ឯកឧត្តមវង្សី វិស្សុត-ពានរង្វាន់សហគ្រិនខ្មែរ

ឯកឧត្តមវង្សី វិស្សុត៖ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ជាការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច


សហគ្រិនភាព ជាសកម្មភាពអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជំរុញដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង ការបង្កើនភាពធន់ និងចូលរួមចំណែកដល់ពិពិធកម្មសេដ្ឋកិច្ច។
ឯកឧត្តមវង្សី វិស្សុត៖ កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរ ជាការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា

ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព បានគូសបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ គឺជាការចូលរួមយ៉ាងសំខាន់ដើម្បីលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ជាពិសេសជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត បានគូសបញ្ជាក់ថា កម្មវិធីប្រគល់ពានរង្វាន់សហគ្រិនខ្មែរឆ្នាំ២០២២ គឺជាសកម្មភាពមួយក្នុងចំណោមកម្មវិធីស្នូលជាច្រើនទៀត របស់សហគ្រិនខ្មែរ ក្នុងតួនាទីជាថ្នាលជាតិសម្រាប់ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ នវានុវត្តន៍ ការរលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនផលិតភាព និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់វប្បធម៌សហគ្រិនភាព ការបង្កើនសមត្ថភាពដល់សហគ្រិន ការតភ្ជាប់បណ្ដាញនិងទំនាក់ទំនងធុរកិច្ច និងការផ្តល់ជំនួយថវិកាគាំទ្រ ទាំងទុនអភិវឌ្ឍអាជីវកម្ម។ បន្ទាប់ពីការប្រកួតប្រជែងនេះ សហគ្រិនខ្មែរ នឹងនៅតែបន្តគាំទ្រដល់សហគ្រិនទាំងអស់បន្ថែមទៀត ដូចជា៖ ទី១.ការភ្ជាប់ផលិតផល ឬសេវាកម្មមានស្តង់ដារ និងគុណភាព ទៅទីផ្សារក្នុងស្រុក និងក្រៅប្រទេស តាមរយៈការសហការជាមួយផ្សារទំនើបធំៗ ជាដើម ដើម្បីណែនាំផលិតផលក្នុងស្រុកមានគុណភាពទៅកាន់ប្រជាជនយើង ក្រោមទិសស្លោក «គាំទ្រផលិតផលខ្មែរ ថែសេដ្ឋកិច្ចជាតិ។

ទី២.ការបន្តសហការជាមួយសាជីវកម្មអន្តរជាតិ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ តាមរយៈការដាក់លក់ផលិតផលនៅតាមសាខានីមួយៗ របស់សាជីវកម្មអន្តរជាតិធំៗ ទាំងនោះ ទៅកាន់អតិថិជនគោលដៅឲ្យកាន់តែទូលំទូលាយ ទាំងទីផ្សារក្នុង និងក្រៅប្រទេស។ ទី៣.ការតភ្ជាប់បណ្តាញវិនិយោគិនទៅកាន់សហគ្រិន តាមរយៈកិច្ចសហការជាមួយសមាគមវិនិយោគ ឬ វិនិយោគិនផ្ទាល់ ដែលមានបំណងចង់ធ្វើការវិនិយោគរួមគ្នាលើអាជីវកម្ម ឬធុរកិច្ច ដែលមានសក្កានុពល។ បច្ចុប្បន្ន សហគ្រិនខ្មែរកំពុងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងការកៀរគរទុនវិនិយោគ សម្រាប់ធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យម ក្នុងតំបន់អាស៊ី ក្នុងទំហំទឹកប្រាក់ប្រមាណ ២៨ លានដុល្លាអាមេរិក។ និងទី៤.ការផ្តល់នូវកម្មវិធីអភិវឌ្ឍសមត្ថភាពសហគ្រិន លើជំនាញចាំបាច់មួយចំនួន ដូចជា ការធ្វើទីផ្សារ ការធ្វើបទបង្ហាញ ការបង្កើតផ្នត់គំនិតសហគ្រិន ការគ្រប់គ្រងប្រតិបត្តិការអាជីវកម្ម ការកសាងបណ្តាញទំនាក់ទំនង និតិវិធីក្នុងការចុះបញ្ជី ការនាំចេញ និងការធ្វើទស្សនកិច្ចសិក្សាក្រុមហ៊ុនគំរូរមួយចំនួន ទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសជាដៃគូ។

ពានរង្វាន់សហគ្រិនឆ្នាំ២០២២ ត្រូវប្រគល់ជូនដល់ជ័យលាភី ត្រូវបានបែងចែកជា ៣ ប្រភេទ៖ ទី១-ពានរង្វាន់សហគ្រិនខ្មែរកម្រិតវិទ្យាល័យ សម្រាប់សិស្សានុសិស្សកម្រិតវិទ្យាល័យ ក្នុងគោលដៅបំផុស និងពង្រីកផ្នត់គំនិតសហគ្រិន ដល់យុវជនជំនាន់ថ្មី ដែលជាពន្លក សហគ្រិនកម្ពុជា ឬមានគុណវុឌ្ឍិជាសហគ្រិន ហើយពួកគេមានបំណង ចង់ក្លាយជាសហគ្រិននាពេលអនាគត។ ទី២-ពានរង្វាន់សហគ្រិនខ្មែរ ក្នុងធុរកិច្ចបង្កើតថ្មី សម្រាប់ធុរកិច្ច ដែលកំពុង ចាប់ផ្តើមសាកល្បងប្រកួតប្រជែងក្នុងទីផ្សារ ក្នុងគោលដៅភ្ញាស់គំនិតធុរកិច្ចថ្មី, ការបណ្តុះធុរកិច្ចថ្មី, ការច្នៃប្រឌិត, ការបង្កើតថ្មី និងការបង្ហាញគំនិតអាជីវកម្មពិសេសៗ ដែលមានសមត្ថភាព និងសក្តានុពល ក្នុងការទាក់ទាញវិនិយោគិនបន្ថែម។ និងទី៣-ពានរង្វាន់សហគ្រិនខ្មែរសហគ្រាសធុនតូចនិងមធ្យម សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់អភិវឌ្ឍសមត្ថភាពបន្ថែម និងដើម្បីទទួលបាននូវហិរញ្ញប្បទាន ឬ ការវិនិយោគបន្ថែម។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានសហគ្រិនខ្មែរជាអង្គភាពអនុវត្តបានចំណាយអស់ថវិកាប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងការចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្មជាមួយដៃគូក្នុងស្រុក។ ជាមួយគ្នានេះ សហគ្រិនខ្មែរក៏បានបំផុសស្មារតីសហគ្រិន ដោយគ្របដណ្តប់គ្រប់រាជធានី-ខេត្ត ដល់សហគ្រិនគ្រប់វ័យ ចាប់ផ្តើមពីកម្រិតវិទ្យាល័យ, សហគ្រិន ធុរកិច្ចថ្មី រហូតដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដើម្បីសាបព្រួសពូជ និងកៀរគរបន្ថែមទៀតនូវពន្លកសហគ្រិនថ្មី ដែលមានសក្តានុពលនឹងក្លាយជាមេទ័ពពូកែក្នុងវិស័យឯកជននាពេលអនាគត និងជាកំលាំងចលករក្នុងសេដ្ឋកិច្ចជាតិ៕




អត្ថបទបន្ទាប់


តើមហាអំណាចអាមេរិក និងចិន កំពុងប្រទាញប្រទង់គ្នាអ្វីខ្លះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអារ៉ាប៊ីសាអូឌីត?

អារ៉ាប៊ីសាអូឌីត និងចិនបានបង្ហាញទំនាក់ទំនងកាន់តែស៊ីជម្រៅ ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងយុទ្ធសាស្ត្រសំខាន់ៗច្រើន…

តើនរណាខ្លះជាម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនខ្មែរទាំង៣ប្រភេទប្រចាំឆ្នាំ២០២២?

សហគ្រិនខ្មែរគាំទ្រដោយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ កាលពីរាត្រីថ្ងៃទី០៩ ខែធ្នូ បានប្រកាសលទ្ធផល និងប្រគល់រង្វាន់ជូនដល់សហគ្រិនឆ្នើម ដែលបានឈ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ