
ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រទាំងនេះដែលផលិតឡើងសម្រាប់ការប្រើប្រាស់របស់បុគ្គលិកវេជ្ជសាស្ត្រជួរមុខដែលប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ត្រូវបានប្រគល់ជូនតំណាងក្រសួងសុខាភិបាល នៅថ្ងៃនេះ នៅឯទីស្ដីការក្រសួង។
លោក គិត គឹមអ៊ន តំណាងរបស់នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុនយល់ច្បាស់អំពីសារសំខាន់នៃការងាររបស់បុគ្គលិកវេជ្ជសាស្ត្រជួរមុខរបស់កម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដូច្នេះ ក្រុមហ៊ុនបានរិះគិតរកវិធីជួយដល់ពួកគាត់។
លោក គិត គឹមអ៊ន ថ្លែងយ៉ាងដូច្នេះ ៖ “យើងធ្វើអាជីវកម្មនៅកម្ពុជា ដូច្នេះ យើងយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា។ ទោះបីចំនួនករណីឆ្លងកូវីដ១៩ នៅទីនេះ មិនទាន់ខ្ពស់ក៏ដោយ យើងគិតថា យើងត្រូវរិះគិតចាត់វិធានការឲ្យបានមុន ដើម្បីជួយការពារដល់បុគ្គលិកវេជ្ជសាស្ត្រ ពីព្រោះពួកគាត់ជាអ្នកប្រយុទ្ធជួរមុខ ដែលធ្វើការប៉ះពាល់ផ្ទាល់ជាមួយនឹងអ្នកជំងឺ។”

លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានទទួលយកអំណោយពីតំណាងក្រុមហ៊ុន អេសស៊ីជី ជំនួសមុខឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន អេសស៊ីជី ដែលបានចែករំលែកចូលរួមជាមួយក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។
ប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រ (surgical shield box) នេះ រចនាឡើងសម្រាប់វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រើប្រាស់ដើម្បីការពារខ្លួនពួកគាត់ពីហានិភ័យឆ្លងជំងឺ នៅពេលធ្វើការផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩៦នាក់ និងពុំទាន់ករណីស្លាប់នៅឡើយទេ។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជំនួយនិងអំណោយពីសប្បុរសជន និងក្រុមហ៊ុននានា សម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយកន្លងមក មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងសម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ផង បានរួមចំណែកបរិច្ចាគថវិកា សម្រាប់កិច្ចប្រឹងប្រែងនេះ។
ក្រៅពីប្រអប់សុវត្ថិភាពវេជ្ជសាស្ត្រដែលប្រគល់ជូនដល់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ក្រុមហ៊ុន អេសស៊ីជី នៅកម្ពុជា ក៏បានចែកជូននូវទឹកអាល់កុលលាងដៃ និងម៉ាស ដល់ប្រជាជនទូទៅផងដែរ នៅក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩។
តំណាងនាយកប្រចាំប្រទេសរបស់អេសស៊ីជី លោក គិត គឹមអ៊ន មានប្រសាសន៍ដូច្នេះ ថា “អេសស៊ីជី សង្ឃឹមថា យើងនឹងឆ្លងផុតគ្រាលំបាកនេះទាំងអស់គ្នា ដូច្នេះ ចូរកម្ពុជារឹងមាំឡើង!”៕