
ថ្លែងនាពិធីសម្ពោធបើកដំណើរភោជនីយដ្ឋាន ហុង ប៉ាវ ដែលមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Tribe នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក ឡូ សុគន្ធ ម្ចាស់ភោជណីយដ្ឋាន ហុង ប៉ាវ នៅកម្ពុជា បានគូសបញ្ជាក់ថា មូលហេតុដែលជំរុញឲ្យលោកសម្រេចនាំយកភោជនីយដ្ឋាន ហុង ប៉ាវ មកបោះទីតាំងជាលើកដំបូងនៅកម្ពុជាទាំងស្ថិតក្នុងបរិបទកូវីដ-១៩យ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញថា កម្ពុជាជាប្រទេសដែលមានការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេបើធៀបនឹងប្រទេសក្នុងតំបន់និងលើពិភពលោក។ ម្យ៉ាងទៀតប្រជាពលរដ្ឋកម្ពុជាភាគច្រើនទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលធ្វើឲ្យលោកហាក់គ្មានការរារែក និងព្រួយបារម្ភចំពោះការបើកប្រតិបត្តិការនៅកម្ពុជា។
លោក ឡូ សុគន្ធ បន្ថែមថា សម្រាប់ការបង្ហាញវត្តមានជាលើកដំបូងនៅរាជធានីភ្នំពេញ ភោជនីយដ្ឋាន ហុង ប៉ាវ នឹងទទួលបានការគាំទ្រច្រើនពីអតិថិជន ជាពិសេសក្លាយជាចំណែកក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ការងារជាដើម។

ជាមួយគ្នានេះ លោក ណុបផាដន ណារិទ្ធតាឃួន (Noppadon Narittakurn) ម្ចាស់ភោជណីយដ្ឋាន ហុង ប៉ាវ នៅប្រទេសថៃ និងជាម្ចាស់ភាគហ៊ុន ហុង ប៉ាវ នៅកម្ពុជាមានជំនឿយ៉ាងមុតមាំថា ហុង ប៉ាវ នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងទីផ្សារភោជនីយដ្ឋាននៅកម្ពុជា បើទោះបីភោជនីយដ្ឋានលំដាប់អន្តរជាតិនេះ ទើបតែមានវត្តមានលើកដំបូងនៅកម្ពុជាក៏ដោយ។ កត្តាដែលធ្វើឲ្យលោកមានសុទិដ្ឋិនិយមបែបនេះ ដោយសារ ហុង ប៉ាវ ជាភោជនីយដ្ឋានលំដាប់លេខ១នៅប្រទេសថៃ និងមានលក្ខណៈពិសេសជាច្រើនដូចជាមានមុខម្ហូបប្លែកៗជាមួយរសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ដែលស័ក្តិសមចំពោះការបរិភោគជាលក្ខណៈគ្រួសារ និងមានចំណុចពិសេសជាច្រើនទៀត។


ភោជនីយដ្ឋាន ហុង ប៉ាវ មានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Tribe ជាប់មាត់ទន្លេខាងក្រោយអគ្គិសនីកម្ពុជា ដែលមានចម្ងាយប្រមាណ១នាទីពីរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ ភោជនីយដ្ឋាននេះ មានមុខម្ហូបពិសេសៗជាច្រើនដូចជាទាអាំង ហុង ប៉ាវ, នំប៉ាវពងទាប្រៃមាស, ហាកាវ-គាវបង្គាចំហុយដ៏អស្ចារ្យ, ហុងប៉ាវគាវសាច់ជ្រូក និងបង្គាចំហុង និងគុយទាវកាត់រុំជាមួយបង្គាបំពងស្រួយជាដើម។
បើតាមការគូសបញ្ជាក់របស់លោក ឡូ សុគន្ធ ប្រសិនបើ ហុង ប៉ាវ ទទួលបានជោគជ័យសម្រាប់ការដំណើរការនៅរាជធានីភ្នំពេញ លោក ក៏គ្រោងពង្រីកសាខាទៅតាមខេត្តផ្សេងៗទៀតផងដែរ។ លោកអះអាងថា ខេត្តដែលជាគោលដៅបន្ទាប់ពីរាជធានីភ្នំពេញអាចរួមមាន ខេត្តព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ប៉ុន្តែអ្វីៗត្រូវមួយជំហានម្តងៗ៕