ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានគូសបញ្ជាប់ថា នឹងពុំមានការប្រងើយកន្តើយនោះឡើយចំពោះការប្រមូលពន្ធលើដីធ្លីទុកទំនេរចោល ហើយការកែទម្រង់នៅក្នុងវិស័យដីធ្លីនេះ គឺចាំបាច់ត្រូវតែមាន ដោយនឹងរៀបចំឲ្យមានគម្រោងប្លង់មេត្រឹមត្រូវចំពោះដីធ្លី ដែលទុកទំនេរមិនបានប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាទាញយកប្រភពចំណូលបន្ថែមគាំទ្រដល់កំណើនសេដ្ឋកិច្ច។
ទោះយ៉ាងណា ឯកឧត្តម គង់ វិបុលទទួលស្គាល់ថា ការអនុវត្តការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះកន្លងមក គឺមិនសូវទទួលបានភាពជោគជ័យប៉ុន្មាននោះទេ ដោយសារតែការចុះបញ្ជីដីធ្លីមិនទាន់ស្ថិតនៅក្នុងប្រព័ន្ធនៅឡើយ ដែលជាហេតុធ្វើឲ្យអគ្គនាយកដ្ឋានពន្ធដារ ពិបាកស្វែងរកម្ចាស់ដើម្បីមកបង់ពន្ធណាស់ ប៉ុន្តែពន្ធដារអាចប្រមូលយកពន្ធប្រភេទនេះបាន ទាល់តែដីដែលទំនេរនេះ មានការដោះដូរម្ចាស់ថ្មីតែប៉ុណ្ណោះ។
ឯកឧត្តមគង់ វិបុលបានឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររួចហើយ បានកំណត់យកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់នេះ តាំងពីឆ្នាំ ២០០៦មកម្ល៉េះ ប៉ុន្តែ ការកែទម្រង់នៅក្នុងវិស័យដីធ្លី គឺចាំបាច់ត្រូវតែមានផងដែរ សម្រាប់ពេលបច្ចុប្បន្ន៕