បើតាមលោកឧត្តមសេនីយ៍ឯក ជាជំហានបឋម នគរបាលចរាចរណ៍ បានរឹតបន្តឹងឲ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ប៉ុន្ដែ ជាជំហានបន្ទាប់ នគរបាលចរាចរណ៍ នឹងរឹតបន្តឹងបន្ថែមទៀត ដើម្បីឲ្យអ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពដែលមានគុណភាព និងស្របតាមស្តង់ដារ ពីព្រោះ ការពាក់មួកដែលពុំមានស្តង់ដារ អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត នៅជួបឧបទ្ទវហេតុណាមួយ។ យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានស្នើឲ្យអ្នកដំណើរដោយទោចក្រយានយន្ត ត្រូវពាក់មួកឲ្យបានគ្រប់ៗគ្នា ជាពិសេស មួកសុវត្ថិភាពដែលដែលស្តង់ដារ។ តើអ្នកជិះម៉ូតូបានប្រើប្រាស់មួកសុវត្ថិភាពមានស្តង់ដារហើយឬនៅ?
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបង្ហាញថា នៅក្នុងឆ្នាំ២០១៧កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ៣៥៣១ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១៧៨០នាក់ និង រងរបួសចំនួន ៥ ៥៣៩នាក់។ ហើយអ្នកដែលគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងគេ គឺអ្នកដែលបើកបរម៉ូតូមិនបានពាក់មួកការពារសុវត្ថិភាព ដែលមានចំនួនប្រមាណជាង៧៨ភាគរយឯណោះ។
ទាក់ទងនឹងការពិនិត្យមួកសុវត្ថិភាពវិញ លោក សេង បូរិន អ្នកនាំចូលមួកសុវត្ថិភាពពីតៃវ៉ាន់ បានពន្យល់ថា មួកដែលមានស្តង់ដារ ទាល់តែជាមួកដែលការពារចង្ការ មានជ័ររឹងមាំ ដោយមានទម្ងន់១គីឡូ៣ខាំដល់១គីឡូកន្លះ និងមានអក្សរនៅក្រោយថា DOT៕