នេះជាការបង្ហើបឲ្យដឹងពីសំណាក់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅពេលចុះពិនិត្យការសាងសង់កំពង់ផែដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក នៅចំណុចឃ្លាំងសាំង សូគីមិច ឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១០ មីនា កន្លងទៅ។
លោករដ្ឋមន្ត្រីដឹកជញ្ជូន មានប្រសាសន៍ថា ការដាក់ឲ្យដំណើរការសេវាដឹកអ្នកដំណើរតាមផ្លូវទឹក ព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ នាពេលខាងមុខនេះ គឺជាការរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញ រៀងរាល់ថ្ងៃ។
បើតាមគម្រោងដែលបង្ហើបដោយលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាជំហានដំបូង គេនឹងដាក់ឲ្យដំណើរការទូកដឹកអ្នកដំណើរចំនួន ៣គ្រឿង ដោយក្នុងនោះ ២គ្រឿងជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស ៦០នាក់ក្នុងមួយគ្រឿង និង ១គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់ អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។
ជាមួយទូក ៣គ្រឿង នៅក្នុងជំហានដំបូងនេះ ការផ្តល់សេវាចេញដំណើរពីព្រែកព្នៅ ទៅកាន់ក្រុង តាខ្មៅ ចម្ងាយសរុបប្រមាណ ២៥គីឡូម៉ែត្រ ដោយចំណាយពេលវេលា ជាមធ្យម ៣៤នាទី មានចំណតផែចំនួន ៥ កន្លែង រួមមាន ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី (ឃ្លាំងសាំងសូគីមិច ឫស្សីកែវ) ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។
ជាមួយនឹងកំណើនប្រជាជនឥតឈប់ឈរ រាជធានីភ្នំពេញកំពុងជួបបញ្ហាប្រឈមនៃការកកស្ទះចរាចរណ៍ ដូច្នេះ គេមើលឃើញថា សេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះនឹងបានចូលរួមចំណែកមួយផ្នែក ក្នុងដំណោះស្រាយការកកស្ទះនិងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើឲ្យចំណេញពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ៕