សន្ទស្សន៍បារ៉ូម៉ែត្រពាណិជ្ជកម្មទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលជាខ្នាតរង្វាស់ពីនិន្នាការពេលវេលាជាក់ស្តែងសម្រាប់ពាណិជ្ជកម្ម បានបង្ហាញពីតម្លៃទំនិញមូលដ្ឋានឡើងដល់ចំណុចលេខ១០០.៧ នៅក្នុងខែកញ្ញា ពោលគឺបានកើនឡើងពីតម្លៃ៩៩.១នៅក្នុងខែសីហា។
របាយការណ៍របស់អង្គការ WTO បានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មទំនិញនឹងត្រលប់ទៅរកនិន្នាការរយៈពេលមធ្យមរបស់ខ្លួននៅក្នុងឆមាសទី២ ឆ្នាំ២០២៣នេះជាបណ្ដើរៗ បើទោះបីជាភាពមិនប្រាកដប្រជានៅតែមានកម្រិតខ្ពស់ដោយសារទិន្នន័យសេដ្ឋកិច្ចចម្រុះ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយយ៉ាងណាក៏ដោយ។
របាយការណ៍នេះបាននិយាយថា ការលក់រថយន្តអគ្គិសនីអាចនឹងកំពុងជំរុញបង្កើនពាណិជ្ជកម្មពិភពលោក បើទោះជាមានការធ្លាក់ចុះតម្រូវការវត្ថុធាតុដើមដោយសារតែការចុះខ្សោយទីផ្សារអចលនទ្រព្យ និងអត្រាការប្រាក់នៅតែកើនខ្ពស់យ៉ាងណាក៏ដោយ។
ទំហំពាណិជ្ជកម្មទំនិញពិភពលោកមានការកើនឡើង០.២%នៅត្រីមាសទី២ ឆ្នាំ២០២៣ បើធៀបនឹងឆមាសទី១ ប៉ុន្តែតួលេខនេះគឺនៅតែទាបជាង០.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកតួលេខសម្រាប់ត្រីមាសទី៣ ត្រូវបានគេរំពឹងថា នឹងកើនឡើងជាងនេះបន្តិចដោយសារតែការបង្កើនល្បឿននៃកំណើនផលិតផលក្នុងស្រុកសរុបនៅសហរដ្ឋអាម៉េរិក និងប្រទេសចិន បើទោះបីជាសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបនៅទ្រឹងយ៉ាងណាក៏ដោយ។
កំណើនពាណិជ្ជកម្មប្រចាំឆ្នាំទំនងជាមានភាពរឹងមាំនៅក្នុងត្រីមាសទី៤ឆ្នាំនេះ ដោយសារតែកត្តាជំរុញជាមូលដ្ឋានខាងលើនេះ ខណៈដែលតម្លៃថាមពលកើនខ្ពស់ អត្រាការប្រាក់កើនឡើង និងការរំខានទាក់ទងនឹងជំងឺកូវីដ បានចោលទម្ងន់ទៅលើកំណើនសេដ្ឋកិច្ចក្នុងប្រទេស ដែលមានសេដ្ឋកិច្ចឈានមុខគេនៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ សុខ ជា