ប្រទេសអាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងដករាល់គ្រឿងបង្គំ រួមមាន ទាំងហាដវែ និងសូហ្វវែ របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់មហាយក្សចិន ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ចេញពីបណ្តាញទូរសព្ទចល័ត 5G របស់ខ្លួនដោយសារការព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។ ចំណាត់ការនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកផ្នែកសេដ្ឋកិច្ចខ្លាំងលើមហាយក្សចិន បន្ទាប់ពីសហភាពអឺរ៉ុប បានចេញការព្រមានថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនេះបានបង្កហានិភ័យដល់ប្លុកនេះ។
ក្រសួងមហាផ្ទៃអាល្លឺម៉ង់ បាននិយាយថា គ្រឿងបង្គំពីក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE នឹងត្រូវដកខ្លួនចេញឈប់ប្រើប្រាស់ក្នុងបណ្តាញទូរសព្ទចល័ត 5G របស់ខ្លួននៅត្រឹមចុងឆ្នាំ២០២៦ យ៉ាងយូរបំផុត។ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធនៃបណ្ដាញទូរស័ព្ទចល័ត 5G ក្រុមហ៊ុនទូរគមនាគមន៍នានា ត្រូវតែប្ដូរចេញទាំងអស់នូវប្រព័ន្ធដែលមានប្រើគ្រឿងបង្គំរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន នៅត្រឹមចុងឆ្នាំ២០២៩។
រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី នែនស៊ី ហ្វេស័រ (Nancy Faeser) បានលើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺដើម្បីការពារអាជីវកម្ម និងហេដ្ឋារចនាសម្ព័ន្ធស្នូលរបស់ប្រទេសអាល្លឺម៉ង់ ក៏ដូចការពារការទំនាក់ទំនងគ្នារបស់ពលរដ្ឋ ក្រុមហ៊ុន និងរដ្ឋផងដែរ។ សម្រាប់លោកស្រី អាល្លឺម៉ង់ចាំបាច់ត្រូវកាត់បន្ថយហានិភ័យផ្នែកសន្តិសុខ និងទប់ស្កាត់ការពឹងផ្អែកខ្លាំងលើប្រទេសចិន៕
ដោយ: តែម សុខុម