ចិនជំរុញឱ្យអាជ្ញាធរថៃ

ចិនជំរុញឱ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតដោយយុត្តិធម៌ជុំវិញករណីប៉ូលិសថៃចាប់ជំរិតពលរដ្ឋខ្លួន៥នាក់ទារម្នាក់១ម៉ឺនដុល្លារ


រឿងរ៉ាវអាស្រូវរបស់ប៉ូលិសថៃនៅខេត្តស្រះកែវ ដែលមានព្រំប្រទល់ជាប់នឹងខេត្តបន្ទាយមានជ័យរបស់កម្ពុជា បានផ្ទុះផ្អើលបណ្តាញសង្គម ក្រោយប៉ូលិសថៃឋានៈព្រិន្ទបាលឯកចំនួន៤នាក់បានឃាត់ខ្លួនជនជាតិចិន ៥នាក់ដាក់ខ្នោះដៃ និងបង្ខាំងទុក ដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗចំនួន ១ម៉ឺនដុល្លារកាលពីយប់ថ្ងៃទី ១៦ ខែឧសភា កន្លងទៅ។ ជុំវិញករណីនេះស្ថានទូតចិនប្រចាំប្រទេសថៃបានចេញមុខប្រតិកម្មយ៉ាងខ្លាំង ដោយជំរុញឱ្យអាជ្ញាធរក្រុងបាងកក បើកការស៊ើបអង្កេតដោយផ្អែកលើផ្លូវច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងមានតម្លាភាពដល់ពលរដ្ឋខ្លួន។
ចិនជំរុញឱ្យអាជ្ញាធរថៃ
ដោយ

ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំក្រុងបាងកកប្រាប់ឱ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នពេលមកកម្សាន្តនៅប្រទេសថៃ។
ស្ថានទូតចិនប្រចាំប្រទេសថៃកាលពីថ្ងៃទី១៩ ខែឧសភា បានជំរុញឱ្យអាជ្ញាធរថៃបើកការស៊ើបអង្កេតដោយយុត្តិធម៌ និងតម្លាភាពលើបញ្ហាការចាប់បង្ខាំង និងជំរិតទារប្រាក់លើជនជាតិចិន៥នាក់ម្នាក់១ម៉ឺនដុល្លារពីសំណាក់ប៉ូលិសថៃកាលពីថ្ងៃទី១៦ ខែឧសភា ដែលបានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភា ហើយត្រូវបានប៉ូលិសការិយាល័យអន្តោប្រវេសន៍របស់ថៃបង្ក្រាបបាននៅមួយថ្ងៃបន្ទាប់។ ជាមួយគ្នានេះ ស្ថានទូតចិនប្រចាំប្រទេសថៃ ជំរុញឱ្យអាជ្ញាធរថៃស្វែងរកការពិតឱ្យបានឆាប់រហ័ស ស៊ើបអង្កេតករណីនេះឱ្យបានហ្មត់ចត់ និងនាំអ្នកដែលពាក់ព័ន្ធទាំងអស់មកកាត់ទោសឱ្យបានជាកំហិត។
តាមរយៈសេចក្តីថ្លែងការរបស់ខ្លួនស្ថានទូតចិនសង្ឃឹមថា ប្រទេសថៃនឹងពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងវិធានការសន្តិសុខសាធារណៈ ដើម្បីការពារជីវិត ទ្រព្យសម្បត្តិ និងសិទ្ធិស្របច្បាប់របស់ជនជាតិចិននៅក្នុងប្រទេសថៃឱ្យបានកាន់តែប្រសើរឡើង។ ជាមួយគ្នានេះស្ថានទូតចិនប្រចាំប្រទេសថៃបានចេញសេចក្តីជូនដំណឹងដាច់ដោយឡែកមួយទៀត ដោយអំពាវនាវឱ្យពលរដ្ឋចិនដែលរស់នៅក្នុងប្រទេសថៃ ឬមានគម្រោងធ្វើដំណើរមកកាន់ប្រទេសនេះឱ្យប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងរាយការណ៍ពីគ្រោះអាសន្នទៅកាន់ប៉ូលិសភ្លាមៗ ឬក៏រាយការណ៍មកបេសកកម្មការទូតចិនប្រចាំប្រទេសថៃជាបន្ទាន់ ក្នុងករណីមានហេតុការណ៍អាក្រក់ណាមួយកើតឡើង។
គួរបញ្ជាក់ថា ជនរងគ្រោះជាជនជាតិចិនទាំង៥រូបខាងលើត្រូវបានប៉ូលិសថៃចាប់ឃាត់ខ្លួនក្នុងអំឡុងពេលពួកគេធ្វើដំណើរតាមរថយន្តមួយគ្រឿងបើកបរដោយជនជាតិថៃកាលពីយប់ថ្ងៃទី១៦ ខែឧសភា ក្រោមការចោទប្រកាន់ពួកគេបានឆ្លងដែនដោយខុសច្បាប់។ ជំនួសឱ្យការនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ក្រុមជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅផ្ទះដាច់ស្រយាលមួយក្នុងតំបន់ព្រៃឈើ នៃឃុំវ៉ាងម៉ៃ។ ជនរងគ្រោះត្រូវបានដាក់ខ្នោះដៃ និងរងការគំរាមកំហែងដោយអំពើហិង្សា ប្រសិនបើមិនព្រមបង់ប្រាក់១ម៉ឺនដុល្លារក្នុងម្នាក់ៗទេនោះ។ ក្នុងចំណោមនោះមានជនរងគ្រោះពីរនាក់បានយល់ព្រមផ្ទេរប្រាក់ឌីជីថលចំនួន២,០០០ដុល្លារទៅឱ្យក្រុមជនសង្ស័យជាប្រាក់កក់មុន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារពាណិជ្ជ ឈីហ្វ សហការគ្នា​លើ​គម្រោងធានាឥណទានបោះដុំ និងគម្រោង​ធានាឥណទានជំរុញសេដ្ឋកិច្ច

ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្តីពីគម្រោងធានាឥណទានបោះដ…

​​តើការអូសបន្លាយពេលក្នុងការបង្ក្រាបការឆបោកតាមអនឡាញ​អាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា យ៉ាងណាខ្លះ ?

ទោះបីជាអាជ្ញាធរកម្ពុជា បានបើកប្រតិបត្តិការបំបែកសំបុកក្រុមឧក្រិដ្ឋជនអនឡាញជាបន្តបន្ទាប់យ៉ាងណាក្ដី ក៏គេសង្កេតឃើញថា ក្រុមឧក្រិដ្ឋជនខ្លះបានរត់គេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ