តើកាដូធំៗ ទាំង៤ នោះ មានអ្វីខ្លះ? តើវាមានសារៈសំខាន់អ្វីខ្លះដល់ប្រជាជនវៀតណាម?
កាដូទី១ គឺអាមេរិកនឹងផ្ដល់ជំនួយវ៉ាក់សាំង១លានដូសបន្ថែមទៀតឲ្យវៀតណាម
នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ច៣ថ្ងៃ លោកស្រី កាម៉ាឡា ហារីស បានជួបប្រជុំកំពូលទ្វេភាគីជាមួយលោក ផាម មិញជីង នាយករដ្ឋមន្ត្រីវៀតណាម។ ក្នុងនោះ អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងកូវីដ១៩ចំនួន ១ លានបន្ថែមទៀតដល់ប្រទេសវៀតណាម ដែលធ្វើឲ្យការបរិច្ចាគវ៉ាក់សាំងរបស់សហរដ្ឋអាមេរិកសរុបដល់ប្រទេសវៀតណាមកើនដល់ ៦លានដូសហើយ ខណៈដែលអត្រាអ្នកទទួលបានការចាក់វ៉ាក់សាំងគ្រប់២ដូសក្នុងប្រទេសនេះមានត្រឹមតែ ២% នៃ ប្រជាជន ៩៨ លាននាក់ប៉ុណ្ណោះ។ អ្វីដែលចាប់អារម្មណ៍នោះ គឺវ៉ាក់សាំង១លានដូសបន្ថែមនេះ បានចាប់ផ្តើមដឹកមកដល់ប្រទេសវៀតណាមនៅក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងភ្លាមៗតែម្ដង។
កាដូទី២ អាមេរិកផ្ដល់ថវិកា ២៣លានដុល្លារសម្រាប់វៀតណាមប្រយុទ្ធទប់ទល់កូវីដ-១៩
បន្ថែមពីលើវ៉ាក់សាំង ១លានដូស សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ថវិកាចំនួន ២៣ លានដុល្លារទៅក្នុងគម្រោងជួយសង្គ្រោះ និងការផ្តល់មូលនិធិសង្គ្រោះបន្ទាន់សហរដ្ឋអាមេរិក តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង និង ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក ដើម្បីជួយវៀតណាមពង្រីកការចែកចាយ និង លទ្ធភាពទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ និង ត្រៀមខ្លួនសម្រាប់ការគំរាមកំហែងនៃជំងឺរាតត្បាតនាពេលខាងមុខទៀត។
កាដូទី៣ អាមេរិកជ្រើសយកវៀតណាមសម្រាប់បង្កើតការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់អាមេរិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍
នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ម៉ាកាឡា ហារីស ក៏បានប្រកាសផងដែរអំពីការបើកដំណើរការការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលបានសាងសង់ឡើងនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាម។ អនុប្រធានាធិបតីអាមេរិក បានចូលរួមសម្ពោធការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិកផងដែរ។ ការសម្ពោធការិយាល័យនេះ គឺធ្វើឡើងនៅថ្ងៃទី ២៥ សីហានេះ ដែលមានការចូលរួមផងដែរ ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ប្រធាន CDC របស់សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រីសុខាភិបាលមកពីប្រទេសមួយចំនួនផងដែរ។
សូមជម្រាបថា ការិយាល័យនៃមជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នឹងក្លាយជាការិយាល័យមួយក្នុងចំណោមការិយាល័យប្រចាំតំបន់ទាំង ៤ នៅទូទាំងពិភពលោក ហើយវាផ្តោតលើការសហការជាមួយរដ្ឋាភិបាលតំបន់ក្នុងការស្រាវជ្រាវ និងបណ្តុះបណ្តាល ដើម្បីដោះស្រាយ និងការពារវិបត្តិសុខភាពពិភពលោក។
កាដូទី៤ អាមេរិកប្រកាសពីការវិនិយោគថ្មីៗនៅវៀតណាមបន្ថែមទៀត
នៅក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិក ក៏បានប្រកាសឡើងផងដែរ អំពីការវិនិយោគថ្មីៗបន្ថែម ដើម្បីជួយប្រទេសវៀតណាមផ្លាស់ប្ដូរទៅរកប្រព័ន្ធថាមពលស្អាត និងពង្រីកការប្រើប្រាស់រថយន្ដអគ្គិសនី, កាត់បន្ថយពន្ធនាំចូលលើមុខទំនិញកសិកម្មនាំចេញពីវៀតណាមទៅអាមេរិក និងការផ្ដល់ជំនួយរាប់លានដុល្លារទៀត ដើម្បីបោសសម្អាតអាវុធមិនទាន់ផ្ទុះដែលសល់ពីសង្គ្រាមវៀតណាម។
ក្រៅពីកាដូទាំង៤នេះហើយ តើអាមេរិកនិយាយរឿងសំខាន់អ្វីទៀតជាមួយវៀតណាម
ក្រៅតែពីការផ្ដល់កាដូធំៗ ទាំង៤នេះហើយ អាមេរិកក៏មិនភ្លេចនោះទេ ក្នុងការនិយាយពីរឿងបញ្ហាចាក់ស្រេះទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង។ នៅក្នុងជំនួបជាមួយនឹងប្រធានាធិបតីវៀតណាម លោក ង្វៀន សៀនហ្វុក លោកស្រី ហារីស អនុប្រធានាធិបតីអាមេរិក បានបញ្ជាក់ពីការគាំទ្រក្នុងការបញ្ជូនកងឆ្មាំសមុទ្ររបស់អាមេរិកបន្ថែមទៀតមកកាន់ប្រទេសវៀតណាម ដើម្បីជួយការពារផលប្រយោជន៍សន្ដិសុខ នៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកក៏បានរិះគន់ខ្លាំងៗ ទៅលើការលុកលុយរបស់ទីក្រុងប៉េកាំងចំពោះជម្លោះដែនទឹកនេះផងដែរ។
គេនៅចាំថា កាលពីអំឡុងពេលធ្វើដំណើរទស្សនកិច្ចនៅសិង្ហបុរីកាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោកស្រី ហារីស បានធ្វើអត្ថាធិប្បាយជាមួយពាក្យសម្ដីដ៏មុតស្រួច ចាក់សម្ដៅចំៗទៅលើក្រុងប៉េកាំង ដោយបានលើកឡើងថា សកម្មភាពរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង គឺជាសកម្មភាព «បង្ខិតបង្ខំ» និង «បំភិតបំភ័យ»។
អនុប្រធានាធិបតីអាមេរិក បានប្រាប់ទៅកាន់ប្រធានាធិបតីវៀតណាមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ អាមេរិក និងវៀតណាមគឺបានធ្វើដំណើរមកឆ្ងាយហើយ ដែលមានរយៈពេលប្រហែល២៥ឆ្នាំហើយ។
លោកស្រី ហារីស បានថ្លែងលើកកម្ពស់ទំនាក់ទំនងជាមួយវៀតណាមពីភាពជាដៃគូគ្រប់ជ្រុងជ្រោយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាបង្កើតឡើងនូវការទូត ដែលនឹងឆ្លុះបញ្ចាំងពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរដែលធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នាកាលពីអំឡុងសង្គ្រាមនៅវៀតណាម។
សូមរំឭកបន្ដិចថា ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនៅក្នុងប្រទសវៀតណាម គឺធ្វើឡើងនៅក្រោយពេលតែ១ថ្ងៃប៉ុណ្ណោះ ដែលមេដឹកនាំវៀតណាមក៏បានជួបជាមួយនឹងឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសវៀតណាម។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង ក៏បានប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតចិនថា វៀតណាមនឹងមិនរួមដៃជាមួយប្រទេសមួយ ទៅប្រឆាំងប្រទេសមួយទៀតនោះឡើយ៕
អត្ថបទ៖ ស៊ើង និមល់