រ៉ឹម ភារី៖ ជំរាបសួរលោក ង៉ែត ជូ! ខ្ញុំចង់ឲ្យលោកជួយជម្រាបអ្នកអាន អំពីស្ថានភាពនៃការខ្ចីបុលរបស់ពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ន។
ង៉ែត ជូ៖ ការប្រើប្រាស់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ មានកំណើនខ្លាំងគួរឲ្យព្រួយបារម្ភ។ គិតត្រឹមត្រីមាសទី៤ ក្នុងឆ្នាំ២០១៧ពលរដ្ឋខ្មែរយ៉ាងតិច១លាន ៨សែនគ្រួសារ បានជាប់បំណុលមីក្រូហិរញ្ញវត្ថុ ដែលមានផលប័ត្រឥណនាសរុបជាង៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។
រ៉ឹម ភារី៖ តើពលរដ្ឋនៅពេលបច្ចុប្បន្ន ប្រើប្រាស់កម្ចីបានត្រឹមត្រូវដែរទេ? ហេតុអ្វី?
ការស្រាវជ្រាវពីរដាច់ដោយឡែកពីគ្នា បានបង្ហាញថា ពលរដ្ឋខ្មែរតិចតួចដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ។ តាមការស្រាវជ្រាវរបស់ស្ថាប័ន Standard&Poor របស់សហរដ្ឋ អាមេរិក បានបង្ហាញថា ពលរដ្ឋខ្មែរប្រមាណត្រឹម១៨ភាគរយប៉ុណ្ណោះដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ហើយនេះជាមូលហេតុនៃបំណុលវ័ណ្ដក។
យោងតាមរបាយការណ៍សិក្សាបំណុលវ័ណ្ដករបស់ស្ថាប័នវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ Blue Orchard, Incofin IM, Oikocredit នៅឆ្នាំ២០១៣ ចំនួនចន្លោះ៥១ភាគរយទៅ៥៦ភាគរយ នៃអតិថិជនដែលជាកូនបំណុល បានបញ្ជាក់ថា មានការលំបាកក្នុងការសង ត្រឡប់មកម្ចាស់បំណុលវិញ។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា អតិថិជន ២១ភាគរយ មានបំណុលច្រើនជាង១ស្ថាប័ន។ បើតាមរបាយការណ៍ខាងលើ ៦៦ភាគរយនៃអតិថិជន មិនបានខ្ចីប្រាក់យកទៅប្រកបរបរ ដើម្បីរកចំណូលនោះទេ ៣៩ភាគរយ ខ្ចីប្រាក់ដើម្បីចំណាយលើអាហារ និង២៧ភាគរយ ខ្ចីប្រាក់ដើម្បីចំណាយលើសុខភាព។
រ៉ឹម ភារី៖ តើការប្រើប្រាស់កម្ចីមិនបានត្រឹមត្រូវ ហុចផលអវិជ្ជមានយ៉ាងដូចម្តេចខ្លះ?
ង៉ែត ជូ៖ នេះជាសញ្ញាមិនល្អនោះទេ ពីព្រោះ វាមិនបានឆ្លុះបញ្ចាំពីបេសកកម្មស្នូលរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនោះទេ។ បេសកកម្មស្នូលរបស់មីក្រូហិរញ្ញវត្ថុ គឺលើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រ តាមរយៈការវិនិយោគលើមុខរបរនានា។
រ៉ឹម ភារី៖ តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ អ្នកពាក់ព័ន្ធ ត្រូវធ្វើដូចម្តេច ដើម្បីធ្វើឲ្យពលរដ្ឋចេះប្រើប្រាស់កម្ចីឲ្យបានត្រឹមត្រូវ និងមានភាពរីកចម្រើនទាំងអស់គ្នា?
ង៉ែត ជូ៖ កន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក៩៤ស្ថាប័ន បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយុទ្ធនាការអប់រំពលរដ្ឋ តាមរយៈកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុតាមវិទ្យុ និងបណ្ដុះបណ្ដាលគ្រូបង្គោលដល់បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ដែលជាសមាជិករបស់សមាគម។
យ៉ាងណាក៏ដោយ មានគ្រឹះស្ថានជាច្រើន មានបេសកកម្មសង្គមតែលើក្រដាសប៉ុណ្ណោះ។ គ្រឹះស្ថានក្នុងវិស័យនេះ គួរតែសហការគ្នាបែងចែកប្រាក់ចំណេញរបស់ខ្លួនត្រឹមតែ១ភាគរយប៉ុណ្ណោះ ដើម្បីសមាគមមានប្រាក់រាប់លានដុល្លារ សម្រាប់អនុវត្តន៍កម្មវិធីអប់រំហិរញ្ញវត្ថុ ឲ្យបានទូលំទូលាយ។
យោងតាមរបាយការណ៏របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញជាង២៥៧លានដុល្លាអាមេរិក។ ដូច្នេះ គ្រឹះស្ថានទាំងនោះ ភាគច្រើនមានម្ចាស់ភាគហ៊ុនបរទេស ហេតុអ្វីបានជាយើងមិនឆ្លាតបន្តិចដោយតម្រូវឲ្យគ្រឹះស្ថានទាំងនោះ បង់វិភាគទាន១ភាគេយនៃប្រាក់ចំណេញដែលទទួលបាន (ប្រហែល ២លានដុល្លាកន្លះ) សម្រាប់មូលនិធិគាំទ្រកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ? ១ភាគរយមិនច្រើននោះទេ។
បើមិនធ្វើដូច្នេះទេ ប្រាក់ចំណេញ នឹងត្រូវបានអ្នកវិនិយោគដែលភាគច្រើនជាជនបរទេសវេចចេញពីកម្ពុជា ដោយបន្សល់ទុកអ្នកបង់ការប្រាក់(អតិថិជន)នៅបន្តភាពអវិជ្ជមានក្នុងវិស័យហិរញ្ញវត្ថុដដែល៕