លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA បានប្រាប់សារព័ត៌មានខេមបូណូមីស ថា គម្រោងវិនិយោគនេះ បានបញ្ចប់ការសិក្សារួចស្រេចហើយ និងកំពុងរង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមថា គម្រោងនេះមានទំហំវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដែលគ្រោងនឹងសាងសង់ នៅក្នុងខេត្តពោធិ៍សាត់។
បើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកញ្ញា នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា(CDC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ សាងសង់រោងចក្រផ្គុំ និងតម្លើងរោងចក្រ Ford ដែលមានទីតាំងស្ថិតនៅស្រុក ក្រគរ ខេត្តពោធិ៍សាត់ ដែលធ្វើឱ្យខេត្តពោធិ៍សាត់បង្កើនគម្រោងវិនិយោគ និងបង្កើនឱកាសការងារបន្ថែម ដល់ពលរដ្ឋរបស់ខ្លួន៕