ទោះយ៉ាងណា ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា កម្ពុជាមិនមានការខ្វះខាតបន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគ នោះទេនៅដំណាក់កាលនេះ គ្រាន់តែពិបាកក្នុងការដឹកជញ្ជូនបន្តិច ព្រោះមានបញ្ហាខ្លះក្នុងការដឹកជញ្ជូន ប៉ុន្ដែ ខាងរដ្ឋបាលរាជធានីវិញបានអះអាងថា មិនមានការរឹតបន្តឹងចំពោះដឹកជញ្ជូនបន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគនោះទេ។
ឯកឧត្តម វេង សាខុន
រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
បានប្រាប់ក្រុមការងារខេមបូណូមីសថា
កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតស្បៀងអាហារដើម្បីផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាល់បិទខ្ទប់រាជធានីភ្នំពេញ
និងក្រុងតាខ្មៅនេះ ប៉ុន្តែអ្វីដែលជាបញ្ហា
គឺការដឹកជញ្ជូនចេញ-ចូលរាជធានី ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្មបន្ថែមថា ក្រសួងកសិកម្មបាននឹងកំពុងពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងអភិបាលរាជធានីចំពោះបញ្ហានេះ ដោយបានលើកឡើងនូវជម្រើស២ សំខាន់ៗដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ។ ទី១ អាចបង្កើតជាស្ដង់ថ្មីសម្រាប់លក់បន្លែត្រីសាច់ នៅទីតាំងណាដែលពលរដ្ឋមានតម្រូវការជាក់ស្ដែង និងទី២ គឺផ្ដល់ការផ្គត់ផ្គង់ទៅតាមកិច្ចសន្យាទៅកាន់ហាងលក់បន្លែត្រីសាច់ ក៏ដូចជាផ្សារទំនើបដែលនៅបើកដំណើរ ប៉ុន្ដែការដឹកចេញចូលទៅកាន់ហាងទាំងនោះ កំពុងប្រឈមនឹងបញ្ហា ពាក់ព័ន្ធនឹងវិធានការបិទខ្ទប់នេះ ដូច្នេះ វាទាមទារឲ្យមានលិខិតបញ្ជាក់សម្រាប់ការដឹកជញ្ជូន ដែលបច្ចុប្បន្នខាងក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មកំពុងរួមគ្នាធ្វើការងារនេះហើយ។
ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ាង ថៃ អ្នកនាំក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ដែរថា ស្បៀងអាហារ ក៏ដូចជាគ្រឿងឧបភោគបរិភោគ បាននៅក្នុងស្តុកគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ តែនៅមានបញ្ហាការដឹកជញ្ជូនខ្លះជាពិសេសនៅតំបន់ក្រហម ដែលទាមទារការសហការពីអាជ្ញាធរ ក្នុងការជួយសម្រួលការងារនេះ ដើម្បីឲ្យស្បៀងទាំងនោះបានដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ជុំវិញការលើកឡើងពីបញ្ហានៃការដឹកជញ្ជូនបន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគ ចេញចូលរាជធានីភ្នំពេញនេះ ត្រូវបានអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េតមាស ភក្តីអះអាងយ៉ាងខ្លីថា អាជ្ញាធរមិនបានរារាំង ឫហាមឃាត់ ឬបង្កការលំបាកនោះទេ ព្រោះទាំងនេះ សុទ្ធតែជាទំនិញចាំបាច់ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ ។
លោកអះអាងថា បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគ អាចមានបញ្ហាក្នុងការចែកចាយបន្តខ្លះ ដោយសារតែការបិទផ្សារធំៗ ជាពិសេសផ្សារបោះដុំបន្លែដូចជា ផ្សារដើមគរ និងផ្សារនាគមាសជាដើម ព្រោះថា អាជីវករផ្សារទាំងនេះ ត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ ដូចនេះត្រូវបិទ ដើម្បីទប់ស្កាត់ការរីករាលដាល ប៉ុន្តែផ្សារផ្សេងទៀត ដែលមិនបានបិទ នៅតែបន្តលក់ជាធម្មតាដដែល។
ចំពោះការផ្គត់ផ្គង់បន្លែក្នុងស្រុក ដែលកំពុងប្រឈមនឹងការដឹកជញ្ជូន ដោយសារវិធានការបិទខ្ទប់នេះដែរ នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូប លោក ច័ន្ទ សុផល បានឲ្យដឹងថា តម្រូវការបន្លែស្រស់ នឹងកើនឡើងក្រោយពេល ប្រជាពលរដ្ឋបានបរិភោគមីកញ្ចប់ ត្រីខកំប៉ុង ឬ អាហារក្រៀម អស់មួយ ឬ ពីរសប្តាហ៍នេះ។ លោកបានបន្ថែមថា អាជ្ញាធរគួរតែមាន ការជំរុញឱ្យមានការលក់ បន្លែ ត្រីសាច់ តាមរ៉ឺម៉កចល័ត តាមភូមិនៅក្នុងរាជធានីភ្នំពេញ និង ទីក្រុង ដែលត្រូវបានបិទខ្ទប់ នឹងជួយដោះស្រាយបញ្ហានេះ បានមួយផ្នែកដែរ។
ទាក់ទិននឹងការដឹកជញ្ជូនបន្លែ ត្រីសាច់នេះដែរ ថ្មីៗនេះ ច្រកព្រំដែនកម្ពុជា និងវៀតណាម ក៏បានផ្អាកបណ្ដោះរយៈពេលខ្លីដែរ តែឥឡូវនេះបានចាប់ផ្តើមដំណើរការឲ្យនាំចេញ-ចូលបន្លែឡើងវិញហើយ។ លោក សែ ឈុនទ្រី ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ នៅខេត្តកណ្តាល បានឲ្យដឹងថា ការដឹកជញ្ជូនទំនិញជាពិសេសបន្លែ មានការធ្លាក់ចុះ៥០% ដោយលោកបានបញ្ជាក់ថា មានអាជីវករភាគច្រើនលើកឡើងពីបញ្ហានៃការដឹកជញ្ជូនទៅកាន់រាជធានី ដូច្នេះហើយ ទើមានការកាត់បន្ថយការនាំចូល និងខ្លះទៀតថា គ្មានអ្នកម្ម៉ង់ទិញ ព្រោះផ្សារជាច្រើននៅរាជធានីភ្នំពេញត្រូវបិទ។
បើតាមអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ
លោក ម៉េតមាស ភក្តី បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១
មានផ្សារចំនួន ១៥ហើយ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ដែលបានបិទបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩
ដោយមិនទាន់ដឹងច្បាស់ថា នឹងបើកដំណើរការវិញនៅពេលណានោះទេ៕