គម្រោងវិនិយោគវិស័យថាមពលអគ្គិសនីចំនួន៥នេះ រួមមានគម្រោងវារីអគ្គិសនីចំនួន១គម្រោង និងគម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យចំនួន ៤គម្រោង ដែលនឹងអាចធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយដែលថេរ ចំនួន២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និងចំនួន៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៣១ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុម័តទាំងស្រុងលើ សំណើសុំពិនិត្យសម្រេចលើគម្រោងវិនិយោគវិស័យថាមពលអគ្គិសនីចំនួន ៥គម្រោង។ ដោយគម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន៥បន្ថែមទៀតនេះ រួមមាន ទី១.គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល មានអានុភាព ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត មានអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នាជាគម្រោងតែមួយ។ ទី២.គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ មានអានុភាព ១៥០មេហ្គាវ៉ាត់។ ទី៣.គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង មានអានុភាព ៦០មេហ្កាវ៉ាត់។ ទី៤.គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង មានអានុភាព ៦០មេហ្កាវ៉ាត់។ និងទី៥.គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តព្រៃវែង មានអានុភាព ៨០មេហ្កាវ៉ាត់។
បើតាម ឯកឧត្តម ផៃ ស៊ីផាន ផលប្រយោជន៍នៃការអភិវឌ្ឍគម្រោងទាំង ៥នេះ នឹងទទួលបានអគ្គិសនីពីប្រភពថាមពលស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ រួមទាំងផ្ដល់បន្ថែមប្រភពអគ្គិសនីដោះស្រាយបង្រ្គប់កង្វះខាត តាមពេលវេលាដែលបានសិក្សានៅក្នុងផែនការមេផងដែរ។ យ៉ាងណាមិញ គម្រោងទាំង ៥នេះ នឹងធានាបានអត្រាថ្លៃប្រភពអគ្គិសនីមួយដែលថេរចំនួន ២០ឆ្នាំ សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និងចំនួន ៤០ឆ្នាំសម្រាប់គម្រោងវារីអគ្គិសនី។
ឯកឧត្តម ផៃ ស៊ីផាន បញ្ជាក់បន្ថែមថា លើមូលដ្ឋាននៃច្បាប់ស្តីពីសារពើពន្ធដែលមានជាធរមាន រាជរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធសរុបប្រមាណជាង ៣២២ លានដុល្លារអាមេរិកក្នុងរយ:ពេលអាជីវកម្មនៃគម្រោងទាំង៥ ដោយមិនទាន់គិតបញ្ចូលចំណូលពន្ធមួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធកាត់ទុកលើការជួលនានា និងពន្ធដោយប្រយោលដទៃទៀត ដែលអគ្គិសនីកម្ពុជា និងអ្នកចែកចាយអគ្គិសនីត្រូវបង់នៅឡើយនោះទេ៕