បើតាមលោក អាបេ គឺលោកចង់ឲ្យភាគីទាំង៣ ចែករំលែកបច្ចេកវិទ្យាថ្មីៗ លើវិស័យយោធា និងការពារជាតិ ជាមួយគ្នាទៅវិញទៅមក នៅចំពោះមុខនៃការ រះត្រដែតឡើងយ៉ាងខ្លាំង នៃសមត្ថភាពយោធារបស់ប្រទេសចិនពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
«ភាគីទាំងបី គឺជប៉ុន អាមេរិក និងកោះតៃវ៉ាន់ត្រូវចាំបាច់ខំប្រឹងបង្កើនសមត្ថភាពយោធា និងការពារជាតិលើគ្រប់ផ្នែកទាំងអស់ រួមទាំងដែនគោក ដែនសមុទ្រ ដែនអាកាស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងទាំងវិស័យអាវកាស»។ នេះជាអ្វីដែលលោក ស៊ីនហ្សូអាបេ បានលើកឡើងក្នុងខ្សែវីដេអូដែលបានថតទុករួចជាស្រេចមួយ ហើយត្រូវបានចាក់បញ្ចាំងអំឡុងកិច្ចសន្ទនាស្តីពីសន្តិសុខត្រីភាគីរវាងកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
លោកបន្ថែមថា ដើម្បីអាចបង្កើនសមត្ថភាពយោធា និងការពារជាតិបាន លុះត្រាតែភាគីទាំងបី ព្រមពិចារណាលើយុទ្ធសាស្ត្រថ្មីមួយ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានផ្នែកបច្ចេកវិទ្យាដែលខ្លួនមាន ឲ្យមានប្រសិទ្ធភាព។
ដែលគួរឲ្យកត់សម្គាល់នោះ គឺនៅត្រង់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលធ្លាប់កាន់ដំណែងអស់ពេលយ៉ាងយូរ ជាមួយនឹងបទពិសោធន៍ក្រាស់ក្រែលរូបនេះ បានអំពាវនាវឲ្យភាគីទាំងបី ធ្វើការជាមួយគ្នា ដើម្បីបញ្ចុះបញ្ចូលរដ្ឋអំណាចក្រុងប៉េកាំង ឱ្យដើរលើផ្លូវសន្តិភាពមួយ ជៀសវាងការប្រឈមមុខដាក់គ្នា និងជម្លោះ។
គួរជម្រាបថា នៅមួយរយៈចុងក្រោយនេះ លោកស៊ីន ហ្សូអាបេ ត្រូវបានគេសង្កេតឃើញ បានចេញមកថ្លែងសារជាញឹកញាប់ ដោយសម្តែងការគាំទ្រលើកោះតៃវ៉ាន់ និងថ្លែងទាក់ទិនរឿងពាក់ព័ន្ធផ្សេងៗទៀត រវាងដែនកោះមួយនេះ ជាមួយចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។
ជាក់ស្តែង លោក អាបេ ក៏បានចូលរួមក្នុងកិច្ចប្រជុំដើម្បីប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន ដែលរៀបចំដោយអាមេរិកដែរ ហើយថែមទាំងបានជំរុញឲ្យកោះតៃវ៉ាន់ក្រោកឈរឡើង ដើម្បីផ្សព្វផ្សាយជំនឿចិត្តលើលទ្ធិប្រជាធិបតេយ្យទៅកាន់ពិភពលោក។
សូមរំឭកថា កាលពីដើមខែធ្នូនេះ អតីតនាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ បានថ្លែងចំចំណុចរសើប ដែលធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បារម្តងរួចមកហើយ។ ពោលគឺលោកបានបង្ហាញជំនឿចិត្តថា ជប៉ុន និងសហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើលកោះតៃវ៉ាន់ ត្រូវចិនវាយដណ្តើមយកនោះទេ ហើយលោកបន្តថា នេះជាអ្វីដែលក្រុងប៉េកាំងត្រូវតែយល់ឲ្យបានច្បាស់។
ភ្លាមៗក្រុងប៉េកាំងបានចេញមកសម្តែងការមិនពេញចិត្តនោះឡើយ ដោយបានហៅការលើកឡើងនេះ ថាជាការជំទាស់ដោយបើកចំហ ចំពោះអធិបតេយ្យភាពរបស់ចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងដែលចង់បានឯករាជ្យភាពរបស់កោះតៃវ៉ាន់៕