ជុំវិញបញ្ហានេះ មន្ត្រីជាន់ខ្ពស់ផ្សារមូលបត្រកម្ពុជាលើកឡើងថា ទោះបីជា លទ្ធផលនៃការបោះផ្សាយបណ្ណបំណុលរដ្ឋខុសពីអ្វីដែលរំពឹងទុកក៏ដោយចុះ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្ដនីតិវិធីបោះផ្សាយបណ្ណបំណុលរបស់ខ្លួនដដែល។
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាវាយតម្លៃថា រាជរដ្ឋាភិបាលត្រូវចំណាយពេលវេលាច្រើនទម្រាំអាចធ្វើឲ្យមូលបត្របំណុលរបស់រដ្ឋទទួលបានការគាំទ្រខ្លាំង ដ្បិតការបោះផ្សាយនាពេលថ្មីៗនេះ ធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាពិភពលោកកំពុងជួបប្រឈមនឹងបញ្ហាជាច្រើន។
រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២២ នេះបានបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋក្នុងទំហំ៣០០លានដុល្លារអាមេរិក ដើម្បីកៀរគរទុនសម្រាប់ប្រើប្រាស់ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ដែលបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិជំងឺកូវីដ-១៩។ ប៉ុន្តែការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋនៅប៉ុន្មានលើកកន្លងមកនេះហាក់ទទួលបានលទ្ធផលខុសពីការរំពឹងទុក ពោលគឺមកទល់ពេលនេះរដ្ឋទើបទទួលបានថវិកាជាង១០លានដុល្លារអាមេរិកប៉ុណ្ណោះពីការបោះផ្សាយលក់មូលបត្រនេះ។ បើតាមធនាគារជាតិនៃកម្ពុជា រដ្ឋនឹងបន្តបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៥ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ តាមប្រព័ន្ធ NBCP បើទោះបីមិនទទួលបានលទ្ធផលល្អសម្រាប់ការបោះផ្សាយកន្លងមកក៏ដោយ។
ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុ(CSX) ជាយល់ឃើញថា ស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២២ ហាក់មិនអំណោយផលដល់ការបោះផ្សាយលក់មូលបត្របំណុលនោះទេ ដែលកត្តានេះធ្វើឲ្យការបោះផ្សាយលក់មូលបត្ររបស់រដ្ឋមិនសូវទទួលបានការគាំទ្រច្រើនពីអតិថិជន។ មិនសូវមានការគាំទ្រ ក៏ដោយសារមានធនាគារនៅតាមប្រទេសជាច្រើនរួមទាំងនៅកម្ពុជាផងដែរបាននាំគ្នាដំឡើងអត្រាការសម្រាប់ប្រាក់បញ្ញើជូនអតិថិជន បន្ទាប់ពីសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ដុល្លារ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណារបស់ខ្លួន។ បញ្ហានេះ គឺទាមទារឲ្យរដ្ឋាភិបាលត្រូវដំឡើងអត្រាគូប៉ុងបន្ថែម ដើម្បីអាចទាក់ទាញអ្នកវិនិយោគឲ្យមកចូលរួមវិនិយោគជាមួយមូលបត្របំណុលរបស់រដ្ឋកាន់តែច្រើន។
តែយ៉ាងណាឯកឧត្តមវាយតម្លៃថា រាជរដ្ឋាភិបាលត្រូវការចាយពេលច្រើនបន្ថែមទៀតលើការបោះផ្សាយលក់មូលបត្របំណុលនេះ ទម្រាំទទួលបានការគាំទ្រច្រើនពីអតិថិជន។ ហើយរដ្ឋក៏ត្រូវតែបន្តនីតិវិធីក្នុងការបោះផ្សាយលក់មូលបត្ររបស់ខ្លួនជាបន្តបន្ទាប់ទៀត បើទោះបីការបោះផ្សាយលក់ពុំទទួលបានការលទ្ធផលល្អប្រសើរដូចការរំពឹងទុកក៏ដោយ។ បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ មិនមែនមានតែមូលបត្ររដ្ឋនោះទេ ដែលពុំសូវទទួលបានការគាំទ្រ សូម្បីមូលបត្របំណុលរបស់ក្រុមហ៊ុនឯកជន ក៏ពុំសូវមានការសកម្មភាពជួញដូរដែរ។
បើទោះបីជា នៅឆ្នាំ២០២២ ការបោះផ្សាយបណ្ណបំណុលរដ្ឋមិនសូវសម្រេចបានផ្លែផ្កាក្ដី ប៉ុន្ដែ នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលក៏នៅតែបន្ដមានផែនការបោះផ្សាយលក់មូលបត្រ ២០០លានដុល្លារបន្ថែមទៀត ដើម្បីកៀរគរទុនក្នុងស្រុកសម្រាប់បម្រើឲ្យការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងការបង្កើនការបោះផ្សាយលក់បណ្ណបំណុលរដ្ឋនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាជឿជាក់ថា ការបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ នឹងមិនដាក់បន្ទុកវ័ណ្ឌកដល់រាជរដ្ឋាភិបាលនោះទេ បើទោះបីសេដ្ឋកិច្ចកម្ពុជាបានរងការគំរាមកំហែងពីវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលភាពតានតឹងភូមិសាស្ត្រនយោបាយសកលក្តី។ ការជឿជាក់បែបនេះ ក៏ដោយសារលោកបណ្ឌិតយល់ថា ថវិកាដែលបានពីការបោះផ្សាយលក់មូលបត្ររដ្ឋ រាជរដ្ឋាភិបាលនឹងយកទៅប្រើប្រាស់លើវិស័យចាំបាច់ ក៏ដូចជាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលរួមចំណែកជួយបង្កើនប្រាក់ចំណូលជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេលវេង។ សម្រាប់អ្នកជំនាញរូបនេះ ការប្រើយន្តការកៀរគរទុនតាមរយៈការបោះផ្សាយលក់មូលបត្របំណុលនេះ វាអាចល្អប្រសើរជាងការខ្ចីបុលពីបរទេស។
គិតត្រឹមត្រីមាសទី៣ឆ្នាំ២០២២ សន្និធិបំណុលសាធារណៈរបស់កម្ពុជាមានជិត៩ពាន់៥រយលានដុល្លារអាមេរិក។ នៅឆ្នាំ២០២៣ ខាងមុខកម្ពុជាមានផែនការខ្ចីបំណុលជិត២ពាន់៣រយលានដុល្លារអាមេរិក ដើម្បីប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ យ៉ាងណាមិញ នៅ៩ខែឆ្នាំ២០២២ ជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីពីដៃគូអភិវឌ្ឍន៍នានាជាង១ពាន់២រយលានដុល្លារអាមេរិក ឬប្រហែលនឹង៩៤៩ SDR ដែលស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត១ពាន់៦រយលាន SDR។ ចំនួនហិរញ្ញប្បទានសម្បទានដែលបានចុះកិច្ចព្រមព្រៀងនេះ មានការកើនឡើងជិត៣០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕