តែយ៉ាងណា ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា ការអនុវត្តវិធានការហាមឃាត់របស់អាជ្ញាធរមានសមត្ថកិច្ចហាក់ពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលគឺការហូរចូលបំណែកសាច់បង្កកនៅតែបន្តកើតមានជាហូរហែ។ មកទល់ពេលនេះតម្លៃសត្វរស់នៅកម្ពុជាពុំទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា កត់សម្គាល់ឃើញថា បើទោះបីអាជ្ញាធរមានសមត្ថកិច្ចកំពុងអនុវត្តវិធានការផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងក៏ដោយ តែសាច់ប្រភេទនេះនៅតែបន្តហូរចូលមកកាន់ទីផ្សារកម្ពុជា ជាហូរហែ ក្រោមរូបភាពដឹកជញ្ជូនទ្រង់ទ្រាយតូចៗជំនួសឱ្យការដឹកជញ្ជូនទ្រង់ទ្រាយធំ។
ការបន្តហូរចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងមកកាន់ទីផ្សារកម្ពុជានេះ ត្រូវបានប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ វាយតម្លៃថា អាចដោយសារកម្ពុជាមានច្រករបៀងច្រើនពេក ដែលធ្វើឱ្យអាជ្ញាធរពិបាកក្នុងការគ្រប់គ្រងនិងទប់ស្កាត់។
តាមរយៈការបន្តហូរចូលនេះបានធ្វើឱ្យអ្នកជំនាញរូបនេះសន្និដ្ឋានថា ការអនុវត្តវិធានបិទការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងរបស់អាជ្ញាធរហាក់ពុំទាន់មានប្រសិទ្ធភាពនោះទេ។ តែយ៉ាងណាប្រធានសមាគមរូបនេះ ស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យបានម៉ឺងម៉ាត់ និងបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តវិធាននេះបន្ថែមទៀត។
បើតាមការអះអាងរបស់ប្រធានសមាគមអ្នកចិញ្ចឹមសត្វរូបនេះ បើទោះបីវិធានការហាមឃាត់ការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងបានអនុវត្តអស់រយៈពេលមួយសប្តាហ៍កន្លងមកនេះក៏ដោយ តែតម្លៃជ្រូក និងសត្វរស់នៅកម្ពុជា ពុំទាន់មានការឡើងថ្លៃនោះទេ ពោលគឺតម្លៃសត្វរស់នៅតែបន្តស្ថិតក្នុងកម្រិតមួយទាបដដែល។ បញ្ហានេះវាបាន និងកំពុងគំរាមកំហែងដល់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ហើយប្រសិនបើពុំមានចំណាត់ការល្អប្រសើរណាមួយពីរាជរដ្ឋាភិបាលបន្ថែមទៀតទេ នោះអ្នកចិញ្ចឹមជ្រូក និងសត្វរស់នៅកម្ពុជានឹងជួបបញ្ហាកាន់តែធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលបំណែកសាច់បង្កកប្រភេទគ្រឿងក្នុងបណ្តោះអាសន្នរយៈពេល៦ខែ ចាប់ពីថ្ងៃទី១២ ខែមីនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីជួយលើកកម្ពស់វិស័យចិញ្ចឹមសត្វនៅកម្ពុជា ដែលកំពុងជួបបញ្ហាធ្លាក់ចុះតម្លៃសត្វរស់។ យើងសង្កេតឃើញថា តម្លៃសត្វរស់នៅកម្ពុជា បានធ្លាក់ថ្លៃជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ដែលបានធ្វើឱ្យអ្នកចិញ្ចឹមជ្រូកខ្នាតតូចជាច្រើនប្រឈមនឹងការក្ស័យធន និងបោះបង់ការចិញ្ចឹម ហើយកសិដ្ឋានចិញ្ចឹមខ្នាតធំៗបានកាត់បន្ថយបរិមាណចិញ្ចឹម៕