កិច្ចព្រមព្រៀងតម្លៃ២៧ពាន់លានដុល្លារដែលក្រុមហ៊ុនបារាំងតូតាល់ ចុះហត្ថលេខាជាមួយរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់នេះ គឺដើម្បីអភិវឌ្ឍអណ្តូងរ៉ែ រ៉ាតាវី នៅភាគខាងត្បូងប្រទេសអ៊ីរ៉ាក់ រួមមាន មជ្ឈមណ្ឌលកែច្នៃឧស្ម័នពីអណ្តូងប្រេងចំនួន ៥ ព្រមទាំងគម្រោងកែច្នៃទឹកប្រៃ និងការចាក់ចូលក្នុងអាងស្តុក ដើម្បីរក្សាកម្រិតផលិតកម្មប្រេង។ បន្ថែមពីនេះ ក៏មានការចុះហត្ថលេខាលើគម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលបន្ទះសូឡាទំហំ១ពាន់មេហ្គាវ៉ាត់ផងដែរ។
គួរកត់សម្គាល់ថា អ៊ីរ៉ាក់ត្រូវការអភិវឌ្ឍធនធានឧស្ម័ន និងអគ្គិសនីក្នុងស្រុក ដើម្បីបំពេញតម្រូវការ ជាពិសេសនៅរដូវក្តៅ ខណៈប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលឧស្ម័ន និងអគ្គិសនីពីអ៊ីរ៉ង់។ តួយ៉ាង នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានបញ្ហាមិនប្រក្រតីមួយចំនួនទាក់ទងនឹងការទូទាត់ប្រាក់ដែលអ៊ីរ៉ាក់នៅជំពាក់អ៊ីរ៉ង់ ហើយស្របពេលថ្មីៗនេះ នៅអ៊ីរ៉ង់ក៏មានតម្រូវការប្រើប្រាស់អគ្គិសនីខ្ពស់ផងដែរ។
ជាក់ស្ដែង កាលពីខែមិថុនា រដ្ឋមន្ត្រីក្រសួងប្រេងអ៊ីរ៉ាក់ បាននិយាយថា លោកមានបំណងបង្កើនសមត្ថភាពផលិតឧស្ម័នកាន់តែច្រើនថែមទៀត ខណៈបច្ចុប្បន្នប្រទេសអ៊ីរ៉ាក់នាំចូលឧស្ម័នយ៉ាងច្រើនពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក។
អ៊ីរ៉ាក់ត្រូវបានគេមើលឃើញថា មានធនធានប្រេង និងឧស្ម័នយ៉ាងសម្បូរបែប ប៉ុន្ដែ ប្រទេសនៅខ្វះបច្ចេកទេសក្នុងការទាញយកឧស្ម័នធម្មជាតិមកប្រើប្រាស់ ដូចនេះឧស្ម័នទាំងនោះត្រូវបានរលាយដុតចោលក្នុងបរិយាកាស។
ក្រុមអ្នកជំនាញបានលើកឡើងថា ការដែលអ៊ីរ៉ាក់មិនមានបច្ចេកទេសទាញយកឧស្ម័នធម្មជាតិប្រកបដោយប្រសិទ្ធភាពនេះ បានធ្វើឱ្យប្រទេសនេះកំពុងខ្ជះខ្ជាយប្រាក់ចំណូលរាប់លាន។
ដូច្នេះហើយ អ៊ីរ៉ាក់សង្ឃឹមថា កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនបារាំងតូតាល់ថ្មីៗនេះ នឹងជួយជំរុញឲ្យយអ៊ីរ៉ាក់អាចបង្កើនសមត្ថភាពទាយកចំណូលបានកាន់តែច្រើនពីប្រេង និងឧស្ម័ន ខណៈដែលចំណូលរបស់ប្រទេសនេះ ដល់ទៅ ៩០% ទៅហើយ គឺជាបានមកពីឧស្សាហកម្មប្រេង និងឧស្ម័ន៕
អត្ថបទ៖ ស៊ើង និមល់