ការឆ្លើយតបរបស់កាសែតរបស់អង់គ្លេសមួយនេះ គឺនៅក្រោយពេលដែល ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានផ្ញើលិខិត កាលពីថ្ងៃទី៦ ខែតុលា ទៅកាន់ស្ថាប័នកាសែតមួយនេះ ជុំវិញការចុះផ្សាយអត្ថបទមួយ ដោយក្នុងនោះ មានខ្លឹមសារថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានសញ្ញាតិស៊ីប ហើយភ្លាមៗនោះ ខាងរាជរដ្ឋាភិបាលកម្ពុជា ក៏បានច្រានចោលចំពោះខ្លឹមសារដែលកាសែតអង់គ្លេសនេះបានចុះផ្សាយផងដែរ។
ឆ្លើយតបនូវបញ្ហានេះ នៅថ្ងៃទី១១ ខែតុលា នេះ លោកស្រី អេលីសាបែត រីបប៊ែន ការីនិពន្ធគ្រប់គ្រងកម្មវិធីមិត្តអ្នកអាន នៃកាសែត The Guardian បានផ្ញើសារអេឡិចត្រូនិចមួយ ដល់ឯកឧត្តម កុយ គួង ពីការកែសម្រួលនូវខ្លឹមសារដែលកាសែតនេះបានចុះផ្សាយនាពេលកន្លងមក។
នៅក្នុងសារអេឡិចត្រូនិក(email) របស់លោកស្រី អេលីសាបែត រីបប៊ែន បានបញ្ជាក់ទទួលស្គាល់កំហុសឆ្គងដែលបានចុះផ្សាយនៅក្នុងអត្ថបទនោះ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់ របស់សារព័ត៌មាន the Guardian ហើយអត្ថបទនោះ ត្រូវបានកែសម្រួលរួចហើយ។
បន្ថែមលើការកែសម្រួលខ្លឹមសារអត្ថបទដែលបានចុះផ្សាយ លោកស្រី អេលីសាបែត ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ស្មេរដែលសរសេរអត្ថបទក៏មានការសោកស្ដាយផងដែរ ដោយបានបង្កឱ្យមានការបារម្ភ ដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប៉ុន្តែ លោកស្រី អេលីសាបែត រីបប៊ែន ក៏មានក្ដីសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័ស ក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវ ដំណោះស្រាយគួរជាទីពេញចិត្ត។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ កាសែតអង់គ្លេសThe Guardian បានចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាតិស៊ីប ។ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាននេះ ក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជា បានចេញមកបដិសេធទាត់ចោលការចុះផ្សាយព័ត៌មាននេះ ដោយចាត់ទុកថា ជាការបំផ្លើសបំភ្លៃព័ត៌មានខុសពីការពិត និងបានទាមទារឱ្យសារព័ត៌មានមួយនេះចុះផ្សាយកែតម្រូវឡើងវិញផងដែរ៕