះ ហើយ​សហព័ន្ធ​នៅ​តែ​បន្ត​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។

សូម​បញ្ជាក់​ថា រយៈពេល ១០​ខែ ក្នុង​ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​ស្រូវ ជាង​២​លាន​តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ជាង​៤៦៥​លាន​ដុល្លារ មាន​កើនឡើង​៨៦% បើ​ប្រៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២០​។ ដោយឡែក ការ​នាំ​ចេញ​អង្ករ ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ជាង​៤៦​ម៉ឺន​តោន គិត​ជា​ទឹកប្រាក់​ជាង​៣៩២​លាន​ដុល្លារ បាន​ថយ​ចុះ​៣៣%​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយបើកប្រទេសឡើងវិញ សម្តេចតេជោ ហ៊ុន សែន រំពឹងសេដ្ឋកិច្ចកម្ពុជាមានកំណើនរង្វង់៣%ក្នុងឆ្នាំ២០២១ នឹងបន្ដកើនលើស៥%នៅឆ្នាំ២០២២

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់៣%នៅឆ្នាំ២០២១ ប្រសិនបើសេដ្ឋកិច្ចមានដំណើរការល្អន…

ចិនគ្រោងទិញផលិតផលកសិកម្មពីតំបន់អាស៊ានទ្វេដងក្នុងទឹកប្រាក់១៥០ពាន់លានដុល្លារនៅ៥ឆ្នាំខាងមុខ

ព័ត៌មាន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃច័ន្ទទី២២វិច្ឆិកា អំឡុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន បានប្រកាសពីគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ