
ភាពជាដៃគូរយៈពេលមួយឆ្នាំនេះត្រូវបានដាក់ដំណើរការស្របពេលក្រុមហ៊ុនហ៊ិននីគែន រៀបចំអបអរសាទរ ៣០ ឆ្នាំដែលក្រុមហ៊ុននេះបើកដំណើរការនៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ ២០២៤ នេះ។ សកម្មភាពនេះជាការបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ក្រុមហ៊ុនផលិតស្រាបៀរទូទាំងពិភពលោក។

ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការនៃភាពជាដៃគូរយៈពេលមួយឆ្នាំដែលជាតំណាងដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។
កាលពីថ្ងៃទី ២៦ ខែមករា ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងក្នុងពិធីនេះនៅហាង Oxygen Pub រាជធានីភ្នំពេញ បានមានប្រសាសន៍ថា៖ «ក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវការគាំទ្រដល់សកម្មភាពនៃការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវតាមរយៈយុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។ ព្រោះយុទ្ធនាការនេះមានសារសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ក៏ដូចជាការបង្កើនការយល់

ដឹងអំពីការទទួលទានគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ឲ្យរីករាយជាមួយនឹងការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតសមរម្យ ពោលគឺ មិនប៉ះពាល់សុខភាព មិនបង្កផលប៉ះពាល់ខ្លួនឯង និងអ្នកដទៃ។ ភាពជាដៃគូនាពេលបច្ចុប្បន្ននេះ នឹងក្លាយជាវេទិកាមួយដើម្បីឱ្យវិស័យឯកជន និងសាធារណៈរដ្ឋសហការគ្នាក្រោមគោលដៅតែមួយគឺ បង្កើតវប្បធម៌នៃការទទួលទានប្រកបដោយការទទួលខុសត្រូវ»។

ភាពជាដៃគូរវាងក្រុមហ៊ុនហ៊ិននីគែន និង Grab នេះនឹងដាក់ដំណើរការរយៈពេលមួយឆ្នាំពេញដែលរួមមានយុទ្ធនាការគ្រប់មធ្យោបាយដើម្បីផ្សព្វផ្សាយសារអំពីការ «ពិសាដោយការទទួលខុសត្រូវ» ដល់អតិថិជនរបស់ Grab កម្មវិធីប្រូម៉ូសិនរបស់ Grab សម្រាប់ការធ្វើដំណើរមានសុវត្ថិភាពជាងមុនក្នុងឱកាសចូលរួមកម្មវិធីសង្គម កម្មវិធីដែលរៀបចំដើម្បីធ្វើឱ្យការពិសាមានកម្រិតសមស្រប (Make moderation cool) នៅពេលចូលរួមកម្មវិធីសង្គម ការជំរុញការលក់ និងដឹកជញ្ជូនស្រាបៀរដោយការទទួលខុសត្រូវតាមកម្មវិធី Grab ក៏ដូចជាឱកាសបង្កើនជំនាញសម្រាប់ដៃគូបើកបររបស់ Grab ជាដើម ។ កម្មវិធីនេះជាការអបអរសាទរដល់ភាពជាដៃគូដែលផ្អែកលើមហិច្ឆិតាធ្វើអាជីវកម្មដោយមានទំនួលខុសត្រូវដែលជាស្មារតីរួមរបស់ក្រុមហ៊ុនទាំងពីរ ពីព្រោះទាំងក្រុមហ៊ុន Grab និង ហ៊ិននីគែន សុទ្ធតែជាហត្ថលេខីនៃសម្ព័ន្ធអន្តរជាតិសម្រាប់ការពិសាដោយការទទួលខុសត្រូវ (IARD) ដែលផ្តោតលើការលក់ និងការចែកចាយគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។

លោក Corentin Rouxel ដែលជាប្រធានប្រចាំប្រទេសរបស់ Grab ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះថា៖ «យើងមានសេចក្តីសោមនស្សរីករាយដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន លើយុទ្ធនាការនេះដែលគាំទ្រដោយដៃគូអ្នកបើកបរក្រុមហ៊ុន Grab របស់យើងដែលដើរតួយ៉ាងសំខាន់ក្នុងការផ្តល់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះនឹងបង្ហាញដៃគូអ្នកបើកបររបស់យើងថា ពួកគាត់ជាវីរបុរសប្រចាំថ្ងៃដែលអតិថិជនអាចជឿទុកចិត្តបានរាល់ការការដែលអតិថិជនត្រូវការធ្វើដំណើររាល់ការចូលរួមកម្មវិធីដែលមានពិសាគ្រឿងស្រវឹង»។

នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា លោក Andy Hewson បានថ្លែងថា៖ «ស្របពេលដែល ហ៊ិននីគែន ខេមបូឌា ត្រៀមប្រារព្ធខួប ៣០ ឆ្នាំនៅកម្ពុជា យើងមានក្ដីរំភើបរីករាយក្នុងការបង្ហាញពីការប្ដេជ្ញាចិត្តផ្ដោតលើការទទួលខុសត្រូវសំខាន់ជាងគេបំផុត ។ យើងជឿថា តាមរយៈការណែនាំអ្នកពិសាឲ្យពិសាដោយការទទួលខុសត្រូវនឹងទទួលបានបទពិសោធន៍កាន់តែមានការភាពសប្បាយរីករាយជាងមុនក្នុងការទទួលទានរាល់ផលិតផលរបស់យើងដែលមានម៉ាកយីហោអន្តរជាតិ ក៏ដូចជាម៉ាកយីហោក្នុងស្រុក ខណៈពេលដែលផលិតផលរបស់យើងជួយបង្កើតការជួបជុំ និងភាពរីករាយយូរអង្វែង»។

យុទ្ធនាការនេះគាំទ្រដល់គោលដៅរយៈពេលវែងរបស់ក្រុមហ៊ុនហ៊ិននីគែន «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» ដែលបញ្ជាក់អំពីគោលការណ៍របស់ក្រុមហ៊ុនសម្រាប់ការរួមចំណែកដោយភាពវិជ្ជមានចំពោះសសរស្ដម្ភចំនួន បី មានដូចជា៖ បរិស្ថាន សង្គម និងការទទួលខុសត្រូវ ។ ក្រុមហ៊ុន ហ៊ិននីគែន តែងជួយគាំទ្រជាបន្តបន្ទាប់ដល់ការងារលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវ រាប់តាំងពីការផ្ដល់នូវជម្រើសផលិតផលដែលមានជាតិអាល់កុលតិច និងគ្មានជាតិអាល់កុល រហូតដល់ការផ្សព្វផ្សាយដល់អតិថិជនមួយពាន់លាននាក់ជារៀងរាល់ឆ្នាំ ដោយផ្ដល់នូវព័ត៌មានត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកពិសាប្រកបដោយការទទួលខុសត្រូវ ។ ក្រុមហ៊ុនហ៊ិននីគែន បានចំណាយថវិការចំនួន ១០ ភាគរយនៃថវិកាផ្សាយពាណិជ្ជកម្មរបស់ខ្លួនសម្រាប់យីហោ Heineken® ដើម្បីគាំទ្រយុទ្ធនាការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវជារៀងរាល់ឆ្នាំដូចជា យុទ្ធនាការ «បើពិសាគ្រឿងស្រវឹង សូមកុំបើកបរ» ។

នាយកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុនហ៊ិននីគែនខេបូឌា លោកស្រី Anne de Graaf បានថ្លែងអំឡុងកម្មវិធីនេះថា៖ «ចីរភាព និងទំនួលខុសត្រូវ គឺជាផ្នែកមួយនៃគោលការណ៍របស់ក្រុមហ៊ុនហ៊ិននីគែន ចាប់តាំងពីថ្ងៃដំបូងនៃអាជីវកម្មរបស់យើង ហើយយើងតែងតែគាំទ្រឲ្យមានការលើកទឹកចិត្តអតិថិជនឱ្យសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ នៅកម្ពុជា យើងផ្តោតសំខាន់លើការអភិវឌ្ឍន៍ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ឱ្យជាអ្នកតំណាងនៃការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ។ បន្ថែមពីនេះមានដូចជាកម្មវិធីនានាដូចជា HEINEKEN Sustainathon សម្រាប់មនុស្សជំនាន់ថ្មីរបស់កម្ពុជាក្នុងការចែករំលែកនូវគំនិតយល់ឃើញរបស់ខ្លួន ។ ការធ្វើការជាមួយដៃគូកាន់តែច្រើនធ្វើឲ្យយើងកាន់តែមានក្ដីរំភើបរីករាយ ហើយយើងអាចផ្សព្វផ្សាយទៅដល់អតិថិជនកាន់តែច្រើនជាងមុន និងនាំឲ្យមានការកែប្រែកាន់តែខ្លាំងជាងមុនផងដែរ»។
អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា (HEINEKEN Cambodia) ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នា ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាកយីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០ នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០* នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យ និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕
*ប្រភព៖ តួលេខលក់ផ្ទៃក្នុងឆ្នាំ ២០២២, ការសិក្សាអំពីផលប៉ះពាល់សេដ្ឋកិច្ចឆ្នាំ ២០២០ - ទិន្នន័យឆ្នាំ ២០១៩ និងទិន្នន័យរដ្ឋាភិបាល
អំពីក្រុមហ៊ុន Grab ខេមបូឌា
ក្រុមហ៊ុន Grab ខេមបូឌា ជាស៊ុភើអេបប្រចាំថ្ងៃ ដែលធ្វើប្រតិបត្តិការផ្ដល់សេវាធ្វើដំណើរ ដឹកទំនិញ និងវិស័យដឹកជញ្ជូនរហ័ស ។ តាមរយៈការផ្ដល់សេវាក្នុងទីក្រុងជាង ៥០០ កន្លែងក្នុងប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៨ រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ក្រុមហ៊ុន Grab ជារៀងរាល់ថ្ងៃ ផ្ដល់លទ្ធផលដល់មនុស្សរាប់លាននាក់ក្នុងការកុម្ម៉ង់ម្ហូបអាហារ ឬគ្រឿងទេស បញ្ជូនកញ្ចប់ទំនិញ កក់យានជំនិះ ឬតាក់ស៊ី តាមរយៈកម្មវិធីអេបតែមួយ ។ Grab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយមានបេសកកម្មអភិវឌ្ឍតំបន់អាស៊ីអាគ្នេយ៍ឲ្យរីកចម្រើនទៅមុខ តាមរយៈការបង្កើតអំណាចសេដ្ឋកិច្ចដល់មនុស្សគ្រប់គ្នា និងព្យាយាមសម្រេចឲ្យបាននូវគោលការណ៍គ្រឹះចំនួនបីគឺ៖ សម្រេចឲ្យបាននូវសមិទ្ធកម្មផ្នែកហិរញ្ញវត្ថុដល់ភាគហ៊ុននិករបស់ខ្លួន ហើយព្រមជាមួយគ្នានោះបង្កើតឲ្យមានផលប៉ះពាល់វិជ្ជមានផ្នែកសង្គម និងបរិស្ថាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។