ចំណូលពន្ធដារ និងគយ

ចំណូលគយ និងពន្ធដារ ប្រមូលបានជិត៣ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០នេះ


បើទោះបីជាមានព្យុះភ្លៀងកូវីដ-១៩ បាននិងកំពុងបោកបក់ខ្លាំងមកសេដ្ឋកិច្ចកម្ពុជា រួមទាំងសកលលោកអស់រយៈពេលជាងកន្លះឆ្នាំទៅហើយក៏ដោយចុះ ប៉ុន្ដែបើមើលទៅលើប្រាក់ចំណូលដែលរាជរដ្ឋាភិបាលកម្ពុជាប្រមូលបានតាមរយៈអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅឆមាសទី១ នៃឆ្នាំ២០២០នេះ គឺមានរហូតដល់ទៅជិត៣ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ស្ថាប័នទាំងពីរនេះ។
អ្នកជំនាញសេដ្ឋកិច្ច៖ ទោះបីចំណូលពន្ធមានការថយចុះ ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជានៅតែធន់
ដោយ

បើតាមរបាយការណ៍បាន​ឲ្យដឹងថា ចំណូលពន្ធដារ នៅ៦ខែ​ដំបូង​នៅឆ្នាំនេះ ប្រមូលបាន​ដល់ទៅជិត ១.៧០០ លាន​ដុល្លារអាមេរិក កើនឡើង ១២% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩ ប៉ុន្ដែ​ចំណូលគយវិញ ប្រមូលបាន​តែ​ជិត ១.៣០០ លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ធ្លាក់ចុះជាង​១៦%។

របាយការណ៍​ពីអគ្គនាយកដ្ឋាន​ពន្ធដារ បង្ហាញថា​នៅរយៈពេល៦ខែ ដំបូងនៅឆ្នាំ២០២០នេះ ចំណូលពន្ធដារ នៅតែប្រមូល​បាន​ប្រមាណ​ជិត ១ពាន់៧០០ លាន​ដុល្លារ​អាមេរិក ស្មើនឹងប្រមាណជិត​៦០% នៃផែនការ​ប្រចាំ​ឆ្នាំ ធៀបនឹង ៦ខែដំបូងឆ្នាំ២០១៩ គឺមាន​ការកើន​ឡើង១២%។ ក្នុងនោះ​ ចំណូលពន្ធដារ ២ ប្រភេទ នៅតែរក្សា​បាន​កំណើន​គួរឲ្យកត់សម្គាល់​រួមមាន​ អាករ​លើតម្លៃបន្ថែម​ប្រមូលបាន​ប្រមាណ ៣៣៦​លានដុល្លារ​អាមេរិក ធៀបនឹងរយៈពេល​ដូចគ្នា​កាលពី​​ឆ្នាំ២០១៩​កើនឡើង​ជាង ៤,៨% និងពន្ធលើ​ប្រាក់ចំណូល​មាន​ ប្រមាណ ៦៥៧​លាន​ដុល្លារអាមេរិក ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពីឆ្នាំ២០១៩ កើនឡើង​ជាង​២៣%។

ដោយឡែក បើក្រឡេកមក​មើល​​ចំណូលដែល​ប្រមូល​ដោយ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ​វិញ នៅក្នុងរយៈពេល​៦ខែដំបូង នៅឆ្នាំ​២០២០នេះ ប្រមូលបាន​​ប្រមាណជិត​១.៣០០​លាន​ដុល្លារអាមេរិក ប៉ុន្ដែ​មានការថយចុះ​ប្រមាណ​ជាង ១៦% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩។

តាមរបាយការណ៍​គយ បាន​ឲ្យដឹងទៀតថា ចំណូល​​ដែលប្រមូលបាន​នៅ​ក្នុងឆមាសទី១ នៅឆ្នាំនេះ គឺត្រូវជា​ប្រមាណជិត​៤៤% នៃផែនការ​កំណត់​ដោយច្បាប់។ ក្នុងនោះ ចំណូល​ ដែលបាន​មកពី​មុខទំនិញ​យានយន្ដ បានថយចុះជិត​៣២% គ្រឿងសំណង់​ថយចុះ ជាង​២៨% ខណៈដែល​មុខទំនិញ​ប្រេង​ឥន្ធនៈ​កើនឡើង​៥,៥% និងមុខ​ទំនិញ​ចម្រុះផ្សេងទៀត កើនឡើង​ជាង​៣%។

ថ្លែងនៅក្នុង​សេចក្ដីប្រកាស​ព័ត៌មានអំពី​ចំណូលគយ​នៅឆមាសទី១ឆ្នាំនេះ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃអគ្គនាយកដ្ឋាន​គយ និងរដ្ឋាករ​បាន​ឲ្យដឹងថា ការនាំចូល​ទំនិញ​យានយន្ដ មានការធ្លាក់ចុះ​ខ្លាំង​ជាបន្ត​បន្ទាប់ ពិសេស​នៅក្នុងត្រីមាស​ទី២​នៃឆ្នាំនេះ ខណៈដែល​មុខទំនិញ​យានយន្ដនេះ គឺជា​ប្រភព​ពន្ធគយ​ដ៏សំខាន់។ 

ប្រភពចំណូល​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺបានមកពី​ប្រភពពន្ធ​ និងអាករសំខាន់ៗ​ដូចជា ពន្ធគយ ឬហៅថាពន្ធនាំចូល, អាករពិសេស និងអាករលើ​តម្លៃបន្ថែម (VAT)។ ជាមួយគ្នានេះ នៅក្នុង​ឆមាសទី១​ឆ្នាំនេះ បើប្រៀបធៀបទៅនឹង​ឆមាសទី១ ឆ្នាំ២០១៩ ឃើញថា​ចំណូលពន្ធគយ​យចុះជិត​២០%,​អាករពិសេស​ធ្លាក់ចុះ ជាង២១% និងអាករលើតម្លៃបន្ថែម (VAT) ថយចុះជាង​៩%។

គួរបញ្ជាក់ថា​នៅក្នុងសន្និសីទ​សារព័ត៌មាន​កាលពីពេល​ថ្មីៗនេះ ឯកឧត្តម​វង្សី វិស្សុត​រដ្ឋលេខាធិកា​ប្រចាំការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​លើកឡើងថា ចំពោះការ​ប្រមូលចំណូល​នៅឆ្នាំ២០២១​ខាងមុខនេះ ចំណូលពន្ធដារ​អាចនឹង​មិនមាន​សន្ទុះកំណើន​ខ្លាំងដូចមុនទៀត​នោះឡើយ​ដោយសារតែ​មាន​អាជីវកម្ម​ជាច្រើន​ដែល​រងផល​ប៉ះពាល់​ពីកូវីដ-១៩ រកស៊ីមិន​ចំណេញប្រាក់​ច្រើនដូច​មុននោះទេ។ ប៉ុន្ដែ​សម្រាប់​ចំណូល​ពន្ធគយ​វិញ អាចនឹង​មាន​ងើបឡើងគួរឲ្យកត់​សម្គាល់ ដោយសារតែ​សកម្មភាព​សេដ្ឋកិច្ច​ស្ទុះងើបឡើងវិញ។

គួររំឭកដែរថា កាលពីឆ្នាំ២០១៩ បើបូកសរុបចំណូល​​ដែលប្រមូលដោយ​គយ និងពន្ធដារ ឃើញថា​មានដល់ទៅ ជាង​៦​ពាន់លាន​ដុល្លារអាមេរិក​ឯណោះ។ ក្នុងនោះដែរ ពន្ធគយ​ប្រមូលបាន​ជាង​៣ពាន់២០០ លាន​ដុល្លារអាមេរិក កើនឡើង​៣០%​ធៀបនឹង​ឆ្នាំ២០១៨ និងមានលើសផែនការ​ដែលបានកំណត់​ប្រមាណ ៤២,៧%។ រីឯ ចំណូលពន្ធដារវិញ កាលពីឆ្នាំ២០១៩ ប្រមូលបាន​២ពាន់​៨០០​លាន​ដុល្លារអាមេរិក កើនឡើង​លើសផែនការជាង ២៣% ហើយបើ​ប្រៀបធៀប​នឹងការបម្រូលចំណូល​កាលពីឆ្នាំ២០១៩ គឺមានការកើនឡើងជាង​២៨%៕

None



អត្ថបទបន្ទាប់


ឆមាសទី២នេះ ការនាំចេញអង្ករថៃ អាចនឹងជួបបញ្ហារំខានខ្លាំង

ទស្សនវិស័យនៃការនាំចេញអង្កររបស់ប្រទេសថៃ ហាក់បីដូចជាមិនច្បាស់លាស់ និងអួរអាប់ខ្លាំង នៅក្នុងឆមាសទី ២ ឆ្នាំ ២០២០នេះ ដោយសារតែតម្រូវការប្រើប្…

វិស័យទេសចរណ៍នៅតែបន្ដធ្លាក់ចុះ ក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២០នេះ

វិស័យទេសចរណ៍ ត្រូវបានគេចាត់ទុកថា ជាវិស័យមួយនៅទូទាំងសកលលោក ដែលរងគ្រោះខ្លាំងជាងគេ នៅអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩នេះ។ យ៉ាងណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ