
សួនទឹកកម្សាន្តធំទី១ មិនធ្លាប់មាននៅកម្ពុជានេះ វិនិយោគសាងសង់ក្នុងទឹកប្រាក់ប្រមាណ ៥៥លានដុល្លារអាមេរិក ។ វិនិយោគសាងសង់ដោយឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។
សួនទឹកកម្សាន្ត ហ្គាដិនស៊ីធី វ័តធើផាក នេះ អភិវឌ្ឍសាងសង់នៅលើផ្ទៃដីជិត៧ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារប្រមាណជាង ១៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
កន្លងមកក្រុមហ៊ុនធ្លាប់បានអះអាងថា សួនទឹកកម្សាន្តនេះ នឹងបើកដំណើរការនៅចុងឆ្នាំ ឬដើមឆ្នាំ ២០២០ ប៉ុន្តែពេលនេះម្ចាស់គម្រោងវិនិយោគបានបញ្ជាក់អះអាងពេលវេលាច្បាស់ជាថ្មីម្តងទៀតថា នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខ។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ាសីតពិឆៃ ប្រធានគ្រប់គ្រងគម្រោងសាងសង់សួនទឹក ហ្គាដិនស៊ីធី វ័តធើផាក បានអះអាងថា ការរៀបចំដេគ័រ រៀបចំសួនច្បារ ផ្លូវដើរខាងក្នុង និង សម្អាតតែប៉ុណ្ណោះ។
លោក ស៊ូរ៉ាឆេតបន្តថាលក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ទឹកជ្រោះធ្លាក់លើភ្នំសិប្បនិម្មិត កន្លែងរំអិល ទឹករាំតាមចង្វាក់ភ្លេង ទោងរំអិលដ៏ធំបំផុត មានស្ទីមកម្តៅ កន្លែងក្មេងលេងជាច្រើន។
ប្រធានគម្រោងសាងសង់សួនទឹកនេះបញ្ជាក់ថា នេះជាគម្រោងដ៏ធំបំផុត នៅកម្ពុជា បើប្រៀបធៀបទៅនឹងប្រទេសក្នុងអាស៊ាន វាគឺជា សួនទឹកដ៏ល្អបំផុតប្រចាំតំបន់អាស៊ាន។ វាជារឿងដ៏ល្អណាស់ សម្រាប់ប្រជាជនកម្ពុជា ដែលចង់មកលេងកម្សាន្ត ជាពិសេស វានឹងទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យចូលមក ប្រទេសកម្ពុជា ថែមទៀតផង។

លោក ឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យដឹងថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញយើង ក៏ដូចជាប្រទេសខ្មែរយើង ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះហើយ ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង។
ឧកញ៉ា សេង ញ៉ក់ អះអាងថា សួនទឹកកម្សាន្តហ្គាដិន ស៊ីធី វ័តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ាន ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។

សួនទឹកកម្សាន្តនេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរ ដែលមានរូបអប្សរា ដំរី ប្រសាទបាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក ផងដែរ។
លោកឧកញ៉ា សង្ឃឹមថា នៅពេលដែលសួនទឹកកម្សាន្តនេះសាងសង់រួចរាល់ហើយ វាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសមកកម្សាន្តនៅប្រទេសកម្ពុជាយើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញ និងតាមបណ្តាខេត្តនានាក្នុងប្រទេសមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅក្រៅស្រុកនោះដែរ។

លោកឧកញ៉ា សេង ញ៉ក់ បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិផងដែរ៕