ជុំវិញករណីនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងសង្គម បានសង្កត់ធ្ងន់ថា ទោះបីជាសាច់បង្កកទាំងនោះមិនស្ថិតក្នុងបញ្ជីទំនិញហាមឃាត់ ឬត្រូវបាននាំចូលដោយស្របច្បាប់ក៏ដោយ ប៉ុន្តែការដែលក្រុមឈ្មួញនៅតែបន្តនាំចូលទំនិញថៃ មកចរាចរណ៍លក់នៅពេញទីផ្សារខ្មែរយ៉ាងសន្ធឹកសន្ធាប់បែបនេះ គឺហាក់បីដូចជាខ្វះមនសិការជាតិ ព្រមទាំងកំពុងតែវាយបំបាក់ទឹកចិត្ត នៃចលនាពហិការទំនិញថៃ របស់ប្រជាពលរដ្ឋ និងបំផ្លាញខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាសក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា ទោះបីជាសាច់បង្កករាប់សិបតោន ដែលអាជ្ញាធរទើបតែរកឃើញនោះមិនមែនជាមុខទំនិញខុសច្បាប់ ក៏ពិតមែន ប៉ុន្តែសកម្មភាពបន្តនាំចូលទំនិញពីប្រទេសថៃ របស់ក្រុមឈ្មួញធំៗនៅពេលនេះ គឺជារូបភាពដែលមិនគប្បីទាល់តែសោះចំពោះមនសិការជាតិ និងបានធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តពលរដ្ឋខ្មែរ ដែលកំពុងរួបរួមគ្នាបដិសេធមិនប្រើប្រាស់ទំនិញថៃ។ បន្ថែមលើនេះ លោកបណ្ឌិត បានសង្កត់ធ្ងន់ថា ប្រសិនបើសាច់បង្កកទាំងនោះត្រូវរកឃើញថា នាំចូលមកដោយគេចវេះពន្ធ ឬខ្វះការត្រួតពិនិត្យគុណភាព និងភូតគាមអនាម័យឱ្យបានច្បាស់លាស់ទៀតនោះ វាគឺជាបទល្មើសដ៏ធ្ងន់ធ្ងរ ដែលអាជ្ញាធរពាក់ព័ន្ធដាច់ខាតត្រូវតែចាត់វិធានការច្បាប់ឱ្យតឹងរ៉ឹងបំផុត ដោយមិនត្រូវលើកលែងឱ្យឈ្មួញទុច្ចរិតទាំងនោះឡើយ។
ជាមួយគ្នានេះ លោកជំទាវ កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានចេញមុខរិះគន់ចំៗ និងដាស់តឿនស្មារតីក្រុមឈ្មួញទាំងនោះថា នៅក្នុងកាលៈទេសៈ ដែលភាគីថៃកំពុងបង្ហាញការមើលងាយមើលថោកលើកម្ពុជា ព្រមទាំងមានការគំរាមកំហែងឈ្លានពាននៅតាមបន្ទាត់ព្រំដែនជាបន្តបន្ទាប់ ក្រុមឈ្មួញខ្មែរ ដែលបន្តនាំចូលទំនិញថៃ គួរតែចេះឈឺចាប់ និងមានឈាមជ័រជាខ្មែរ កុំព្រោះតែលោភលន់ចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនរហូតធ្វើឱ្យប្រទេសជាតិ ត្រូវរងក្តីអាម៉ាស់ និងក្លាយជាអ្នកផ្តល់ដង្ហើមសេដ្ឋកិច្ចឱ្យប្រទេសដែលកំពុងរំលោភបំពានកម្ពុជា។
អ្នកជំនាញរូបនេះបានបន្ថែមថា ផ្អែកតាមរូបភាព នៃផលិតផលសាច់បង្កកមានបិទអក្សរថៃរាប់សិបតោន ដែលសមត្ថកិច្ចបង្ក្រាបបាននេះ បានស្តែងឱ្យឃើញពីល្បិចមិនស្មោះត្រង់របស់ឈ្មួញក្នុងការបន្លំភ្នែកអ្នកប្រើប្រាស់ ហើយទង្វើនេះកំពុងតែវាយបំបាក់ដំណើរការពង្រីកផលិតកម្មក្នុងស្រុក បំផ្លាញតម្លៃ នៃការខិតខំពហិការទំនិញថៃរបស់កូនខ្មែរ និងបង្អាក់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល។
ដោយឡែកឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា កម្លាំងជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប សហការជាមួយកម្លាំងចម្រុះខណ្ឌចំនួន៣ បានបើកយុទ្ធនាការចុះត្រួតពិនិត្យទីតាំងស្តុកទំនិញ និងឃ្លាំងសាច់បង្កកជាបន្តបន្ទាប់ ដោយបានរកឃើញទំនិញសាច់បង្កកបិទស្លាកសញ្ញាជាអក្សរថៃ ពិតប្រាកដមែន។ ទោះជាយ៉ាងណាមកទល់ពេលនេះ អគ្គនាយកដ្ឋាន ក.ប.ប មិនទាន់អាចសន្និដ្ឋានបានឡើយថា តើសាច់បង្កកបិទស្លាកអក្សរថៃ ទាំងនោះជាសាច់ខូចគុណភាព ឬមានបង្កប់សារធាតុគីមីដែលធ្វើប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកប្រើប្រាស់នៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងស្ថិតក្នុងដំណាក់កាលយកទៅពិសោធន៍នៅឡើយ។
គួររំលឹកថា ភ្លាមៗក្រោយពេលដែលកម្លាំងអាជ្ញាធរបានរកឃើញទីតាំងស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ រាប់សិបតោនដ៏ចម្រូងចម្រាសនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញបទបញ្ជាក្តៅឱ្យបើកការស៊ើបអង្កេតស្វែងរកការពិតឱ្យដល់ឫសគល់ និងបានព្រមានធ្ងន់ៗថា នឹងចាត់ការទៅលើមន្ត្រីខិលខូចណាដែលហ៊ានកាង ឬគប់គិតនៅពីក្រោយខ្នងក្រុមឈ្មួញទាំងនេះ ដោយដាច់ខាតមិនឱ្យរួចខ្លួនពីសំណាញ់ច្បាប់ឡើយ៕