អ្នកស្រី ដួង ស៊ីណែត បានប្រកបរបរជាជាងកាត់ដេរនេះ ជាង១០ឆ្នាំមកហើយ ក្រោយពីអ្នកបានឈប់ពីការងាររោងចក្រ ព្រោះតែរោងចក្របានបិទទ្វារ។ អ្នកស្រីបានឲ្យដឹងថា របរនេះ កាក់កបគ្រាន់បើដែរ ដោយអាចឲ្យអ្នកស្រីរកចំណូលបាន ពី៧០០ ទៅ៨០០ដុល្លារក្នុងមួយខែ ហើយថែមទាំងមានពេលវេលា មើលថែកូនទៀត តែចាប់តាំងពីការមានការរីករាលដាលកូវីដ១៩មក បានធ្វើឲ្យអ្នកស្រី បាត់បង់ចំណូលប្រមាណជា៧០%។
ប៉ុន្តែ ក្រោយពេលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមានការរៀបចំកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីអាពាហ៍ពិពាហ៍ឡើងវិញហើយនោះ អ្នកស្រី ឯម ស្រីមុំ ដែលជាអ្នកប្រកបរបរដូចគ្នាដែរនោះ បានអះអាងថា សព្វថ្ងៃនេះ កំពុងខ្វះជាងដេរបន្ថែម ព្រោះតែតម្រូវការចាប់ផ្តើមមានឡើងវិញហើយ។
បើតាមជាងកាត់ដេរសម្លៀកបំពាក់ទាំង២នាក់ខាងលើនេះ ឲ្យដឹងថា ពួកគាត់កាត់ដេរសម្លៀកបំពាក់សម្រាប់តែស្លៀកក្នុងកម្មវិធីប៉ុណ្ណោះ ដែលការកាត់ដេរនោះ គឺមិនចាំបាច់ចំណាយដើមទុននោះទេ ព្រោះថា ការចេញម៉ូត សាច់កំណាត់និងសម្ភារៈផ្សេងៗទៀត គឺម៉ូយធំនៅផ្សារអូរឬស្សី និងផ្សារអូឡាំពិក ជាអ្នកផ្តល់ឲ្យ។ ហើយសម្រាប់ថ្លៃឈ្នួល នៃការកាត់ដេរនេះដែរ គឺបានតម្លៃ១ម៉ឺន ទៅ២ម៉ឺនរៀល តាមប្រភេទអាវ ដោយក្នុងមួយថ្ងៃគាត់អាចរកចំណូលបានពីរបរនេះ ពី១៥ទៅ២០ម៉ឺនរៀល៕
សូមទស្សនាសេចក្តីរាយការណ៍ដូចខាងក្រោម៖