លោក រស់ ផារិទ្ធ អភិបាលរង ខេត្តស្វាយរៀង បានគូសបញ្ជាក់ដែរថា គិតមកទល់ពេលនេះ ចរាចរណ៍ធ្វើដំណើរ និងទំនិញចេញចូលតាមច្រកព្រំដែនរវាងកម្ពុជា និងវៀតណាម គឺហាក់មានសភាពស្ងប់ស្ងាត់ ខណៈដែលការដឹកជញ្ជូនទំនិញចេញចូលមួយចំនួន ក៏មានការរាំងស្ទះតាមច្រកព្រំដែនផងដែរ។
លោក រស់ ផារិទ្ធបន្តថា បើទោះបីជា ការប្រកាសបិទច្រកព្រំដែននេះ ផ្ដោតតែលើការធ្វើដំណើររបស់ពលរដ្ឋ និងមិនបានផ្ដោតលើការចរាចរណ៍ទំនិញចេញចូលក៏ដោយ ប៉ុន្ដែ ទំនិញមិនអាចហោះមក ដោយឯកឯងបាននោះទេ វាត្រូវមានមនុស្សដឹកជញ្ជូនចេញចូល ដូច្នេះហើយ ខាងភាគីអាជ្ញាធររវាងកម្ពុជា និងវៀតណាម កំពុងពិភាក្សា ស្វែងរកនីតិវិធីរួមគ្នាមួយ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនទំនិញតាមព្រំដែនឡើងវិញ សំដៅដល់ការបញ្ចៀសការកកស្ទះដែលកំពុងកើតមាន ហើយគេសង្ឃឹមថា នឹងមានការព្រមព្រៀងគ្នាក្នុងពេលឆាប់ៗនេះ។
លិខិតប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទជាបណ្ដោះអាសន្នលែងឲ្យពលរដ្ឋវៀតណាមចូលមកប្រទេសកម្ពុជា តាមគ្រប់ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា តទៅ ក្នុងគោលបំណងបញ្ចៀសនូវការលំបាកចំពោះពលរដ្ឋវៀតណាម ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតម្រូវឲ្យបង្ខាំងខ្លួននៅដាច់ពីគេ ក្រោយពីធ្វើដំណើរពីកម្ពុជាចូលទៅវៀតណាម។
យោងតាមលិខិត របស់ក្រសួងការបរទេសកម្ពុជាដដែលនេះ បានបញ្ជាក់ថា «ការបិទការធ្វើដំណើរបណ្ដោះអាសន្នតាមច្រកព្រំដែនទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនេះ គឺស្ថិតក្នុងស្មារតីមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ទាក់ទងនឹងការការពារការរីករាលដាលនៃវីរុស Covid-19។» ជាមួយគ្នានេះ នៅក្នុងលិខិតរបស់ក្រសួងការបរទេសដដែលនេះ បានគូសបញ្ជាក់ដែរថា ភាគីកម្ពុជាស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរធ្វើការងាររួមគ្នា ដើម្បីសម្របសម្រួល និងធានាថា ការដឹកជញ្ជូនទំនិញ ឆ្លងកាត់ព្រំដែនរួម អាចអនុវត្តដោយគ្មានការរាំងស្ទះ។
អ្នកជំនាញ សេដ្ឋកិច្ចអះអាងថា ក្រោយពីមានការប្រកាសបិទការធ្វើដំណើរចេញចូលរវាងពលរដ្ឋប្រទេសទាំងពីរភ្លាម គេសង្កេតឃើញតម្លៃផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនដែលត្រូវនាំចូលទៅវៀតណាម គឺចាប់ផ្ដើមធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។
លោក ច័ន្ទ សុផល ជាអ្នកសេដ្ឋកិច្ចឯករាជ្យ និងជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានឲ្យដឹងថា គ្រាន់តែលេចឭព័ត៌មានទាក់ទងនឹងការបិទការធ្វើដំណើរ ក៏ដូចជាការបិទព្រំដែន រវាងកម្ពុជា និងវៀតណាម លោកសង្កេតឃើញថា តម្លៃផលិតផលកសិកម្មមួយចំនួនដែលត្រូវនាំពីកម្ពុជាចូលទៅវៀតណាម បានបង្ហាញពីសញ្ញាធ្លាក់ថ្លៃ ដូចជា ម្រេច កៅស៊ូ និងដំឡូងមីជាដើម។
លោក ច័ន្ទ សុផល បានគូសបញ្ជាក់ទៀតថា បើសិនជាការបិទច្រកព្រំដែននេះ បិទទាំងការធ្វើធុរកិច្ច នាំចេញនាំចូលទំនិញទៀតនោះ វាពិតជាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាគួរឲ្យកត់សម្គាល់ ដូចជាផលិតផលកសិកម្មកម្ពុជា ដែលត្រូវនាំចូលទៅវៀតណាម នឹងត្រូវកកស្ទះក្នុងទីផ្សារក្នុងស្រុក ធ្វើឲ្យតម្លៃនឹងមានការធ្លាក់ចុះ។ ដូច្នេះ វាអាចនឹងធ្វើឲ្យប៉ះពាល់ដល់កសិករកម្ពុជារាប់សែនគ្រួសារ ដោយសារតែចំណូលរបស់ពួកគាត់ធ្លាក់ចុះ។
ដោយឡែក ចំពោះ ទំនិញដែលនាំចូលពីវៀតណាមមកវិញ ក៏អាចនឹងជួបបញ្ហាដែរ បើសិនជាវៀតណាមបិទច្រកព្រំដែន មិនឲ្យទំនិញចេញចូលមែននោះ ពោលគឺ ក្នុងរយៈពេលខ្លីនេះ វាអាចនឹងធ្វើឲ្យទំនិញភាគច្រើនជាគ្រឿងឧបភោគ បរិភាគទ នឹងឡើងថ្លៃជាងមុន ដែលវានឹងប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅនៅកម្ពុជា។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានអះអាងទៀតថា បើសិនជាមានការបិទច្រកព្រំដែន ក្នុងរយៈពេលខ្លី គឺមិនទាន់មានចោទជាបញ្ហាធំ សម្រាប់សេដ្ឋកិច្ចកម្ពុជាទេ ប៉ុន្ដែ បើការបិទនេះ មានរយៈពេលជាច្រើនខែ នោះវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឬអាចឈានដល់មានវិបត្តិសេដ្ឋកិច្ចផងដែរ។
បើតាមលោក ច័ន្ទ សុផល ក្នុងកាលៈទេសៈនេះ កម្ពុជាគួរតែព្យាយាមពង្រឹងការផលិតក្នុងស្រុក ពិសេសបន្លែ ត្រីសាច់ អីជាដើម ដើម្បីជំនួសឲ្យការនាំចូល ហើយកសិករអាចធ្វើបែបនេះទៅបាន គឺចាំបាច់ត្រូវមានការជួយឧបត្ថម្ភធនពីគម្រោងផ្សេងៗ និងរាជរដ្ឋាភិបាល នោះកសិករអាចនឹងបង្វែរមកខិតខំប្រឹងប្រែងផលិតដើម្បីបំពេញតម្រូវការក្នុងស្រុក៕