ក្រុមហ៊ុនឱសថបារាំង Sanofi បានចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សារផ្គត់ផ្គង់វ៉ាក់សាំង ជាមួយក្រុមហ៊ុនពីរទៀតរបស់អាមេរិកគឺ Pfizer និង Moderna ប៉ុន្តែបរាជ័យ ក្រោយវ៉ាក់សាំងរបស់ខ្លួនប្រភេទ mRNA ដែលខ្លួនផលិតបានកាលពីចុងឆ្នាំ ២០២០ និងដើមឆ្នាំ២០២១ បង្ហាញពីប្រសិទ្ធភាពតិចតួចពេក។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Sanofi ដែលត្រូវបានស្រង់មកចុះផ្សាយដោយរ៉យទ័រ បានគូសបញ្ជាក់ថា Sanofi ពិតជាបានទិញយកក្រុមហ៊ុន Translate Bio ពិតប្រាកដមែន។ នេះគឺជាការទិញយកចំណែកភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនអាមេរិក Translate Bio តែម្តង ដែលគិតជាទឹកប្រាក់ក្នុងមួយហ៊ុន ៣៨ដុល្លារ ខណៈតម្លៃសរុបនៃភាគហ៊ុនទាំងអស់ស្មើនឹងប្រមាណ ៣ពាន់២រយលានដុល្លារអាមេរិក។
នាយកប្រតិបត្តិក្រុមហ៊ុន Sanofi លោក ភោល ហតសុន (Paul Hudson) បាននិយាយថា ការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ Translate Bio នឹងជួយឲ្យយើងបង្កើនសមត្ថភាពដ៏ខ្លាំងក្លា ក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ប្រភេទ mRNA ជំនាន់ក្រោយៗបានល្អប្រសើរ។
គួរជម្រាបថា កន្លងមកក្រុមហ៊ុនឱសថបារាំង Sanofi រំពឹងចង់ចូលខ្លួនប្រកួតប្រជែងក្នុងទីផ្សារផ្គត់ផ្គង់វ៉ាក់សាំង ជាមួយក្រុមហ៊ុនពីរទៀតរបស់អាមេរិកគឺ Pfizer និង Moderna ប៉ុន្តែត្រូវរងការបរាជ័យ ក្រោយវ៉ាក់សាំងប្រភេទ mRNA ដែលខ្លួនផលិតបានកាលពីចុងឆ្នាំ ២០២០ និងដើមឆ្នាំ២០២១ បង្ហាញពីប្រសិទ្ធភាពតិចតួចពេក។
គួររំឭកថា ចាប់តាំងពីក្រុមហ៊ុន Sanofi ចាប់ផ្តើមការសិក្សាស្រាវជ្រាវដើម្បីផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ដំបូងនៅខែមីនា ឆ្នាំ២០២០មក ក្រុមហ៊ុនបារាំងមួយនេះមិនទាន់បានសមិទ្ធិផលជាផ្លែផ្កានៅឡើយទេ ពោលគឺមិនទាន់មានវ៉ាក់សាំងសូម្បីតែមួយប្រភេទ ដើម្បីបញ្ចេញលក់នៅលើទីផ្សារ ឬ ត្រូវបានគេប្រើប្រាស់នៅក្នុងប្រទេសណាមួយនៅឡើយទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងារឱសថអឺរ៉ុបបានប្រកាសថា ខ្លួននឹងចាប់ផ្តើមនីតិវិធីក្នុងការត្រួតពិនិត្យលើទិន្នន័យជាក់ស្តែង នៃប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១៩ដែលផលិតដោយក្រុមហ៊ុនបារាំង Sanofi ឈ្មោះថា «វីដព្រីវទីន» (Vidprevtyn) ដើម្បីអាចឈានទៅស្នើសុំការអនុញ្ញាតប្រើប្រាស់បន្ទាន់ឲ្យបានកាន់តែឆាប់ យ៉ាងយូរត្រឹមត្រីមាសចុងក្រោយនៃឆ្នាំ២០២១នេះ៕