សណ្ឋាគារ ដឺហ្រ្គេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) ពីមុនគឺមានឈ្មោះថា សណ្ឋាគារ InterContinental Phnom Penhដែលជាសណ្ឋាគារដ៏ប្រណីតមួយនៅភ្នំពេញ ដែលបានដំណើរការអស់រយៈយូរមកហើយនៅកម្ពុជា និងត្រូវបានប្តូរឈ្មោះកាលពីឆ្នាំមុន។
បុគ្គលិកមួយរូបនៅសណ្ឋាគារនេះដែលបានធ្វើការជាង ១០ឆ្នាំហើយសុំដាក់ឈ្មោះ សម្រាប់កិច្ចសម្ភាសន៍នេះថា ចននី ព្រោះខ្លាចគេធ្វើបាប បាននិយាយថា ប្រាក់ខែពិតជាសំខាន់ណាស់ សម្រាប់បុគ្គលិកទាំងអស់ ពីព្រោះពួកគាត់ ត្រូវការ ដើម្បីយកទៅទ្រទ្រង់គ្រួសាររៀងៗខ្លួនៗ។
លោកចននី បាននិយាយដូច្នេះថា «យើងត្រូវការតែប្រាក់ខែរបស់យើង (សំរាប់ពាក់កណ្តាលនៃខែតុលា)។ យើងមិនត្រូវបានគេជូនដំណឹងអំពីកាលបរិច្ឆេទជាក់លាក់ដើម្បីទទួលបានប្រាក់ខែនោះទេ។ យើងទាំងអស់គ្នាធ្វើការដើម្បីប្រាក់ខែដើម្បីផ្គត់ផ្គង់គ្រួសាររបស់យើង។»លោកបានបន្តថា «ភាពយឺតយ៉ាវ ភាពដែលមានការប្រទុចបង្អាក់ការបើកប្រាក់ខែ ឲ្យបុគ្គលិកហ្នឹងសរុបមកមាន ៤ដងហើយ។»
នៅក្នុងលិខិតចុះថ្ងៃទី១ ខែវិច្ឆិកានេះ លោកទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ សណ្ឋាគារដឺហ្រ្គេតឌ្យូក ភ្នំពេញ បានសរសេរទៅលោកអគ្គនាយកនៃសណ្ឋាគារនេះស្នើសុំជួបនៅថ្ងៃទី៤ ខែវិច្ឆិកានេះ ដើម្បីជជែកពិភាក្សាអំពីភាពយឺតយ៉ាវក្នុងការបើកប្រាក់ឈ្នួលប្រចាំខែ និងមិនមានការជូនដំណឹង។
នៅខាងមុខបុគ្គលិកជាង១០០នាក់ នៃសណ្ឋាគារ ដឺហ្រ្គេតឌ្យូក ភ្នំពេញ (the Great Duke Phnom Penh) បានធ្វើបាតុកម្មជាលើកទីពីរ នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ ទាមទារឲ្យអ្នកគ្រប់គ្រង បើកប្រាក់ឈ្នួលសំរាប់ខែតុលាឲ្យពួកគាត់ និងទាមទារ ឲ្យសណ្ឋាគារ ជូនដំណឹងដល់ពួកគាត់ផង បើសិនជាមានការយឺតយ៉ាវរឿងប្រាក់ខែ។
បុគ្គលិកបានកាន់ស្លាកសញ្ញាក្នុងដៃរបស់ពួកគាត់ រួមមានទាំងរូបនាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានីហ៊ុន សែន និងការសរសេរសូមឲ្យម្ចាស់សណ្ឋាគារបើកប្រាក់ខែឲ្យកម្មករផង។
លោកជា ប៊ុនថុន អ្នកគ្រប់គ្រងធនធានមនុស្ស បាននិយាយតាមទូរស័ព្ទនៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា នេះថា លោកមិនបានដឹងព័ត៌មានលំអិតអំពីការតវ៉ានេះនៅឡើយទេ ដោយសារលោកជាប់រវល់កិច្ចការគ្រួសារនៅខាងក្រៅកន្លែងធ្វើការ។
លោកជា ប៊ុនថុន បាននិយាយដូច្នេះថា «រឿងហ្នឹង រឿងប្រាក់ខែ អាធ្យាស្រ័យ ខ្ញុំដឹងតែប៉ុណ្នឹង។ ខាងអូតែលបានទាក់ទងសុំជួបពួកគាត់ហើយ៕»