លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា តម្លៃមាសត្រូវបានជួញដូរក្នុងតម្លៃប្រមាណ៣,៧៣៥ដុល្លារក្នុងមួយអោន ឬ៤,៥០០ដុល្លារក្នុងមួយតម្លឹងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ដោយបានធ្លាក់ចុះជាង១៨០ដុល្លារក្នុងមួយតម្លឹងបើធៀបនឹងតម្លៃកាលពីថ្ងៃទី១៨ វិច្ឆិកា និងប្រមាណជាង៥០០ដុល្លារក្នុងមួយតម្លឹងបើធៀបនឹង១សប្ដាហ៍មុន។
បើតាមអ្នកជំនាញរូបនេះ ការធ្លាក់ចុះនេះត្រូវបានជំរុញដោយសម្ពាធនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិក ភាពតានតឹងនៃសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបញ្ចេញមាសដើម្បីប្រមូលសាច់ប្រាក់ទប់ទល់ទីផ្សារភាគហ៊ុនបច្ចេកវិទ្យាដែលបានធ្លាក់ចុះ។
យ៉ាងណាមិញអ្នកជំនាញរូបនេះបានវាយតម្លៃថា តម្លៃមាសអាចនឹងមានលទ្ធភាពធ្លាក់ចុះដល់ប្រមាណ៤,០០០ដុល្លារក្នុងមួយតម្លឹងនាពេលខាងមុខ ប្រសិនបើសង្គ្រាមរវាងអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងជាថ្មី ឬក៏ការដំឡើងអត្រាការប្រាក់មានល្បឿនលឿនជាងការរំពឹងទុក។
ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា តម្លៃមាសបានធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីដើមខែតុលា មក ដោយមកទល់ពេលនេះ គឺបានធ្លាក់ចុះក្នុងរង្វង់ជាង៥០០ដុល្លារក្នុងមួយតម្លឹង។
ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ តម្លៃមាសអាចនឹងធ្លាក់ចុះពី២០០ទៅ៣០០ដុល្លារក្នុងមួយតម្លឹងថែមទៀតនៅត្រឹមចុងខែនេះ មុនស្ទុះងើបឡើងវិញនាពេលខាងមុខ ដោយសារឥទ្ធិពលនៃការដំឡើងអត្រាការប្រាក់ដុល្លាររបស់សហរដ្ឋអាម៉េរិក ដើម្បីទប់ទល់នឹងអត្រាអតិផរណា ស្របពេលប្រាក់ដុល្លារកំពុងមានតម្រូវការខ្ពស់ ក្រោយវិនិយោគិនលក់មាសចេញ ហើយទិញប្រាក់ដុល្លារចូល បន្ទាប់ពីមើលឃើញពីពន្លឺ នៃសន្តិភាពរបស់ពិភពលោកអាចវិលត្រឡប់មកប្រសើរវិញ ក្រោយលោកដូណាល់ ត្រាំ ចាញ់ឆ្នោតពាក់កណ្តាលអាណត្តិ។
ក្រុមអ្នកជំនាញយល់ឃើញថា តម្លៃមាសបច្ចុប្បន្នវាសមរម្យសម្រាប់ការទិញទុករយៈពេលវែងធ្វើជាទ្រព្យសុវត្ថិភាព ឬគ្រឿងអលង្ការ។ ដោយឡែកសម្រាប់ការជួញដូររយៈពេលខ្លី ត្រូវទាមទារឱ្យមានការគ្រប់គ្រងហានិភ័យ និងការកំណត់ទំហំជួញដូរច្បាស់លាស់ និងត្រូវប្រឹក្សាជាមួយអ្នកជំនាញ។ បន្ថែមលើនេះ ក្នុងករណីអ្នកវិនិយោគបានលក់មាសចេញយកចំណេញរួចហើយ ក៏គួររៀបចំចន្លោះសម្រាប់ទិញចូលវិញនៅពេលតម្លៃចុះដល់ចំណុចសមរម្យ ដើម្បីចាប់យកឱកាសចំណេញនៅពេលតម្លៃស្ទុះងើបឡើងវិញ៕
អត្ថបទ សោម ស្រីពេជ្រ