បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះ រោងចក្រនេះនឹងអាចធ្វើការវេចខ្ចប់នាំចេកចេញទៅកាន់ប្រទេសចិន ចំនួនផ្លែចេកស្រស់ឲ្យបានប្រមាណ ២,២ម៉ឺនតោន នៅដំណាច់ឆ្នាំ២០១៩នេះ។
លោកឧកញ៉ា ផែ ហុកឈួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង មេត បានឲ្យដឹងថា ក្រុមហ៊ុន Longmate Agriculture គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានសហការគ្នាជាមួយនឹងក្រុមហ៊ុនចិន ក្នុងការដាំដុះចេក នៅស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីចម្ការសរុបប្រមាណ ១.០០០ ហិកតា ជាមួយនឹងដើមទុនវិនិយោគចំនួន៣២ លានដុល្លារអាមេរិក។
បច្ចុប្បន្ន ក្រុមហ៊ុននេះ បានដាំដុះចេក បានប្រមាណជាង ៤០០ ហិកតា នឹងគ្រោងបន្ថែមការដាំដុះប្រមាណ ៣០០ ហិកតាទៀត នៅឆ្នាំក្រោយ។
តាមការបញ្ជាក់ ពី លោក ឧកញ៉ា ផែ ហុកឈួន លោករំពឹងថា នឹងនាំចេញផ្លែកចេកស្រស់ឲ្យបានប្រមាណ ២,២ ម៉ឺនតោន នៅដំណាច់ឆ្នាំ២០១៩នេះ និង៣,៣ ម៉ឺនតោន នៅឆ្នាំ២០២០ ខាងមុខ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការដាំដុះចេកនៅកម្ពុជា គឺមានតាំងពីមុនមានទីផ្សារនាំចេញទៅចិននេះទៅទៀត ខណៈដែលកន្លងមកផលិតផលចេកកម្ពុជា គឺត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ដែលមានចំនួនប្រមាណ ៣៧.៧០០ តោន នៅឆ្នាំ២០១៨។
រដ្ឋមន្ត្រី ក្រសួងកសិកម្ម បានលើកឡើងទៀតថា ក្រុមហ៊ុន Longmate Agriculture នេះ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ទាំង៥ ដែល បានដាំដុះ វេចខ្ចប់ នាំចេញចេកអំបូងលឿងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ដែលការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ដំណើរការបានយ៉ាងល្អលើសគេ។
ឯកឧត្តម បញ្ជាក់ថា តាមការចុះទស្សនកិច្ចនៅប្រទេសផ្សេងៗ ពិសេស គឺប្រទេសចិន ដែលមានការដាំដុះ និងវេចខ្ចប់ចេកនេះ ឃើញថា ក្រុមហ៊ុន Longmate Agriculture គឺធ្វើបានល្អជាងបណ្ដាប្រទេសផ្សេងៗទៅទៀត។
តាមរយៈសមត្ថភាពរបស់ក្រុមហ៊ុននាំចេញចេកទាំងនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរំពឹងថា កម្ពុជានឹងអាចនាំចេញចេកទៅកាន់ទីផ្សារប្រទេសចិនមិនតិចជាង ១២ ម៉ឺនតោនទេក្នុងមួយឆ្នាំ ខណៈដែលរហូតដល់ឆ្នាំ២០៣០ រំពឹងថាការនាំចេញចេកទៅចិន នឹងកើនឡើងដល់១ លានតោន។
រហូតមកទល់ពេលនេះ ក្រុមហ៊ុនចិនមិនទាន់មានកំណត់កូតាក្នុងការនាចូលចេកពីកម្ពុជានៅឡើយទេ ខណៈដែលទំហំនៃការផលិតចេកនាំចូលទៅកាន់ប្រទេសចិន គឺនៅមានកម្រិតតិចនៅឡើយ។ ជាក់ស្ដែង ប្រទេសចិន មានតម្រូវការចេកក្នុងមួយឆ្នាំៗ ប្រមាណ ៤លានតោនឯណោះ។
ក្រៅពីការនាំចេញផលិតផលកសិកម្មដូចជា ចេក និងអង្ករ ទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងកសិកម្ម ក៏បានបញ្ជាក់ថា ក៏មានគម្រោងនឹងលើកជាកញ្ចប់នូវផលិតផលកសិកម្មផ្សេងទៀត ដូចជា ផ្លែស្វាយ តាង៉ែន គ្រាប់ស្វាយចន្ទី និងទឹកមាត់ត្រចៀកកាំ ដើម្បី ពិភាក្សាជាមួយភាគីចិន ដើម្បីស្វែងរកលទ្ធភាពឈានទៅរកចុះកិច្ចព្រមព្រៀងនាំចេញក្នុងពេលខាងមុខផងដែរ។
ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ដែរថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា កាលពីឆ្នាំ ២០១៨ សម្រេចបាន ក្នុងចំនួន ៤,២លានតោន ខណៈដែលសមត្ថភាពផលិតកសិកម្មរបស់កម្ពុជាមានរហូតដល់ ៣០ លានតោនក្នុងមួយឆ្នាំៗ។ ក្នុងនោះ ការនាំចេញ ផលិតផលកសិកម្មទៅកាន់ប្រទេសចិនមានប្រមាណជាង ៤៥ ម៉ឺនតោន នៅឆ្នាំឆ្នាំ២០១៨៕