ប៉ុន្តែបើតាមមន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោន ដែលបានថ្លែងប្រាប់អ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ចមកកម្ពុជាកាលពីថ្ងៃទី១៣កក្កដាថា សហរដ្ឋអាមេរិកមានមោទនភាពលើសមាជិកទាំងអស់ បូករួមទាំង៧ប្រទេសមកពីអាស៊ាន ហើយរីករាយនឹងធ្វើការរួមគ្នាដើម្បីអនុវត្តក្របខណ្ឌមួយនេះ។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា អះអាងថា កម្ពុជាបានចូលជាសមាជិក ឬអត់ មិនមែនជាបញ្ហារបស់កម្ពុជានោះទេ ព្រោះកម្ពុជាមិនត្រូវបានអញ្ជើញឱ្យចូលរួមឡើយនៅពេលក្របខណ្ឌនេះ ត្រូវបានបង្កើតឡើងដំបូង។
ឆ្លើយតបនឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៣កក្កដា ដែលបានចោទសួរថា បច្ចុប្បន្នប្រទេសអាស៊ានតែ៧ប៉ុណ្ណោះក្នុងចំណោម១០ ដែលជាសមាជិករបស់ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) តើអាមេរិកនឹងបញ្ចូលសមាជិកបន្ថែមពីលើសមាជិកបច្ចុប្បន្នដែរឬទេ?
លោក Daniel Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបានអះអាងថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ជាក្របខណ្ឌមួយដ៏ល្អ ហើយអាមេរិកមានមោទនភាព នឹងសមាជិកទាំងអស់ រួមទាំងសមាជិក៧ប្រទេសមកពីតំបន់អាស៊ាន។ មន្ត្រីជាន់ខ្ពស់ក្រុងវ៉ាស៊ីនតោនរូបនេះបន្តថា អ្វីដែលគេត្រូវធ្វើនៅពេលនេះ គឺត្រូវធ្វើការងារនេះរួមគ្នា ដើម្បីអនុវត្តក្របខណ្ឌសេដ្ឋកិច្ចមួយនេះ សម្រាប់ជាប្រយោជន៍នៃប្រជាជនយើងទាំងអស់។
ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តមជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ខេមបូណូមីសថា៖ នៅពេលដែលក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) ត្រូវបានប្រកាសបង្កើតឡើងកម្ពុជាពុំទទួលបានការអញ្ជើញ ឫទំនាក់ទំនងណាមួយសំរាប់ការចូលរួមនោះទេ ហើយកម្ពុជាត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌនេះ ឬក៏អត់ មិនមែនជាបញ្ហាសំរាប់កម្ពុជាឡើយ។
ឯកឧត្តមជុំ សន្ទរី សង្កត់ធ្ងន់ថា៖ ពេលនេះកម្ពុជាកំពុងយកចិត្តទុកដាក់ និងទទួលបានផលចំណេញពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ RCEP សំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ដោយឡែកសំរាប់ការចូលរួមជាមួយក្របខណ្ឌ IPEF ក្នុងថ្ងៃអនាគតឬអត់ គួរត្រូវបានលើកឡើងសំរាប់ការពិនិត្យពិចារណា បន្ទាប់ពីមានការអញ្ជើញ ឬទំនាក់ទំនងណាមួយឲ្យកម្ពុជាចូលរួម។
សូមជម្រាបថា រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០២២ បានប្រកាសជាផ្លូវការ នូវការបង្កើតផែនការសេដ្ឋកិច្ចថ្មីរបស់ខ្លួនសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយដែលត្រូវបានគេស្គាល់ឈ្មោះថា Indo-Pacific Economic Framework - IPEF ឬមានន័យជាខេមរភាសាថា ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។
IPEF មានសមាជិកសរុប១៣ប្រទេស ក្នុងនោះមានប្រទេសនៅក្នុងតំបន់អាស៊ានចំនួន៧ ដូចជា ថៃ វៀតណាម សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងប្រុយនេ ខណៈសមាជិក៦ប្រទេសទៀតរួមមាន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូ ង ឥណ្ឌា អូស្ត្រាលី និងញូហ្សេលែន។ បើគេបូកបញ្ចូលគ្នាទៅ សមាជិករបស់ IPEF ទាំងអស់មាន GDP សរុបស្មើនឹងប្រហែល ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូល៕