លោក Yasutoshi Nishimura រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននៅក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមករា បានអំពាវនាវឱ្យមាន "បណ្តាញចង្វាក់ផលិតកម្ម" ថ្មី សម្រាប់ការកែច្នៃលោហៈកម្រជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។
លោកបានអះអាងថា ប្រទេសជប៉ុនមានបំណងបង្កើតក្រុមការងារមួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការទាញយករ៉ែ និង លោហៈកម្រចេញពីកាកសំណល់អេឡិចត្រូនិចនៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G7 នៅខែឧសភា។
មកដល់ពេលនេះក្រុមប្រទេស G7 ត្រូវបានគេដឹងថា មានទុនបម្រុងធម្មជាតិលើវត្ថុធាតុដើមជាលោហៈ និងសារធាតុកម្រសម្រាប់ឧស្សាហកម្មអេឡិចត្រូនិចនៅ មានកម្រិត ហើយប្រទេសជាច្រើនគឺបានពឹងពាក់នៅលើការនាំចូលមកពីចិន។
ដើម្បីកាត់បន្ថយហានិភ័យ ដែលអាចកើតមានចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ក្រុមប្រទេស G-7 កំពុងស្វែងរកការសហការគ្នាលើការប្រមូលកាកសំណល់អេឡិចត្រូនិច ហើយប្រែក្លាយវាទៅជាប្រភពនៃលោហៈកម្រទាំងនេះ។
មកដល់ពេលនេះគេដឹងថា ពលរដ្ឋនៃក្រុមប្រទេស G7 ម្នាក់ ត្រូវបានគេប៉ាន់ប្រមាណថា អាចបន្សល់កាកសំណល់អេឡិចត្រូនិចចំនួនប្រមាណជា ២០ គីឡូក្រាមក្នុងមួយឆ្នាំ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កិច្ចការនេះក៏មិនមែនរឿងងាយស្រួលឡើយ។ មិនងាយស្រួល ក៏ដោយសារតែវាត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល រាប់តាំងពីក្របខណ្ឌសម្រាប់ការផ្ទេរកាកសំណល់ឆ្លងកាត់ព្រំដែនបញ្ហាបទប្បញ្ញត្តិជុំវិញការដាក់កំហិតលើការផ្ទេរកាកសំណល់ជាដើម៕