លោក ឡែមផូរ វរិទ្ធិ អ្នកនាំពាក្យសមាគមវារីវប្បករកម្ពុជាស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាទម្លាក់ទុនកម្ចីគាំទ្រដល់វិស័យកសិកម្មបន្ថែមទៀត ដើម្បីឲ្យកសិករ ដែលជាអ្នកចិញ្ចឹមត្រីមានលទ្ធភាពទទួលបានដើមទុនក្នុងការបន្តដំណើរការអាជីវកម្ម ឬពង្រីកមុខរបររបស់ពួកគេតទៅមុខទៀត។ ការស្នើនេះ ធ្វើឡើងក្រោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រកាសថា ទុនកម្ចីរបស់រដ្ឋជាង៥០លានដុល្លារ ដែលជាគម្រោងផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបជូនកសិករក្នុងវិស័យកសិកម្ម ត្រូវបានធនាគារបញ្ចេញអស់ហើយ។
ទន្ទឹមនឹងនេះលោក ឡែមផូរ វរិទ្ធិ ស្នើឲ្យ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB បន្ធូរបន្ថយគោលការណ៍ផ្តល់កម្ចីមួយចំនួន ដើម្បីឲ្យអ្នកចិញ្ចឹមត្រីខ្នាតតូចមានលទ្ធភាព ក្នុងការទទួលបានទុនសម្រាប់បើកអាជីវកម្ម និងពង្រីកមុខរបររបស់ពួកគេបន្ថែមទៀត។ ព្រោះកន្លងមក លោក សង្កេតឃើញថា កសិករចិញ្ចឹមត្រីខ្នាតតូចពុំសូវទទួលបានកម្ចីពី ARDB នោះទេ។ ជាក់ស្តែង ក្នុងចំណោមសមាជិករបស់សមាគមចំនួន៣៣០នាក់ អ្នកទទួលបានកម្ចីមានតែប្រមាណ ២០នាក់តែប៉ុណ្ណោះ។
ពាក់ព័ន្ធការផ្តល់ទុនកម្ចីរបស់ធនាគាររដ្ឋ ARDB នេះដែរ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអះអាងដែរថា អ្នកចិញ្ចឹមសត្វខ្នាតតូច ជាពិសេសអ្នកចិញ្ចឹមជ្រូកពុំសូវទទួលបានទុនកម្ចីពីគម្រោងរបស់រាជរដ្ឋាភិបាលតាមរយៈធនាគាររដ្ឋ ARDB ដើម្បីស្តារ និងពង្រីកអាជីវកម្មពួកគេនោះទេ។ កត្តានេះ បានធ្វើឲ្យអ្នកចិញ្ចឹមជ្រូកមួយចំនួនធំ ត្រូវបោះបង់របរនេះ ដោយសារគ្មានដើមទុន ក្រោយពួកគេជួបវិបត្តិហិរញ្ញវត្ថុ។ លោក បានបន្ថែមថា កត្តាដែលធ្វើឲ្យកសិករចិញ្ចឹមសត្វខ្នាតតូចមិនអាចទទួលទុនកម្ចីធនាគារ ARDB ដោយសារប្លង់ដី និងលិខិតបញ្ជាក់ទ្រព្យបញ្ចាំរបស់ពួកគេត្រូវបានដាក់តម្កល់ជាមួយធនាគារផ្សេង។
ជាមួយគ្នានេះ លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានកត់សម្គាល់ឃើញថា ទុនកម្ចីដែលផ្ដល់ដោយធនាគារ ARDB មានប្រមាណជាង៧០% ត្រូវបានផ្តល់កម្ចីឲ្យកសិករ និងអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ។ លោក បានអះអាងថា តាមរយៈទុនកម្ចីក្នុងអត្រាការប្រាក់ទាបនេះ បានជួយរក្សាតុល្យភាពតម្លៃស្រូវនៅកម្ពុជា ដែលផ្តល់លទ្ធភាពឲ្យរោងម៉ាស៊ីនកិនស្រូវអាចទិញស្រូវក្នុងតម្លៃសមរម្យក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
បើតាមការលើកឡើងពីក្រុមអ្នកជំនាញកសិកម្ម តាមរយៈការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបរបស់ធនាគាររដ្ឋ ARDB គឺបានជួយជំរុញ និងអភិវឌ្ឍន៍វិស័យចិញ្ចឹមសត្វ និងការដាំដុះដំណាំកសិកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។
គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗលោក ចាន់ សីហា អគ្គនាយករងនៃធនាគារ ARDB បានបញ្ចាក់ថា ទុនកម្ចីជាង៥០លានដុល្លារអាមេរិករបស់រដ្ឋាភិបាល ដែលជាគម្រោងផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ជូនប្រជាពលរដ្ឋក្នុងវិស័យកសិកម្ម ត្រូវបានធនាគារបញ្ចេញអស់ហើយ។ លោកអះអាងថា ការផ្តល់កម្ចីភាគច្រើនលើចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែ៕