យោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើនបានឱ្យដឹងថា ប្រជាកសិករនៅបារាំង និងបែលហ្ស៊ិក ដែលមានកំហឹងចំពោះការឡើងថ្លៃទំនិញ គោលនយោបាយបរិស្ថាន និងការនាំចូលចំណីអាហារថោកៗរបស់សហភាពអឺរ៉ុប បាននាំគ្នាបិទផ្លូវហាយវ៉េសំខាន់ៗ និងផ្លូវចូលទៅកាន់កំពង់ផែកុងតឺន័រដ៏សំខាន់មួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ខណៈដែលការតវ៉ាទាំងនេះកំពុងរីករាលដាលពាសពេញតំបន់អឺរ៉ុប ក្នុងរូបភាពគួរឱ្យព្រួយបារម្ភជាខ្លាំង។
នៅប្រទេសបារាំង ប្រជាកសិករដែលកំពុងតវ៉ាជាង២សប្ដាហ៍មកហើយនោះ បានបង្កើនការដាក់សម្ពាធលើរដ្ឋាភិបាលបារាំង តាមរយៈការបើកត្រាក់ទ័រយ៉ាងច្រើនទៅបិទផ្លូវហាយវ៉េសំខាន់ៗនៅជិតទីក្រុងប៉ារីស និងដុតភ្នក់ចំបើងដើម្បីបិទផ្លូវចូលទៅកាន់អាកាសយានដ្ឋានក្រុងទូលូស (Toulouse) ដោយក្នុងនោះកសិករបារាំង ម្នាក់និយាយថា ពួកគាត់ប្ដេជ្ញាតវ៉ារហូតដល់ទីបញ្ចប់ ទោះជាមានអ្វីកើតឡើង ឬត្រូវបន្តតវ៉ារាប់ខែក៏ដោយ។
ដោយឡែក នៅប្រទេសបែលហ្ស៊ិក ឯណោះវិញ ដែលការតវ៉ាត្រូវបានជំរុញដោយចលនាតវ៉ានៅបារាំង ដែលជាប្រទេសជិតខាងគ្នា ប្រជាកិសករ ក៏បានលើកគ្នាបិទផ្លូវនានាចូលទៅកាន់កំពង់ផែកុងតឺន័រដ៏សំខាន់មួយដែលជាកំពុងផែធំបំផុតទី២ របស់ប្រទេសនេះ។
កសិករបែលហ្ស៊ិក ក៏បានបិទទីលានសាធារណៈមួយនៅកណ្ដាលរដ្ឋធានីព្រុចសែល ផងដែរ ដោយនិយាយថា ពួកគេនឹងបន្តតវ៉ារហូតដល់ថ្ងៃព្រហស្ប៍ស្អែកនេះ ជាពេលដែលក្រុមមេដឹកនាំរបស់សហភាពអឺរ៉ុប នឹងមកជួបជុំគ្នាក្នុងទីក្រុងនេះសម្រាប់ចូលរួមកិច្ចប្រជុំកំពូល។
ទន្ទឹមនេះ ប្រជាកសិករអេស្ប៉ាញ បាននិយាយថា ពួកគេនឹងចូលរួមក្នុងចលនានេះ ហើយនឹងរៀបចំការតវ៉ានៅខែក្រោយនេះ។ ការតវ៉ារបស់ប្រជាកសិករបារាំង បានផ្ទុះឡើងក្រោយផ្ទុះការតវ៉ាស្រដៀងគ្នានៅក្នុងបណ្ដាប្រទេសអឺរ៉ុប ផ្សេងទៀតរួមទាំងអាល្លឺម៉ង់ និងប៉ូឡូញ ផងដែរនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសភាអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ៕
ដោយ: តែម សុខុម