យោងតាមប្រកាសព័ត៌មានរបស់ អេសស៊ីជី សម្រាប់ត្រីមាសទី១ ឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា សម្រេចបានចំណូលពីការលក់ចំនួន ២៧២ប៊ីលានរៀល ឬស្មើនឹង ៦៧លានដុល្លារអាមេរិក កើនឡើង ៧% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ។ ចំណូលពីការលក់នេះគឺរួមបញ្ចូលទាំងការលក់ពីអាជីវកម្មផលិតស៊ីម៉ងត៍ផង និងពីអាជីវកម្មលក់គ្រឿងសំណង់ផង។
ទន្ទឹមនឹងនេះដែរ របាយការណ៍អាជីវកម្មក៏បានបង្ហាញពីកំណើនតម្លៃទ្រព្យសរុបរបស់ អេសស៊ីជី នៅកម្ពុជា ផងដែរ ដោយត្រីមាសទី១ ឆ្នាំ២០២០ អេសស៊ីជី នៅកម្ពុជា មានទ្រព្យសរុបតម្លៃ ១.៥១៨ប៊ីលានរៀល (៣៧៣លានដុល្លារអាមេរិក) កើនឡើង ៥% បើធៀបនឹងត្រីមាសទី១ នៃឆ្នាំ២០១៩។
ក្រុមហ៊ុន អេសស៊ីជី បានឲ្យដឹងថា ក្នុងកាលៈទេសៈលំបាកដែលបង្កឡើងដោយការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ក្នុងក្របខ័ណ្ឌសាកល ក្រុមហ៊ុនបានដាក់ចេញនូវយុទ្ធសាស្ត្រដើម្បីដឹកនាំសង្គម ដៃគូ និងក្រុមហ៊ុននានា ឆ្លងកាត់វិបត្តិកូវីដ១៩ ដែលរួមមានផែនការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរឹងមាំនិងមានលក្ខណៈសកម្មមុន គួបផ្សំនឹងការគោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមការណែនាំរបស់រដ្ឋាភិបាល។
ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបម្រើដល់ការលក់ផលិតផល សេវាកម្ម និងដំណោះស្រាយនានា ដែលបង្កភាពងាយស្រួលនិងមានសុវត្ថិភាពដល់អតិថិជន ផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានដាក់ឲ្យអនុវត្តនូវផែនការត្រៀមលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីសម្រាលផលប៉ះពាល់រំខានពីវិបត្តិកូវីដ១៩ និងដើម្បីចាប់យកឱកាសថ្មីឲ្យបានលឿន នៅខណៈដែលមានតម្រូវការកើនឡើង។
លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន អេសស៊ីជី មានប្រសាសន៍ដូច្នេះ ថា “នៅក្នុងបរិយាកាសដ៏រំជើបរំជួលនេះ សេដ្ឋកិច្ចពិភពលោកកំពុងរងនូវប៉ះពាល់ពីការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ។ អេសស៊ីជី ក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនទាំងឡាយដែរ ដែលបានផ្ដោតកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ទៅលើការរក្សាលំនឹងលទ្ធផលប្រតិបត្តិការក្នុងត្រីមាសទី១ ឆ្នាំ២០២០ ឲ្យសម្រេចបានប្រហាក់ប្រហែលគ្នានឹងត្រីមាសមុននេះដែរ បើទោះបីជាផលប៉ះពាល់នៃវីរុសកូវីដ១៩ មកលើអាជីវកម្មនានាបានកើតឡើងនៅក្នុងខែមីនាក្ដី។ ទន្ទឹមនឹងនេះ អេសស៊ីជី ក៏ផ្តោតលើការជួយសង្គមដៃគូ បុគ្គលិក និងក្រុមហ៊ុននានា ដើម្បីឆ្លងកាត់ពេលវេលាលំបាកនេះ។"
លោក Roongrote បន្តដូច្នេះថា "ក្រុមហ៊ុនក៏បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជួយដល់ ៩០%នៃបុគ្គលិកទាំងអស់របស់ខ្លួន ដើម្បីពួកគេអាចធ្វើការពីផ្ទះមកបាន និងជួយសម្រួលដល់ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីធានាការផ្ដល់ផលិតផល សេវាកម្ម និងដំណោះស្រាយ ដល់អតិថិជនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល ។ ក្រុមហ៊ុនក៏ខិតខំស្វែងរកឱកាសថ្មីៗ ដើម្បីបម្រើដល់តម្រូវការដែលប្រែប្រួល តួយ៉ាង ការងាកទៅរកការលក់តាមអនឡាញ ឬការជំរុញការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ការងារលទ្ធកម្ម ការចេញវិក្កយបត្រ និងការទូទាត់ប្រាក់ជាមួយដៃគូ ជាដើម។ លើសពីនេះទៀត ក្រុមហ៊ុនបន្តរក្សាបាននូវស្ថានភាពហិរញ្ញវត្ថុរឹងមាំ និងត្រៀមលក្ខណៈរួចរាល់ដើម្បីដោះស្រាយភាពប្រឈមនានា ប្រសិនបើស្ថានភាពនៅអូសបន្លាយពេលយូរ”។
យុទ្ធសាស្ត្រ អេសស៊ីជី លើការជំរុញអាជីវកម្មស៊ីម៉ងត៍-សម្ភារៈសំណង់
ក្រុមហ៊ុនបានពន្លឿនការប្រើប្រាស់កម្មវិធីពាណិជ្ជកម្មអនឡាញសម្រាប់ការលក់រាយ ដោយពង្រឹងនិងកែលម្អសមត្ថភាពលក់យ៉ាងសកម្មនិងគ្រប់មធ្យោបាយ ដូចជា គេហទំព័រ កម្មវីធី App និងបណ្ដាញព័ត៌មានសង្គម ព្រមទាំងផ្ដល់ការដឹកជញ្ជូនដល់ផ្ទះ នៅទូទាំងប្រទេស បន្ថែមពីលើការផ្ដល់សេវាកម្មពិគ្រោះយោបល់អំពីផ្ទះ តាមអនឡាញ ។ ជាមួយនឹងកម្មវិធីលក់តាមអនឡាញ អតិថិជនអាចស្វែងរកមើលផលិតផល និងទទួលសេវាកម្មដោយមិនចាំបាច់ចេញពីផ្ទះរបស់ខ្លួនឡើយ ។
ជាលទ្ធផល ការលក់តាមអនឡាញបានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងត្រីមាសមុននេះ ។ អតិថិជនក៏នឹងទទួលបានផ្ដាច់មុខ នូវការដំឡើងផលិតផល សេវាកម្មផ្សេងៗ និងការដឹកជញ្ជូន ដែលធានាបាននូវសុវត្ថិភាព និងអនាម័យ ពីក្រុមហ៊ុន។
ជាងនេះទៅទៀត សេវាផ្នែកឡូជីស្ទីក អេសស៊ីជី ក៏បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជាច្រើនផងដែរ ដោយរាប់តាំងពីការប្រគល់ទំនិញ ការរៀបចំទុកដាក់ក្នុងឃ្លាំង រហូតដល់ការការប្រគល់ផលិតផល ដើម្បីធានាសុវត្ថិភាព រួមជាមួយនឹងសេវាបន្ថែមនៃការដឹកជញ្ជូនទំនិញឧបភោគបរិភោគស្រស់ៗ ដូចជា បន្លែ និងផ្លែឈើ ជាដើម ដែលកំពុងមានតម្រូវការខ្ពស់។
ក្រុមហ៊ុនក៏ចែករំលែកចំណេះដឹង និងការអនុវត្តល្អៗ ផងដែរ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ ដល់ដៃគូរបស់ខ្លួន នៅក្នុងវិស័យសំណង់ ក្នុងនោះ រាប់ទាំង អ្នកអភិវឌ្ឍគម្រោង មេការសំណង់ អ្នកបច្ចេកទេស និងអ្នកចែកចាយ ដើម្បីជួយដល់គ្រប់ភាគីទាំងអស់ ឲ្យមានលទ្ធភាពជម្នះវិបត្តិនេះទាំងអស់គ្នា៕