ហាងឆេងតម្លៃមាស និងប្រាក់បានកម្រើកឡើងវិញបន្តិចក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បន្ទាប់ពីទទួលរងសម្ពាធលក់ចេញយ៉ាងខ្លាំងក្លា។ ទោះជាយ៉ាងណា អ្នកវិភាគទីផ្សារបានលើកឡើងថា តម្លៃមាស និងប្រាក់អាចនឹងត្រូវប្រឈមមុខនឹងផ្លូវដ៏លំបាកមួយក្នុងការធ្វើដំណើរត្រឡប់ទៅរកកម្រិតកំពូល ដែលខ្លួនធ្លាប់សម្រេចបានកាលពីដើមឆ្នាំនេះ។ នៅក្នុងទីផ្សារជួញដូរអន្តរជាតិ តម្លៃប្រាក់បានស្ទុះងើបឡើងរង្វង់ ៦,៣% ដល់តម្លៃជាង៧១ដុល្លារក្នុងមួយតម្លឹង ស្របពេលដែលតម្លៃមាសបានកើនឡើងប្រហែល២,៤% ឈានដល់៤,៩៤៣ដុល្លារមួយតម្លឹង។
ពាក់ព័ន្ធនឹងបញ្ហាទីផ្សារនេះលោក វ៉ារ៉េន ផាឌឺសុន (Warren Patterson) និងលោកស្រី អេវ៉ា មេនដេ (Ewa Manthey) អ្នកយុទ្ធសាស្ត្រផ្នែកទីផ្សារនៅធនាគារវិនិយោគ ING បានអះអាងថា ការកម្រើកឡើងនៃហាងឆេងនាពេលនេះមិនមែនកើតឡើង ដោយសារមានការផ្លាស់ប្តូររចនាសម្ព័ន្ធធំៗក្នុងភូមិសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចពិភពលោកនោះទេ។ ផ្ទុយទៅវិញ វាកើតចេញពីសកម្មភាពរបស់អ្នកវិនិយោគដែលឆ្លៀតឱកាសទិញចូលនៅពេលដែលមាស និងប្រាក់ធ្លាក់ថ្លៃខ្លាំង ព្រោះពួកគេមើលឃើញថា ជាតម្លៃថោក និងជាឱកាសល្អក្នុងការធ្វើអាជីវកម្មរលកខ្លីតែប៉ុណ្ណោះ។
អ្នកវិភាគទាំងពីរបានបន្តថា ទោះបីជាតម្លៃមានការកម្រើកឡើងវិញក៏ពិតមែន ប៉ុន្តែហាងឆេងលោហធាតុទាំងពីរនេះនៅតែមានកម្រិតទាបជាងឆ្ងាយ បើធៀបនឹងកំណត់ត្រាកំពូលកាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។ គួររំលឹកថា កាលពីចុងខែមករា កន្លងទៅ តម្លៃមាសបានស្ទុះឡើងរហូតដល់ទៅជាង ៦,៧០០ដុល្លារក្នុង១តម្លឹង ខណៈតម្លៃប្រាក់បានហក់ឡើងដល់រង្វង់ប្រមាណ១៤៦ដុល្លារក្នុង១តម្លឹង។
អ្នកជំនាញបានគូសបញ្ជាក់ថា មកទល់ពេលនេះការវិវត្ត នៃស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានៅតែជាកត្តាស្នូល និងមានឥទ្ធិពលបំផុតក្នុងការកំណត់ទិសដៅហាងឆេងមាស និងប្រាក់នៅលើទីផ្សារសកល៕
ដោយៈ សរ សុជាតិ