សារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី៣ ខែវិច្ឆិកា ថា ក្រុមប្រឹក្សាមាសពិភពលោកបានទម្លាក់ការព្យាករកំណើនតម្រូវការវិនិយោគលើមាសនៅឆ្នាំ២០២៦ នេះមកនៅត្រឹម២០០តោន ពោលគឺតិចជាងការព្យាករកាលពីមុនដែលមានដល់ទៅ៤០០តោន។ របាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា តម្រូវការវិនិយោគលើមាសសរុបបានធ្លាក់ចុះ១៤% មកនៅត្រឹម៤៧៩តោនក្នុងត្រីមាសទី៣ឆ្នាំ២០២៦។ ក្នុងនោះតម្រូវការទិញមាសដុំ និងកាក់មាសបានធ្លាក់ចុះ១៩% មកនៅត្រឹម២៦៨តោន ខណៈការប្រើប្រាស់មាសសម្រាប់ផលិតគ្រឿងអលង្ការធ្លាក់ចុះ១៧%មកនៅត្រឹម៣១៣តោន ដែលជាកម្រិតទាបបំផុតសម្រាប់ត្រីមាសទី៣ ចាប់តាំងពីការចាប់ផ្តើមកត់ត្រាទិន្នន័យក្នុងឆ្នាំ២០០០។
ទោះជាយ៉ាងណាការវិនិយោគលើមូលនិធិជួញដូរដែលមានមាសជាទ្រព្យគាំទ្រនៅតែមានសម្ទុះខ្លាំង ដោយទាក់ទាញទុនវិនិយោគថ្មីបានរហូតដល់២១១តោនក្នុងត្រីមាសទី៣។ ចំណែកឯធនាគារកណ្តាលនៃប្រទេសនានាបានបង្កើនការទិញមាសចំនួន៤២% ឈានដល់៣២១តោន ដែលជាកម្រិតខ្ពស់បំផុតប្រចាំត្រីមាសចាប់តាំងពីត្រីមាសទី៤ ឆ្នាំ២០២៤។ ប្រទេសប៉ូឡូញ និងចិនស្ថិតក្នុងចំណោមអ្នកទិញមាសច្រើនជាងគេ។
ដោយសារការទិញមាសពីធនាគារកណ្តាលនានានៅតែមានកម្រិតខ្ពស់ ក្រុមប្រឹក្សាមាសពិភពលោកបានដំឡើងការព្យាកររបស់ខ្លួនដោយរំពឹងថា ការទិញមាសរបស់ធនាគារកណ្តាលនានាក្នុងឆ្នាំ២០២៦ នេះនឹងមានចំនួនយ៉ាងហោចណាស់ស្មើនឹង៨៤៨តោន ដែលបានទិញកាលពីឆ្នាំ២០២៥។ ជាមួយគ្នានេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ ក៏បានធ្លាក់ចុះប្រហែល២៩% ពីកម្រិតខ្ពស់បំផុត៥,៥៩៥ ដុល្លារក្នុងមួយអោន ឬ៦,៧៤០ដុល្លារក្នុងមួយតម្លឹង ដែលសម្រេចបានកាលពីខែមករា កន្លងទៅ៕
ដោយ: តែម សុខុម