បច្ចេកវិទ្យាសម្អាតទឹក និងការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់

អូស្ត្រាលី និងកម្ពុជា រួមគ្នាដាក់ឱ្យដំណើរការបច្ចេកវិទ្យាសម្អាតទឹកថ្មី នៅខេត្តបាត់ដំបង និងការសិក្សាលើការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់នៅកម្ពុជា


កម្ពុជា និងអូស្រ្តាលី បានរួមគ្នាសម្ពោធដាក់ឱ្យដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីមួយ ដែលដំឡើងនៅរោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង ព្រមទាំងផ្សព្វផ្សាយអំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ «ផែនការវិនិយោគថ្នាក់ខេត្តសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា»។
ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ធ្វើទស្សនកិច្ចរោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបង

ការដាក់ដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតថ្មីនេះ អញ្ជើញចូលរួមដោយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) កាលពីថ្ងៃទី១ ធ្នូ ២០២១ កន្លងទៅ។

ប្រព័ន្ធដំណើរការសម្អាតទឹក នៃរោងចក្រផលិតទឹកស្អាតក្នុងខេត្តបាត់ដំបងនេះ បានប្រើប្រាស់បច្ចេកវិទ្យា យូអេហ្វ (UF) ដោយប្រើប្រាស់សារធាតុគីមីតិចជាងវិធីសាស្រ្តចម្រោះទឹកស្អាត ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ វាកាត់បន្ថយការចំណាយលើប្រតិបត្តិការ និងផលប៉ះពាល់បរិស្ថាន ដែលផ្តល់ជម្រើសថ្មី សម្រាប់វិស័យផ្គត់ផ្គង់ទឹកស្អាត ដែលកំពុងតែមានវឌ្ឍនភាពទៅមុខ។ ចំណែកអាងស្តុកទឹកដែកគ្មានច្រែះ មានសុវត្ថិភាព អាចផ្ទុកចំណុះ ១២០ ០០០លីត្រក្នុងមួយថ្ងៃ ចែកចាយទឹកដល់ប្រជាពលរដ្ឋប្រមាណ ៥ ០០០នាក់ នៅក្នុង ១២ភូមិ  នៃឃុំព្រែកជីក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ឯកឧត្តម ឯកអគ្គរាជទូត Kang បានបង្ហាញក្តីសប្បាយរីករាយ ដែលបច្ចេកវិទ្យាសម្អាតទឹករបស់អូស្ត្រាលី ត្រូវបានប្រើប្រាស់ក្នុងការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

បន្ថែមពីនេះ កម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឬហៅកាត់ថា (3i) របស់ប្រទេសអូស្រ្តាលី បានគាំទ្រក្រសួងឧស្សាហកម្ម លើការសិក្សាការផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា (PIP) និងចង្អុលបង្ហាញការគ្របដណ្តប់នៃទឹកស្អាតតាមបំពង់នៅលើផែនទី នៅទូទាំងខេត្តចំនួន ២២ខេត្ត។​

ការសិក្សានេះ បានរកឃើញថា ប្រមាណជា ៥០ភាគរយនៃភូមិសរុបនៅកម្ពុជា ត្រូវបានតភ្ជាប់ទៅបណ្តាញទឹកស្អាតតាមបំពង់ ហើយកម្ពុជាត្រូវការយ៉ាងតិចថវិកាប្រមាណជា ១៥០ លានដុល្លារដើម្បីវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីចែកចាយទឹកស្អាតដល់ភូមិផ្សេងទៀត ឱ្យបានសមស្របសម្រាប់ការផ្គត់ផ្គង់ទឹកតាមបំពង់។

ឯកឧត្តម ឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា ៖ «យើងសង្ឃឹមថា ការសិក្សាស្រាវជ្រាវ (PIP) នេះ ក៏នឹងផ្តល់នូវផែនទីបង្ហាញផ្លូវ និងឧបករណ៍គោលនយោបាយដ៏មានប្រយោជន៍សម្រាប់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់គ្នានៅត្រឹមឆ្នាំ ២០៣០»។

តាមរយៈកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឬហៅកាត់ថា (3i) របស់ប្រទេសអូស្រ្តាលីនេះផងដែរ ក៏កំពុងផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីក្រសួង និងមន្ទីរទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តនានា ស្តីអំពីការគ្រប់គ្រងទិន្នន័យ និងការធ្វើផែនការផ្គត់ផ្គង់ទឹកស្អាតតាមបំពង់ ដើម្បីអាចអនុវត្តផែនការវិនិយោគថ្នាក់ខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ 

ឯកឧត្តម ចម ប្រសិទ្ធ មានប្រសាសន៍នៅក្នុងពិធីដាក់ឱ្យដំណើរការថា៖ «កម្មវិធីថ្ងៃនេះបានបង្ហាញអំពីបច្ចេកវិទ្យា កំពុងត្រូវបានយកចិត្តទុកដាក់ប្រើប្រាស់សម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម ជាមួយកម្មវិធី(3i) ដែលបានគាំទ្រដល់ការសិក្សាផែនការវិនិយោគតាមបណ្តាខេត្ត (PIP) គឺជាត្រីវិស័យដ៏មានសារសំខាន់ សម្រាប់ការអភិវឌ្ឍនវិស័យទឹកស្អាត»។

គួរជម្រាបជូនថា ការដំណើរការបច្ចេកវិទ្យាចម្រោះទឹកស្អាតឡើង គឺមានសហការដោយអ្នកជំនាញ និងក្រុមហ៊ុន ផ្គត់ផ្គង់ឧបករណ៍ប្រព័ន្ធទឹកស្អាតពីប្រទេសអូស្ត្រាលី និងកម្ពុជា។ តាមរយៈគម្រោង3i អូស្ត្រាលី បាននិងកំពុងតែធ្វើការជាមួយប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៨០ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ទឹកស្អាតតាមបំពង់ដល់គ្រួសារជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងជួយឱ្យប្រជាជនកម្ពុជា ជាងមួយលាននាក់ ទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការប្រកាសជ័យ​លាភី​ពាន​រង្វាន់បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ឆ្នាំ២០២១

ព័ត៌មាន
កម្មវិធីពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានកម្ពុជា ឆ្នាំ២០២១ បានប្រកាសលទ្ធផលជ័យលាភីប្រចាំឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រ…

អេស៊ីលីដា វិនិយោគលើការអភិវឌ្ឍបច្ចេវិទ្យាឌីជីថលសម្រាប់ធនាគារកាន់តែខ្លាំង នៅប៉ុន្មានឆ្នាំចុងក្រោយនេះ

ព័ត៌មាន
អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា បានធ្វើការវិនិយោគ អភិវឌ្ឍលើវិស័យឌីជីថល ក៏ដូចជាវិស័យបច្ចេក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ