សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលបានសសេរលិខិតស្នើទៅប្រទេសឥណ្ឌាពីលទ្ធភាពក្នុងការទទួលបានវ៉ាក់សាំងបន្ថែមពីប្រទេសនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏កំពុងពិចារណាថាតើគួរដាក់ស្នើទៅប្រទេសកូរ៉េខាងត្បូងដែរឬទេ ព្រោះបច្ចុប្បន្នកូរ៉េក៏មានវ៉ាក់សាំងផ្ទាល់ខ្លួនដែរ។
លើសពីនេះ សម្តេចហ៊ុនសែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងពិចារណាទិញយកវ៉ាក់សាំង Astra-Zeneca របស់ចក្រភពអង់គ្លេសដែរ ជាមួយនឹងឥណទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ប្រមាណជា ៩៥លានដុល្លារអាមេរិក។
វ៉ាក់សាំង Astra-Zeneca ជាវ៉ាក់សាំងសហការផលិតឡើងដោយសកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស មានប្រសិទ្ធភាពពី ៦០% ទៅ ៩០% និងមានតម្លៃ ៤ដុល្លារក្នុងមួយដូស។
ជាមួយគ្នាដែរ កម្ពុជាក៏គ្រោងនឹងនាំយកវ៉ាក់សាំងរបស់ចិនមួយប្រភេទទៀតឈ្មោះ Sinovac មកចាក់ជូនពលរដ្ឋ ដោយប្រមុខរដ្ឋាភិបាលបានបង្ហើបថា អាចសុំបន្ថែមវ៉ាក់សាំងពីចិន ឬប្រើប្រាស់លុយជំនួយរបស់ចិនទៅទិញពីចិនវិញ ឬអាចខ្ចីពីចិនដើម្បីទិញ និងចុងក្រោយអាចនឹងប្រើប្រាស់ថវិការបស់កម្ពុជាផ្ទាល់ដើម្បីបញ្ជាទិញតែម្តង។
សូមបញ្ជាក់ថា កម្ពុជានឹងទទួលបាន វ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) ពីរដ្ឋាភិបាលចិនចំនួន ៣០ ម៉ឺនដូសក្នុងដំណាក់កាលដំបូងនៅអំឡុងខែកុម្ភៈឆ្នាំនេះ នៃចំនួនសរុប ១លានដូស៕