សេដ្ឋកិច្ច​កម្ពុជា​

សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​នេះ កើន​៧,១% រុញ​ច្រាន​ដោយ​វិស័យ​កាត់ដេរ​និង​សំណង់


ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ធ្វើការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ជា​ថ្មី នៅ​ឆ្នាំ​នេះ​ថា នៅរក្សា​បាន​កំណើន​ក្នុង​រង្វង់​ ៧,១​ភាគរយ ដូច​ឆ្នាំ​មុន​ដដែល ខណៈ​ដែល​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ឧស្សាហកម្ម​ធំៗ​នឹង​មាន​ភាព​រឹងមាំ​ឡើង​វិញ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​កម្ពុជា​នឹង​នៅ​តែ​មាន​សក្តានុពល​ខ្ពស់។
សំណង់អគារខ្ពស់​នៅ​រាជ​ធានី​ភ្នំពេញ
ដោយ

ការ​រំពឹង​ពី​កំណើន​សេដ្ឋកិច្ច​នៅ​តែ​មាន​ភាព​រឹងមាំ​ក្នុង​រយៈពេល​២​ឆ្នាំ​បន្ត​ទៀត ដោយសារ​តែ​ភាព​រឹងមាំ​នៃ​ការ​នាំចេញ​សម្លៀក​បំពាក់​និង​ស្បែក​ជើង សកម្មភាព​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលន​ទ្រព្យ និង​ការ​កើន​ឡើង​ចំណាយ​របស់​រដ្ឋាភិបាល គួបផ្សំ​នឹង​ការ​ងើប​ឡើង​វិញ​ក្នុង​កម្រិត​មធ្យម​នៃ​ផលិតកម្ម​កសិកម្ម។

លោក Samiuela Tukuafa នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា ថ្លែង​បញ្ជាក់​ថា វិស័យ​ឧស្សាហកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​អត្រា​ខ្ពស់​ជាង​មុន​បន្តិច ពោល​គឺ ១០,៨​ភាគ​រយ​នៅ​ឆ្នាំ​នេះ ដោយសារ​ប្រទេស​ឧស្សាហកម្ម​ធំៗ​មួយ​ចំនួន​មាន​កំណើន​ខ្ពស់​ជាង​មុន និង​ការ​ធ្វើ​ពិពិធកម្ម​ទៅ​រក​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ដូចជា​សម្លៀក​បំពាក់​និង​ស្បែក​ជើង កម្មន្តសាល​ធុន​ស្រាល និង​អេឡិចត្រូនិច​ជាដើម។

រីឯ​វិស័យ​សេវាកម្ម​រំពឹង​ថា នឹង​មាន​កំណើន ៦,៧​ភាគរយ ដោយសារ​ការ​កើន​ឡើង​តម្រូវការ​ក្នុង​ស្រុក​និង​វិស័យ​ទេសចរណ៍។ ចំណែក​វិស័យ​កសិកម្ម​វិញ នឹង​កើន ១,៨​ភាគរយ ដោយសារ​កត្តា​អាកាស​ធាតុ​អំណោយ​ផល និង​វិស័យ​សំណង់​រំពឹង​ថា នឹង​រក្សា​កំណើន​មធ្យម។

នាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បន្ថែម​ថា នៅពេល​ដែល​ទីផ្សារ​នាំ​ចេញ​កាន់​តែ​រឹង​មាំ ការ​នាំចេញ​របស់​កម្ពុជា​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើន​១០​ភាគរយ ក្នុង​ឆ្នាំ​នេះ ពោល​គឺ​ខ្ពស់​ជាង​កំណើន​នៃ​ការ​នាំ​ចូល​ដែល​មាន​អត្រា ៩​ភាគ​រយ។ ចំណូល​វិស័យ​ទេសចណ៍​នឹង​មាន​ភាព​រឹងមាំ​ក្នុង​ឆ្នាំ​នេះ​ក៏​ដូចជា​ឆ្នាំ​បន្ទាប់។

កំណើន​នៃ​ការនាំ​ចេញ​សម្លៀក​បំពាក់​កាត់ដេរ​និង​ស្បែក​ជើង ត្រូវ​បាន​ព្យាករណ៍ថា នៅ​តែ​បន្ត។

ឱនភាព​គណនីយ​ចរន្ត​ទំនង​ជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ជាង ៩​ភាគរយ​នៃ​ផលទុន​ជាតិ​សរុប​ក្នុង​ស្រុក និង​៩​ភាគរយ​នៅ​ឆ្នាំ​បន្ទាប់ ខណៈ​ដែល​ជំនួយ​ផ្លូវការ​ពី​ក្រៅ​ប្រទេស​ទំនង​ជា​មាន​និន្នាការ​ថយចុះ លំហូរ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​តែ​មាន​ភាព​រឹងមាំ​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។ ទុន​បម្រុង​បរទេស​ដែល​រក្សាទុក​ដោយ​ធនាគារ​កណ្តាល​នៅ​តែ​បន្ត​ស្ថិត​ក្នុង​កម្រិត​សុវត្ថិភាព។

លោក Jan Hansen អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ប្រចាំ​កម្ពុជា ថ្លែង​ថា ដោយសារ​វិស័យ​ឧស្សាហកម្ម​ធុន​ស្រាល​អាច​នឹង​ផ្លាស់​ចេញ​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​ដែល​មាន​ថ្លៃ​ពលកម្ម​ទាប​នៅ​ក្នុង​តំបន់ ដូច្នេះ កម្ពុជា​អាច​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​បង្កើន​មូលដ្ឋាន​ផលិតកម្ម​ផ្សេងៗ​ជា​ច្រើន ក្រៅពី​ផលិតកម្ម​សម្លៀក​បំពាក់​និង​ស្បែក​ជើង។

លោកថា គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​២០១៥-​​២០២៥ ក៏​ជា​កម្លាំង​ជំរុញ​កំណើន​នេះ​ឲ្យ​រក្សា​បាន​កំណើន​ខ្ពស់​ដែរ ខណៈ​ដែល​នៅ​ឆ្នាំ​នេះ គោល​នយោបាយ​សារ​ពើពន្ធ​ក៏​មាន​ភាព​ល្អ​ប្រសើរ​ដែរ។

យោង​តាម​ច្បាប់​ថវិកា​ឆ្នាំ​២០១៧ ការ​ប្រមូល​ពន្ធ​នឹង​មាន​ការ​កើន​ឡើង​ដល់​ជាង ១៧​ភាគរយ កើន​លើស​ឆ្នាំ​មុន​ដែល​មាន​ត្រឹម​ជាង ១៦​ភាគ​រយ។ យ៉ាងណា​ក៏​ដោយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នៅ​តែ​អះអាង​ថា ទស្សនវិស័យ​សេដ្ឋកិច្ច​ខាង​លើ​នេះ គឺអាស្រ័យ​លើ​ហានិភ័យ​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​មាន​ទាំង​ហានិភ័យ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ហានិភ័យ​ក្នុង​ប្រទេស​មាន​ប្រភព​ចេញ​ពី​ភាព​ងាយ​រង​គ្រោះ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដែល​អាច​បណ្តាល​មក​ពី​ការ​រីក​ចម្រើន​ឆាប់​ពេក​នៃ​វិស័យ​នេះ។

ចំណែក​ហានិភ័យ​ក្រៅ​ប្រទេស​វិញ​គឺ​កំណើន​ខ្សោយ​ជាង​មុន​នៅ​ក្នុង​តំបន់​ប្រើ​ប្រាស់​ប្រាក់​អឺរ៉ូ ការ​រឹត​បន្តឹង​ឥណទាន​ជា​សកល​មាន​លក្ខណៈ​ស្រួចស្រាល់​ជាង​ការ​រំពឹង​ទុក និង​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ ដែល​កត្តា​ទាំង​អស់​នេះ បាន​ដាក់​សម្ពាធ​មក​លើ​ការ​នាំ​ចេញ​របស់​កម្ពុជា និង​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ដែល​មាន​ថ្លៃ​ដើម​ទាប​ផ្សេង​ទៀត​កាន់​តែ​មាន​ភាព​តាន​តឹង៕




អត្ថបទបន្ទាប់


មហាសេដ្ឋីចិន ជែក ម៉ា ចេះ​និយាយ​ភាសា​អង់គ្លេស​​ពី​ទេសចរ​អាមេរិក

ជឿទេ​ថា មហាសេដ្ឋីចិន​ ជែក ម៉ា (Jack Ma) ស្ថាបនិក​ក្រុមហ៊ុន Alibaba ចេះ​និយាយ​ភាសា​អង់គ្លេស​ដោយ​មិន​បាន​រៀន​នៅ​សាលា? ប៉ុន្តែ នេះ​ជ…

នំបញ្ចុក​ជា​នំ«មានវណ្ណៈ តាមឋានៈអតិថិជន»

នំ​បញ្ចុក ជា​នំ​មាន​ប្រវត្តិ​ដ៏​អស្ចារ្យ និង​ត្រូវ​បាន​ចាំ​តៗ​គ្នា តាម​ព្រេង​និទាន ធនញ្ជ័យ ហើយ​ដែល​ខ្មែរ​និយម​និយាយ​ថា ជ័យប្រាជ្ញ។ នំ​បញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ