វិបត្តិកូវីដ១៩ នៅតែបន្តអូសបន្លាយនៅកម្ពុជា ដែលប្រមុខរាជរដ្ឋាភិបាល សម្រេចផ្អាកកម្មវិធីបុណ្យទាន មង្គលការ និងការជួបជុំ ជាដើម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ ការណ៍នេះ បានធ្វើឱ្យក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុក បានជួបបញ្ហាទីផ្សារ ដែលធ្វើឱ្យអ្នកចិញ្ចឹមត្រីមួយចំនួន សម្រេចផ្អាកសកម្មភាពរបស់ខ្លួន ងាកទៅប្រកបរបរផ្សេងវិញ។ លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផ្នែកវារីវប្បកម្មនៃរដ្ឋបាលជលផល របស់ក្រសួងកសិកម្ម បានអះអាងថា ការផ្ទុះនូវវិបត្តិកូវីដ១៩ ជាបញ្ហាចម្បង ដែលធ្វើឱ្យផ្នែកវារីវប្បកម្ម ក្នុងឆ្នាំនេះមានការធ្លាក់ចុះ។
ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ទៀតថា ការផ្អាកនូវសកម្មភាពជួបជុំ និងអាជីវកម្ម កម្សាន្ត មួយចំនួន ពិតជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកវារីវប្បកម្ម ហើយរហូតមកដល់ពេលនេះ វិស័យនេះ ហាក់មិនទាន់មានការងើបឡើងវិញនៅឡើយ។ យ៉ាងណាក៏ដោយ លោក ថាយ សុមុនី ក៏បានបង្ហាញនូវក្ដីរំពឹងដែរថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យមានការជួបជុំនោះ ផ្នែកវារីវប្បកម្មនឹងប្រសើរ ព្រោះតែមានតម្រូវការឡើងវិញ។
របាយការណ៍របស់ក្រសួងកសិកម្ម ក៏បានបង្ហាញដែរថា នៅរយៈពេល ៩ខែ ឆ្នាំ២០២១ ការកែច្នៃផលនេសាទទឹកសាប ក៏មានការថយចុះដែរ ដែលមានត្រឹម ៤ម៉ឺនតោន ប៉ុណ្ណោះ ដែលប្រៀបនឹងរយៈពេលដូចគ្នា បានថយចុះ ប្រមាណ ២ពាន់តោន។ ដោយឡែក ការនាំចេញផលនេសាទស្រស់វិញ មានចំនួនជាង ២ពាន់៦រយតោន ដែលមានការកើនឡើងជាង១ពាន់តោន៕