តួយ៉ាង គិតមកទល់ពេលនេះ ក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាមានចំនួន១៣ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅមានចំនួន៧ក្រុមហ៊ុន និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមានចំនួន៦ក្រុមហ៊ុន។ ក្នុងនោះដែរ ក៏មានវត្តមានរបស់ក្រុមហ៊ុនធានារ៉ាប់រងលំដាប់អន្តរជាតិធំៗមួយចំនួន ក៏បានឈានជើងចូលមកក្នុងទីផ្សារកម្ពុជាផងដែរ ដែលវាបានបង្ហាញកាន់តែច្បាស់ពីស្ថិរភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគល្អនៅកម្ពុជា។
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានលើកឡើងថា នៅឆ្នាំ២០១៧នេះ វិស័យធានារ៉ាប់រងនៅកម្ពុជាបានវិវឌ្ឍខ្លួនកាន់តែប្រសើរឡើង ដោយក្នុងនោះ តម្រូវការនៃសេវាធានារ៉ាប់រងសម្រាប់អតិថិជន ជាប្រជាជនទូទៅ ឬហៅថា សេវាធានារ៉ាប់រងអាយុជីវិត ហាក់មានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ បើធៀបនឹងសេវាធានារ៉ាប់រងសម្រាប់អាជីវកម្ម ក្រុមហ៊ុន អង្គការ និងសហគ្រាស។
ការកើនឡើងនៃអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុជីវិតនេះ គឺបានសបញ្ជាក់ឲ្យឃើញពីកំណើននៃប្រជាជនដែលមានចំណូលមធ្យមមានការកើនឡើង គួបផ្សំនឹងការយល់ដឹងពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងសម្រាប់អនាគត។
លើសពីនេះ កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានអំពាវនាវឲ្យម្ចាស់យានយន្ដទាំងអស់ត្រូវមានទិញសេវាធានារ៉ាប់រង ដើម្បីសម្រួលដល់ពេលមានបញ្ហាគ្រោះថ្នាក់ ដែលអាចកើតមានជាយថាហេតុផងដែរ។
លោក យក់ ចំរើនឫទ្ធិ បានមានប្រសាសន៍ថា វាជារឿងល្អមួយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់ចំណុចនេះ ព្រោះនៅបណ្ដាប្រទេសជាច្រើនប្រមាណ ៩៥%ហើយ ដែលបានប្រើប្រាស់សេវាធានារ៉ាប់រងយានយន្ដ។ យ៉ាងណាក៏ដោយ លោកថា សេវាធានារ៉ាប់រងលើយានយន្ដនេះ ក្រុមហ៊ុនធានារ៉ាប់រងភាគច្រើន មិនសូវជាចង់ផ្ដល់សេវាកម្មនោះឡើយ ព្រោះវាជាប្រភេទសេវាកម្មមួយដែលមានហានិភ័យខ្ពស់ បើធៀបនឹងសេវាធានារ៉ាប់រងផ្សេងទៀត។ ប៉ុន្ដែយ៉ាងណា វាក៏ជាផ្នែកមួយជួយសម្រួលដល់អ្នកប្រើប្រាស់យានយន្ដ និងអាចបង្កើនទំហំទឹកប្រាក់ក្នុងវិស័យធានារ៉ាប់រងកាន់តែច្រើនដែរ។
ក្រោយពីត្រូវបាន ខេមបូណូមីស សាកសួរថា តើអ្វីជាជំហានរបស់ក្រុមហ៊ុន Forte ក្នុងការប្រកួតប្រជែងទីផ្សារ ក្នុងវិស័យធានារ៉ាប់រងនេះ ខណៈដែលវិស័យនេះកំពុងមានការរីកលូតលាស់ខ្លាំង?
លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំមួយនៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនលោកបានត្រៀមនូវ២ជំហានរួចជាស្រេចសម្រាប់ការប្រកួតប្រជែងទីផ្សារនាពេលអនាគតក្នុងវិស័យធានារ៉ាប់រង។ ក្នុងនោះ ជំហានទីមួយ គឺលោកត្រៀមសម្រាប់ប្រតិបត្តិការសម្រាប់រយៈពេល ៥ឆ្នាំបន្ទាប់ទៀត ដោយក្រុមហ៊ុនលោកបានត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាអ្វីដែលអតិថិជនត្រូវការ ស្របទៅតាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលបានផ្ដល់ជូនប្រជាជនទូទៅ។
ជាមួយគ្នានេះ ក្រុមហ៊ុន Forte ក៏បានត្រៀមខ្លួនបាន៩០%ហើយ សម្រាប់ការពង្រីកខ្លួននៅក្នុងតំបន់ឥណ្ឌូចិន ដោយក្នុងនោះ លោក ចំរើនឫទ្ធិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនលោកកំពុងសម្លឹងមើលក្នុងទីផ្សារប្រទេសជិតខាងចំនួន៤ គឺប្រទេសវៀតណាម ឡាវ ភូមា និងថៃ។
ដោយឡែក សម្រាប់ជំហានទី២ គឺក្រុមហ៊ុន Forte បាននិងកំពុងត្រៀមខ្លួនសម្រាប់រយៈពេល១០ឆ្នាំទៅមុខទៀត ឬនៅឆ្នាំ២០៣០ ដោយលោក ចំរើនឫទ្ធិ បានអះអាងថា លោកបាននិងកំពុងគិតអំពីបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ ឬហៅថា Digitization ដែលពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់ខ្លាំង ហើយក្នុងនោះ កម្ពុជាយើងក៏កំពុងស្ថិតនៅក្នុងដំណាក់កាលបដិវត្តន៍នេះដែរ។ ក្នុងនោះ គឺផ្ដោតលើការវិនិយោគលើប្រព័ន្ធព័ត៌មានវិទ្យា ដែលជាដំណោះស្រាយដ៏សំខាន់សម្រាប់អាជីវកម្មនៅពេលអនាគត។ ដូច្នេះ ក្នុងនាមក្រុមហ៊ុនលោក ជាក្រុមហ៊ុនផ្ដល់សេវាកម្មធានារ៉ាប់រង ក៏ត្រូវគិតគូរពីការវិវឌ្ឍខ្លួនឲ្យស្របទៅតាមនិន្នាការសេដ្ឋកិច្ចសកលផងដែរ។
គួររំលេចដែរថា បើតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ បុព្វលាភធានារ៉ាប់រងអាយុជីវិត និងបុព្វលាភធានារ៉ាប់រងទូទៅមានការកើនឡើងចំនួន៦៨លានដុល្លារ ពោលគឺមានកំណើន២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ ធា្លប់បានគូសបញ្ជាក់ថា ការរីកចម្រើននៃវិស័យនេះ បានបញ្ជាក់ឲ្យឃើញពីការយល់ដឹងកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ និងស្ថាប័នធុរកិច្ច អំពីសារសំខាន់នៃការធានារ៉ាប់រង ខណៈដែលចំណូលរបស់ប្រជាជនក៏មានកំណើនកាន់តែខ្ពស់ជាងមុនផងដែរ តួយ៉ាងនៅឆ្នាំ២០១៦ ផលិតផលក្នុងស្រុកសរុបសម្រាប់ប្រជាជនម្នាក់ៗ បានកើនដល់១៣០២ដុល្លារអាមេរិក៕