សេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការបើកប្រទេសឡើងវិញនឹងជួយស្ដារកំណើនសេដ្ឋកិច្ចនៅឆ្នាំក្រោយកាន់តែប្រសើរ


អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញលើគ្រប់វិស័យ ប្រសិនបើគ្មានការផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រោយការប្រកាសបើកប្រទេសឡើងវិញនេះ។ ការសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ ក្រោយមើលឃើញពីភាពធូរស្បើយនៃចំនួនអ្នកឆ្លង និងអ្នកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជាមានកំណើនខ្ពស់។ ហើយការសម្រេចបើកប្រទេសឡើងវិញនេះ គឺដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដែលប្រមុខរាជរដ្ឋាភិបាល រំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន២,៦% នៅឆ្នាំ២០២១ នេះ។
ទិដ្ឋភាពអាគារវឌ្ឍនៈ និងសំណង់អាគារខ្ពស់ៗផ្សេងទៀតក្នុងរាជធានីភ្នំពេញ (រូបភាព៖ ស៊ិនហួរ)

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​ចាត់​ទុក​ការ​សម្រេច​បើក​ប្រទេស​ឡើង​វិញ​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​ជា​អ្វី​ដែល​វិស័យ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ រួម​ជាមួយ​វិស័យ​នានា​ទន្ទឹងរង់ចាំ​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា តាម​រយៈ​យន្តការ និង​វិធានការ​ដ៏​ច្បាស់លាស់​ក្នុង​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ វា​នឹង​ជួយ​ជំរុញ​ឲ្យ​វិស័យសេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ មាន​កំណើន​រីក​លូតលាស់​ឡើង​វិញ​នៅ​ពីរ​ខែ​ខាង​មុខ​នេះ​។

អ្នកជំនាញ​ចាស់វស្សា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​រូប​នេះ​ក៏​រំពឹង​ផង​ដែរ​ថា តាម​រយៈ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ វា​នឹង​ជួយ​ឲ្យ​ការ​ផ្តល់​ឥណទាន​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​មាន​កំណើន​ខ្ពស់​នៅ​ចុងឆ្នាំ​២០២១ នេះ បន្ទាប់​ពី​អាជីវកម្ម​មួយ​ចំនួន ដែល​បាន​បិទទ្វារ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​មក បាន​បើក​ប្រតិបត្តិការ​របស់​ខ្លួន​ឡើង​វិញ​។

មិន​ខុស​គ្នា​ពី​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី នោះ​ទេ លោក ផល វ៉ា​ន់​ឌី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​យល់​ឃើញ​ថា ការ​បើក​ប្រទេស​ឡើង​វិញ​លើ​គ្រប់​វិស័យ​នេះ វា​ជា​ច​លករ​មួយ​ដ៏​សំខាន​ក្នុង​ការ​ឈាន​ទៅ​ស្តារ​ស្ថានភាព​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​វិល​ទៅ​រក​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ លោក ជឿជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ចុងឆ្នាំ​២០២១ នឹង​មានដំណើរ​ការ និង​កំណើន​រីក​លូតលាស់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ ប្រសិនបើ​គ្មាន​ការ​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី​ណាមួយ​កើតឡើង ក្រោយ​ការ​បើក​ប្រទេស​ឡើង​វិញ​ទេ​នោះ​។ 

ថ្នាក់ដឹកនាំ​សមាគម​មីក្រូហិរញ្ញវត្ថុ​រូប​នេះ ប្តេជ្ញា​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​សមាជិក​ទាំងអស់ នឹង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​។ អ្នកជំនាញ​រូប​នេះ អះអាង​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​កម្ចី​ឥណទាន​ជូន​អតិថិជន​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​រួមចំណែក​ជួយ​ស្តារ​វិស័យ​នេះ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ក្នុង​អំឡុង និង​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។

គួរ​រំលឹក​ថា នា​ពិធី​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជូន​កុមារ​អាយុ​៦​ឆ្នាំ និង​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​៥​ឆ្នាំ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​បើក​ដំណើរ​សកម្មភាព​សង្គម និង​សេដ្ឋកិច្ច​លើ​គ្រប់​វិស័យ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ បន្ទាប់​ពី​មើលឃើញ​ពី​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មានការ​ថយ​ចុះ និង​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​មាន​កំណើន​ខ្ពស់​។ តាម​រយៈ​ការ​បើក​ប្រទេស​ឡើង​វិញ​នេះ សម្តេច​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​កំណើន​ក្នុង​រង្វង់​២,៦% នៅ​ឆ្នាំ​២០២១ ដែល​កំណើន​នេះ​រំពឹង​មានការ​ចូលរួម​ចំណែក​យ៉ាង​ធំ​ពី​វិស័យ​ទេសចរណ៍​ផ្ទៃក្នុង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​ព្យាករ​ចុង​ក្រោយ​របស់​ធនាគារពិភពលោក​បាន​បន្ទាប​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ ពី​៤% មក​នៅ​ត្រឹម​២,២%​ប៉ុណ្ណោះ ខណៈ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មក​នៅ ត្រឹម​១,៩% ប៉ុណ្ណោះ​នៅ​ឆ្នាំ​នេះ​៕ 

None



អត្ថបទបន្ទាប់


សៀមរាប នឹងវិលត្រឡប់ទៅរក «ភាពរស់រានមានជីវិត» ឡើងវិញជាមួយនឹង មហោស្រពសិល្បៈអន្តរជាតិអង្គរនៅខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ

ខេត្តសៀមរាបរំពឹងថានឹងវិលត្រលប់ទៅរក «ភាពរស់រានមានជីវិត» ឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ នេះ ជាមួយនឹងការរៀបចំមហោស្រពសិល្បៈអន្តរជាតិអង្គរ (Ang…

ក្រោយបើកប្រទេសឡើងវិញ តើកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍អាចជួបបញ្ហាខ្វះខាតធ្ងន់ធ្ងរដែរឬទេ?

អស់រយៈពេលជិត ២ឆ្នាំមកនេះ មានអាជីវកម្មទេសចរណ៍ជាច្រើន បានផ្អាកសកម្មភាពរបស់ខ្លួនបណ្ដោះអាសន្ន។ ប្រការនេះ បានធ្វើឲ្យអ្នកធ្វើការនៅក្នុងវិស័យនេះជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ