អង្គការធនាគារកណ្តាលពិភពលោក បានចេញមកអំពាវនាវដោយកម្រដើម្បី ឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។ អង្គការធនាគារកណ្តាលពិភពលោកនេះបានព្រមានថា សេដ្ឋកិច្ចពិភពលោកឥឡូវនេះបានឈានដល់ចំណុចដ៏សំខាន់មួយ ខណៈដែលប្រទេសនានាកំពុងតស៊ូកក្រាញននៀលដើម្បីទប់ទល់នឹងអតិផរណា។
ទោះបីជាមានការកើនឡើងជាបន្តបន្ទាប់នៃអត្រាការប្រាក់ក្នុងរយៈពេល ១៨ ខែចុងក្រោយក៏ដោយ ក៏កំណើនតម្លៃទំនិញនៅតាមប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុតជាច្រើន នៅតែស្ថិតក្នុងកម្រិតខ្ពស់។ ស្ថានភាពនេះកើតឡើងព្រមគ្នានឹងពេលដែលការកើនឡើងនៃបន្ទុកចំណាយលើប្រាក់កម្ចី បានបង្កឱ្យមានការដួលរលំធនាគារមួយចំនួនដ៏ធ្ងន់ធ្ងរបំផុត បើគិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុកាលពី ១៥ ឆ្នាំមុន។
លោក អេហ្គុស្ទីន ខាស្តិន (Agustin Carstens) អ្នកគ្រប់គ្រងទូទៅរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការធនាគារកណ្តាលពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា៖ "សេដ្ឋកិច្ចពិភពលោកគឺស្ថិតនៅក្នុងដំណាក់កាលដ៏សំខាន់មួយ។ បណ្ដាបញ្ហាប្រឈមដ៏តឹងតែងត្រូវតែមានដំណោះស្រាយឲ្យបានឆាប់"។
អ្នកគ្រប់គ្រងទូទៅរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បានបន្តថា៖ "ពេលវេលាដើម្បីបន្តកំណើនរយៈពេលខ្លីដោយឈ្លាសវៃបានកន្លងផុតទៅហើយ។ ឥឡូវនេះ គោលនយោបាយរូបិយវត្ថុត្រូវតែដាក់ចេញដើម្បីស្តារស្ថិរភាពតម្លៃទំនិញឡើងវិញ។ គោលនយោបាយសារពើពន្ធត្រូវតែមានការពង្រឹងឲ្យបានរឹងមាំល្អ"។
វាជាលើកទីមួយហើយនៅពេលបច្ចុប្បន្ននេះ ដែលស្ទើរតែនៅទូទាំងពិភពលោក កំណើនអតិផរណាបានកើតឡើងស្របគ្នានឹងភាពងាយរងគ្រោះដ៏ធំធេងផ្នែកហិរញ្ញវត្ថុ។ របាយការណ៍របស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយថា បើអតិផរណានៅតែខ្ពស់កាន់តែយូរ នោះការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុគឺរឹតតែចាំបាច់កាន់តែខ្លាំង។ ធនាគារនេះបានព្រមានថា ឥឡូវនេះ លទ្ធភាពកើតមានបញ្ហាបន្ថែមទៀតនៅក្នុងវិស័យធនាគារគឺមានលក្ខណៈ"ជាក់ស្ដែង"។
លោក ក្លូឌីយ៉ូ បូរីយ៉ូ (Claudio Borio) ប្រធានអង្គភាពរូបិយវត្ថុនិងសេដ្ឋកិច្ចរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក បាននិយាយថា ប្រសិនបើអត្រាការប្រាក់ឡើងដល់កម្រិតពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០, បន្ទុកសេវាបំណុលសរុបសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំៗបំផុត នឹងមានកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។
ប្រធានអង្គភាពរូបិយវត្ថុនិងសេដ្ឋកិច្ចរបស់ស្ថាប័នធនាគារកណ្តាលពិភពលោក គិតថា ធនាគារកណ្តាលនីមួយៗនឹងអាចគ្រប់គ្រងអតិផរណាបាន។ នោះគឺជាការងាររបស់ពួកគេ ដើម្បីស្តារស្ថិរភាពតម្លៃទំនិញ"។ លោកបញ្ជាក់ថា៖ "បញ្ហាគឺនៅត្រង់ថាតើតម្លៃចំណាយនឹងមានទំហំប៉ុណ្ណា?"
ស្ថាប័នធនាគារកណ្តាលពិភពលោកធនាគារ ឬធនាគារសម្រាប់ការទូទាត់អន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ នៅទីនោះ ប្រធានធនាគារកណ្តាលធំៗបានពិភាក្សាគ្នាអំពីភាពចលាចលកាលពីប៉ុន្មានខែមុននេះ។ ក្នុងខែមីនា និងខែមេសាកន្លងទៅ គេបានឃើញពីភាពបរាជ័យរបស់ធនាគារក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិក ក្នុងនោះមានទាំងធនាគារ Silicon Valley ហើយបន្ទាប់មក មានការសង្គ្រោះបន្ទាន់ធនាគារ ក្រេឌីត ស្វីស (Credit Suisse) ដែលនៅកៀកច្រមុះរបស់ស្ថាប័នធនាគារកណ្តាលពិភពលោកផ្ទាល់តែម្ដង។
របាយការណ៍របស់ ស្ថាប័នធនាគារកណ្តាលពិភពលោកបានឱ្យដឹងថា ជាប្រវត្តិសាស្ត្រ ការដំឡើងអត្រាការប្រាក់ដល់ប្រហែល ១៥% បង្កឱ្យមានភាពតានតឹងខ្លាំងនៅក្នុងប្រព័ន្ធធនាគារ។ ប៉ុន្តែការដំឡើងកើតឡើងកាន់តែញឹកញាប់គួរឱ្យកត់សម្គាល់ នៅពេលដែលអត្រាការប្រាក់នៅតែកើនឡើង អតិផរណានៅតែកើនឡើង ឬតម្លៃផ្ទះនៅតែកើនឡើងយ៉ាងគំហុក៕