កិច្ចប្រជុំទល់មុខជាលើកដំបូងចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឡើងរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ កាលពីចុងសប្តាហ៍នេះ នៅប្រទេសអ៊ីតាលី ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំងនេះ បានលើកយកបញ្ហាដែលកំពុងកើតឡើងជាច្រើនមកជជែកពិភាក្សា តួយ៉ាងមានដូចជា បញ្ហាសេដ្ឋកិច្ចអំឡុងពេល និងក្រោយពេលវិបត្តិកូវីដ-១៩ បញ្ហាអាកាសធាតុ និង ការយកពន្ធលើក្រុមហ៊ុនអន្តរជាតិ។
បញ្ហាសេដ្ឋកិច្ចបានក្លាយជាប្រធានបទស្នូលក្នុងការជជែកពិភាក្សា ដោយប្រទេសទាំង២០បានសាទរចំពោះងើបឡើងវិញជាវិជ្ជមាន របស់សេដ្ឋកិច្ចពិភពលោក ដោយសារតែការបញ្ចេញ និងការប្រើប្រាស់វ៉ាក់សាំងក្នុងចំនួនច្រើន និងបានទាន់ពេលវេលា បូករួមនឹងកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចពីរដ្ឋាភិបាលប្រទេសនីមួយៗ ជាពិសេសប្រទេសដែលមានសេដ្ឋកិច្ចធំៗ ដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចពិភពលោក។
យ៉ាងណាមិញ កិច្ចប្រជុំបានព្រមានពីការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ថាមានភាពផុយស្រួយមែនទែន។ ផុយស្រួយក៏ដោយសារតែ ការលេចឡើងនៃជំងឺកូវីដ-១៩បំប្លែងខ្លួនជាច្រើនប្រភេទ និងជាពិសេសប្រភេទ ឌែលតា ដែលកំពុងធ្វើទុក្ខបុកម្និញដល់ប្រទេសជាច្រើនជុំវិញពិភពលោក ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់វា។
នៅចំពោះមុខបញ្ហានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃប្រទេសរីកចម្រើនទាំង២០ បានសន្យាថា នឹងប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះ។ ប៉ុន្តែទន្ទឹមនឹងនេះរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អ៊ីតាលី ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ បានព្រលយសម្តីថា ទោះជាយ៉ាងណាក៏គេមិនគួរជ្រើសយកវិធីសាស្ត្របិទខ្ទប់ ឬរឹតបន្តឹងការធ្វើដំណើររបស់មនុស្ស ដើម្បីទប់ទល់នឹងកូវីដ-១៩នោះទេ ដោយសារតែវិធានការនេះ នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច។
សូមជម្រាបថា ក្រុមប្រទេស G20 សុទ្ធសឹងតែជាប្រទេសដែលមានសេដ្ឋកិច្ចធំៗក្នុងពិភពលោក ដែលរួមបញ្ជូលគ្នាទៅ ផលិតផលក្នុងស្រុកសរុបឬ GDP របស់G20មានប្រមាណ ៨០% នៃ GDP ពិភពលោក ហើយស្មើនឹង៧៥%នៃពាណិជ្ជកម្មសាកល៕