ទណ្ឌកម្មអឺរ៉ុប-រុស្ស៊ី

ប្រទេសសមាជិក G7 នឹងបញ្ឈប់ការទិញប្រេងរុស្ស៊ី និងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំធនាគារ Gazprombank


បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ស្នើឲ្យមានការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរួចមក ឥឡូវនេះ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ ហៅថា G7 បានប្តេជ្ញានៅក្នុងកិច្ចប្រជុំកាលមួយពីថ្ងៃទី ៨ឧសភាដែរថា ពួកគេនឹងបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ីដូចគ្នាដែរ។
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ថ្លែងក្រោយជំនួបជាមួយ G7 (រូបភាព៖ White House)
ដោយ

សហរដ្ឋអាមេរិក​ដែល​ជា​សមាជិក G7 ដែរ​នោះ ក៏​បាន​បង្ហាញ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​ថ្នាក់ដឹកនាំ​របស់​ធនាគារ Gazprombank និង អាជីវកម្ម​ផ្សេង​ទៀត​របស់​រុ​ស្ស៊ី ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ចំពោះ​ទីក្រុង​ម៉ូ​ស្គូ​សម្រាប់​ការ​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន Reuters​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden បាន​ចូលរួម​ជាមួយ​មេដឹកនាំ​នៃ​សមាជិក G7 នៅ​ក្នុង​សន្និសីទ​វី​ដេ​អូ​មួយ ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន ក៏​ដូច​ជា​ការ​គាំទ្រ​សម្រាប់​អ៊ុយ​ក្រែ​ន និង វិធានការ​បន្ថែម​សម្ពាធ​ទណ្ឌកម្ម​កាន់តែ​ខ្លាំងក្លា​ប្រឆាំង​នឹង​ទីក្រុង​ម៉ូ​ស្គូ​ជាដើម​។

មេដឹកនាំ G7 បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា ពួក​គេ​បាន​ប្តេជ្ញា​នឹង​លុប​ចោលការ​ពឹងផ្អែក​លើ​ថាមពល​របស់​រុ​ស្ស៊ី រួម​ទាំង​ការ​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី ហើយនឹង​ធ្វើការ​រួម​គ្នា​ជាមួយ​ដៃគូ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្ថិរភាព និង និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​សកល និង តម្លៃ​សមរម្យ​សម្រាប់​អ្នក​ប្រើប្រាស់​។

សហរដ្ឋអាមេរិក​បាន​បង្ហាញ​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ស្ថានីយ៍ទូរទស្សន៍​រុ​ស្ស៊ី​ចំនួន​បី និង បាន​ហាមឃាត់​ជនជាតិ​អា​មេ​រិ​ក​ផ្ដល់​សេវា​គណនេយ្យ និង​ទទួល​ប្រឹក្សា​សម្រាប់​ជនជាតិ​រុ​ស្ស៊ី​នោះ​ឡើយ​។ មិនតែប៉ុណ្ណោះ អា​មេ​រិ​ក​ក៏​បាន​ដាក់​រឹតត្បិត​លើ​ទិដ្ឋាការ​(Visa) ចំនួន​របស់​មន្ត្រី​រុ​ស្ស៊ី និង​បេឡា​រុស​ចំនួន ២​ពាន់​៦​រយ នាក់​ផង​ដែរ​។

លើស​ពី​នេះ​ទៀត សហរដ្ឋអាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​ធនាគារ Gazprombank របស់​រុ​ស្ស៊ី​មួយ​ចំនួន​ផង​ដែរ ។

ដោយឡែក នៅ​សហភាព​អឺរ៉ុប​ឯណោះ​វិញ ឃើញ​ថា ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ទាំង ២៧ បាន​ជួប​ប្រជុំ​ស្ទើរ​រាល់ថ្ងៃ ដើម្បី​ពិភាក្សា​លម្អិត​អំពី​កញ្ចប់​ទណ្ឌកម្ម​ទី ៦ ដែល​ផ្តោត​ការ​កាត់​ផ្តាច់​ការ​នាំ​ចូល​ប្រេង​ពី​ទីក្រុង​មូ​ស្គូ​មក​កាន់​សហភាព​អឺរ៉ុប​ទាំងមូល​។

ក៏​ប៉ុន្តែ​ចំណុច​ជាប់​គាំង​នៅ​ក្នុង​ការ​ឈាន​ទៅ​សម្រេច​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​នេះ គឺ​ទាក់ទង​នឹង​ការ​ធានា​ការ​ផ្គត់ផ្គង់​ប្រេង​ដល់​ប្រទេស​ហុង​គ្រី ស្លូ​វ៉ា​គី និង​សាធារណៈរដ្ឋ​ឆៀក ដែល​ជា​ប្រទេស​ពឹងផ្អែក​ខ្លាំង​លើ​ប្រេង​ឆៅ​របស់​រុ​ស្ស៊ី​ចាប់តាំងពី​សម័យ​សហភាព​សូ​វៀត​មក ហើយ​ប្រសិនបើ​ត្រូវ​កាត់​ផ្តាច់​ទាំងស្រុង នោះ ប្រទេស​ទាំង​៣​នេះ នឹង​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​ធានា​ប្រភព​ជំនួស​។

ទោះជា​យ៉ាងនេះ​ក្តី នៅ​ក្រោម​ផែនការ​ដំបូង​នៃ​ទណ្ឌកម្ម​ទី ៦ ប្រទេស​សហភាព​អឺរ៉ុប​ទាំងអស់ លើកលែងតែ​ប្រទេស​ហុង​គ្រី ស្លូ​វ៉ា​គី និង សាធារណៈ​រក​ឆៀក នឹង​ឈប់​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី​ក្នុង​រយៈពេល​ប្រាំមួយ​ខែ និង ឈប់​ទិញ​ផលិតផល​ប្រេង​ចម្រាញ់​រួច​របស់​រុ​ស្ស៊ី​នៅ​ត្រឹម​ចុងឆ្នាំ​នេះ​។

គួរ​ជម្រាប​ថា សហរដ្ឋអាមេរិក និង អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី ចាប់តាំងពី​ការ​លុកលុយ​លើ​អ៊ុយ​ក្រែ​ន ដោយ​ផ្តោត​លើ​វិស័យ​ធនាគារ អាជីវកម្ម និង​បុគ្គល ដើម្បី​ដាក់​សម្ពាធ​ដល់​សេដ្ឋកិច្ច​រុ​ស្ស៊ី និង​កាត់​បន្ថយ​ធនធាន​ដែល​ត្រូវការ​ប្រើ ដើម្បី​ជំរុញ​ដល់​ការ​ធ្វើសង្គ្រាម​ឈ្លានពាន​របស់​ខ្លួន​៕

អត្ថបទ​៖ វ៉ា​ន់ ស្រី​រ័​ត្ន

None



អត្ថបទបន្ទាប់


រដូវវស្សាទូទាំងប្រទេសឆ្នាំ២០២២នឹងចាប់ផ្តើមពីថ្ងៃទី១៥ខែឧសភាតទៅ

រដូវវស្សាជារួមទូទាំងប្រទេសសម្រាប់ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះតទៅ។ ទន្ទឹមនឹងនោះកម្ពុជានឹងទទួលរងឥទ្ធិពលពីខ្យល់មូសុងន…

លោកពូទីន៖ «ប្រតិបត្តិការយោធានៅអ៊ុយក្រែនជារឿងចាំបាច់ ព្រោះលោកខាងលិចកំពុងរៀបចំផែនការឈ្លានពានរុស្ស៊ី»

ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានធ្វើជាអធិបតីនៃការប្រារព្ធខួបជ័យជម្នះរបស់សហភាពសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២ នៅថ្ងៃចន្ទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ