
កសិករមួយចំនួនអាចទូទាត់សងបានខ្លះដោយអាស្រ័យនឹងប្រាក់បញ្ញើពីសាច់ញាតិដែលធ្វើការងារក្រៅស្រុក ក្រៅប្រទេសតែប៉ុណ្ណោះ។ កម្ចីថ្មីប្រហែលជាមានតិចតួចទេជាមួយ MFIs។ ប៉ុន្តែ កម្ចីចាស់មិនទាន់ទូទាត់អស់ គឺមានច្រើន។
ក្រោយពីរដ្ឋាភិបាលកំណត់ពិដានការប្រាក់ MFIs ក៏បានអនុលោមតាម។ យ៉ាងណាក្ដី បំណុលចាស់ត្រូវតែសង។ បំណុលនេះមានច្រើនណាស់ទូទាំងប្រទេស គឺរាប់សិបពាន់លានដុល្លារ។
ថ្វីត្បិតថា បំណុលថ្មីចុងក្រោយអាចមានតិចតួចជាមួយ MFIs ក៏ពិតមែន ប៉ុន្តែ តម្រូវការប្រាក់ដើម្បីទូទាត់បំណុលចាស់អាចធ្វើឲ្យកសិករដែលគ្មានប្រាក់ បង្ខំចិត្តទៅខ្ចីប្រាក់ពីប្រភពផ្សេងដើម្បីដោះស្រាយបញ្ហាចំពោះមុខ។ កសិករខ្លះដែលគ្មានឯកសារ ឬរបស់បញ្ចាំគ្រប់គ្រាន់សម្រាប់ខ្ចីពី MFIs ប្រាកដជាទៅខ្ចីបុល និងជំពាក់ឈ្មួញដែលមានការប្រាក់ខ្ពស់។ បញ្ហានេះរឹតតែចាក់ស្រែះទៅទៀត។

ក្នុងរយៈពេលចុងក្រោយនេះ វាមានការលំបាកសម្រាប់ប្រជាពលរដ្ឋដែលមានបំណុល ជាពិសេស កសិករ ដោយសារទីផ្សារ ជាពិសេស កសិករម្រេច កសិករដំឡូង កសិករជ្រូក កសិករពោត ។ល។
ពេលណាអតិថិជនរស់ MFIs ក៏រស់។ រស់រុងរឿងរីកចម្រើនជាមួយគ្នា។ ក្នុងរយៈពេលចំពោះមុខនេះ MFIs អាចពន្យារពេលការសងដើម ឬបំណុលរបស់កសិករដោយកែទម្រង់បំណុល (loan restructuring) និង សម្របសម្រួលទំនាក់ទំនងរវាងកសិករនិងអ្នកទិញ ឬទីផ្សារ។
ក្នុងរយៈពេលមធ្យម និងរយ:ពេលវែង MFIs គួរតែមានផ្នែក (Unit) និងមន្រ្តីដែលវាយតម្លៃ តាមដាន និងទ្រទ្រង់ផែនការខ្ចី/វិនិយោគ និងការអនុវត្តផែនការខ្ចី/វិនិយោគ របស់កសិករ/អតិថិជនរបស់ខ្លួន (ចំណាយ និងចំណូលមុខរប ឱកាសទីផ្សារ ការប្រកួតប្រជែង។ល។) ភ្ជាប់ទំនាក់ទំនងរបស់អតិថិជនខ្លួនជាមួយនឹងសេវាមុខរបរ ឬសេវាកសិកម្មទាក់ទិននឹងកម្ចីរបស់អតិថិជនខ្លួន សម្រួល ឬភ្ជាប់ទំនាក់ទំនងអតិថិជនរបស់ខ្លួនជាមួយអ្នកទិញ ឬទីផ្សារ។ល។

ចំណែកវិស័យសាធារណ: ចំពោះមុខនេះដំណោះស្រាយបន្ទាន់របស់រដ្ឋាភិបាល មានតែផ្ដល់កម្ចី (បើមានថវិកា) ដែលមានការប្រាក់ទាបល្មម (ដែលរដ្ឋាភិបាលអាចទូទាត់ថ្លៃកម្ចីនោះត្រឹមស្មើដើមសម្រាប់រដ្ឋ៖ ការប្រាក់បំណុលរដ្ឋបាល ថ្លៃសេវារដ្ឋបាល ថ្លៃប្រតិបត្តិការ ថ្លៃអតិផរណា។ល។) ដល់អ្នកប្រមូលទិញដែលមានឃ្លាំងស្តុកគ្រប់គ្រាន់ត្រឹមត្រូវ អ្នកប្រមូលទិញដែលមានផ្សារនាំចេញ, អ្នកប្រមូលទិញដែលអាចកែច្នៃ។ល។ សម្រួលរាល់ឯកសារសម្រាប់ការនាំចេញ កាត់បន្ថយ ឬលប់ចោលបណ្ដោះអាសន្នពន្ធនាំចេញ ផ្តល់កម្ចីសម្រាប់ការនាំចេញ (ដែលមានការប្រាក់ដូចបានរៀបរាប់ខាងដើម)។ល។
សម្រាប់រយៈពេលមធ្យម និងរយៈពេលវែង រដ្ឋាភិបាលគួរតែមានគោលនយោបាយល្អ ធនធានគ្រប់គ្រាន់ យន្តការស្ថាប័នគ្រប់គ្រាន់ និងផ្ដល់សេវាបណ្ដុះបណ្ដាល-ទ្រទ្រង់-តាមដានការរៀបចំផែនការមុខរបររបស់កសិករ និងសហគ្រាសខ្នាតតូច-មធ្យម បន្តសម្រួលការតភ្ជាប់ទីផ្សារ ទ្រទ្រង់និងពន្លឿនការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។ល។ សម្រាប់ទ្រទ្រង់និងអភិវឌ្ឍវិស័យកសិកម្មដែលមានកសិករជាង២លានគ្រួសារពឹងពាក់អាស្រ័យ។
វិស័យកសិកម្មកម្ពុជា ត្រូវការដំណោះស្រាយមានរបៀប ឬយុទ្ធវិធីស៊ីជម្រៅ/ទូលំទូលាយ (integrated/wholistic approach) គឺយុទ្ធវិធីបែបប្រព័ន្ធ (systems approach)៕