រដ្ឋអាជ្ញាកំពូលនៃប្រទេសអាល្លឺម៉ង់លោក Peter Frank បានប្រាប់កាសែតក្នុងស្រុកអាល្លឺម៉ង់ថា៖ «នៅពេលនេះ យើងកំពុងផ្តោតលើរឿងរ៉ាវការសម្លាប់រង្គាលនៅទីក្រុង Bucha និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ និងជនស៊ីវិលរបស់អ៊ុយក្រែនពីសំណាក់រុស្ស៊ី»។
លោកបន្តថា ភស្តុតាងភាគច្រើនបានមកពីកិច្ចសម្ភាសន៍ជាមួយជនភៀសខ្លួនអ៊ុយក្រែន ហើយគោលដៅរបស់រដ្ឋអាជ្ញាកំពូលរបស់អាល្លឺម៉ង់នេះ គឺដើម្បីរៀបចំសំណុំរឿងឡើងតុលាការនៅពេលក្រោយ ហើយមិនថា នៅក្នុងប្រទេសអាល្លឺម៉ង់ ឬជាមួយដៃគូបរទេស ឬតុលាការអន្តរជាតិនោះទេ នឹងអំពាវនាវឱ្យស្វែងរកយុត្តិធម៌។ គួរជម្រាបថាការិយាល័យរបស់លោក Peter Frank បានចាប់ផ្តើមការស៊ើបអង្កេតករណីក្នុងប្រទេសអ៊ុយក្រែនតាំងពីខែមីនាឆ្នាំ២០២២។
កាលពីពេលមុន រដ្ឋអាជ្ញានៃប្រទេសអាល្លឺម៉ង់ធ្លាប់បានប្រើគោលការណ៍យុត្តាធិការសកល ដែលអនុញ្ញាតឱ្យតុលារការនេះ អាចកាត់ទោសលើសំណុំរឿងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួន ដោយមិនគិតពីកន្លែងដែលវាបានកើតឡើងនោះទេ។ ជាក់ស្តែង ដូចមានឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងមនុស្សជាតិ កាលពីអំឡុងសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរីជាដើម។
លើសពីនោះ នៅក្រោមគោលការណ៍ដូចគ្នានេះ មនុស្សមួយក្រុមមកពីប្រទេសមីយ៉ាន់ម៉ាកាលពីខែធ្នូឆ្នាំមុន ក៏បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនៅប្រទេសអាល្លឺម៉ង់ឱ្យជួយរកយុត្តិធម៌ដែរ ដោយចោទប្រកាន់របបយោធាមីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
គួរជម្រាបថា កាលពីខែមុនរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អាណាឡេណា បានអំពាវនាវឱ្យសាលាក្តីមួយនេះ ដើម្បីដោះស្រាយលើរឿងក្តីក្នុងប្រទេសអ៊ុយក្រែនតែម្តងទៅ ព្រោះថា បើទោះជាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានបើកការស៊ើបអង្កេតរបស់ខ្លួនតាំងពីឆ្នាំមុនហើយក៏ដោយ ក៏មិនអាចកាត់ទោសរុស្ស៊ីចំពោះឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមានបានដែរ ដោយហេតុថា ទាំងរុស្ស៊ី និងអ៊ុយក្រែនមិនមែនជាសមាជិកនៃតុលាការ ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ។
សូមរំឭកថា នៅជាយរដ្ឋធានីក្រុងកៀវ គឺទីក្រុង Bucha មានសាកសពរាប់រយត្រូវបានគេរកឃើញ បន្ទាប់ពីកងទ័ពរុស្ស៊ីត្រូវបានដកទ័ពថយកាលពីខែមីនាឆ្នាំមុន។ ការសម្លាប់នេះបានបង្កឱ្យមានការថ្កោលទោសជាអន្តរជាតិ និងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម ដែលទីក្រុងម៉ូស្គូបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនបានប្រព្រឹត្តសោះឡើយ៕