កាលពីខែតុលាកន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសឲ្យចាត់របៀបលើសំណុំរឿងរបស់លោក យាង សុធារិន និងលោក អ៊ួន ឈិន ដោយសារការស៊ើបសួរលើកមុន មិនទាន់មានព័ត៌មានគ្រប់គ្រាន់ បន្ទាប់ពីចំណាយពេលអស់ប្រហែលជាពីរឆ្នាំក៏ដោយ។
នៅថ្ងៃអង្គារ ទី២៨ ខែមករានេះ ប្រធានក្រុមប្រឹក្សាចៅក្រម លោក ប្លង់ សំណាង បានប្រកាសថា បណ្តឹងឧទ្ធរណ៍របស់អ្នកទាំងពីរនេះ មិនអាចទទួលយកបាន ហើយនឹងសរសេរពិពណ៌នាពីមូលហេតុស្តីពីការសម្រេចនេះនៅក្នុងដីកាមួយផ្សេងទៀត ជូនទៅជនជាប់ចោទទាំងពីរនៅពេលក្រោយ។
នាយកវិទ្យុអាស៊ីសេរី លោកស្រី Bay Fang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចថ្ងៃនេះដោយសាលាឧទ្ធរណ៍ គឺគួរឲ្យខកចិត្ត។
លោកស្រី Bay Fang បាននិយាយដូច្នេះថា “ការដាក់កំហិតផ្នែកច្បាប់ដែលលោក អ៊ួន ឈិន និង យៀង សុធារិន បានស៊ូទ្រាំអស់រយៈពេលជាងពីរឆ្នាំ នៅតែអូសបន្លាយបន្តទៀត ក៏ដូចជាការគំរាមកំហែង និងការជាប់ពន្ធនាគារយូរផងដែរ។ អាជ្ញាធរកម្ពុជាគួរតែយកចិត្តទុកដាក់នូវអ្វីដែលសហគមន៍អន្តរជាតិកំពុងប្រាប់ពួកគេថា ដំណើរការនីតិវិធីនេះអយុត្តិធម៌យ៉ាងខ្លាំង ហើយធ្វើឱ្យខូចដល់គោលការណ៍នៃការបញ្ចេញមតិដោយសេរីនិងការគោរពចំពោះសារព័ត៌មានសេរី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា។ រឿងក្តីប្រឆាំងនឹងលោក ឈិន និង សុធារិន គួរតែត្រូវបានទម្លាក់ចោល។”
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រៅរបងសាលាឧទ្ធរណ៍បន្ទាប់ពីការសម្រេចនេះ លោក អ៊ួន ឈិន និងលោក យាង សុធារិន បានសម្ដែងការខកចិត្តយ៉ាងខ្លាំង។
លោក យាង សុធារិន បាននិយាយដូច្នេះថា “បើសិនថា ជ្រុលថាស៊ើបអង្កេតបន្ថែម សូមស៊ើបអង្កេត ហើយពន្លឿនការស៊ើបអង្កេតហ្នឹងឲ្យបានលឿន អាហ្នឹងជាអ្វីដែលខ្ញុំចង់បានពីតុលាការ កុំឲ្យថា ពួកខ្ញុំប្តឹងមកហើយ ថាច្រានចោលបណ្តឹងពួកខ្ញុំ ហើយបែរជាមិនធ្វើការ។”
លោក យាង សុធារិន បានបន្តថា “អត់មានយុត្តិធម៌ ពីព្រោះអី យើងដឹងហើយការស៊ើបអង្កេតហ្នឹង វា២ឆ្នាំហើយ ហើយជាង ២ឆ្នាំហើយ ការស៊ើបអង្កេតអ៊ីចឹង វាអត់មានអីត្រូវស៊ើបអង្កេត អ្វីដែលខ្ញុំចង់និយាយ តាំងពីមានការឲ្យស៊ើបអង្កេតបន្ថែមនោះ វាអត់មានអីថ្មី ហើយអត់ដែលបានហៅពួកខ្ញុំទៅសួរថែម មានរឿងអីពាក់ព័ន្ធនឹងរឿងហ្នឹង វាអត់មាន ស្ងាត់តែម្តង៕”