អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានមើលឃើញថា កំណើនប្រជាជនរស់នៅរាជធានី ក៏ដូចជាទីក្រុងយ៉ាងគំហុកដូច្នេះ ក៏បានធ្វើឲ្យតម្រូវការលំនៅដ្ឋានមានកើនឥតឈប់ឈរ ខណៈដែលបច្ចុប្បន្ន តំបន់ទាំង៤ទិសជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានការសាងសង់គម្រោងលំនៅដ្ឋានយ៉ាងមមាញឹកបំផុត។
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ កាលពីថ្ងៃទី២៧ កុម្ភៈ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ គ្រុប បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអភិវឌ្ឍន៍លំនៅដ្ឋាន មានសន្ទុះកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ពោលគឺមានផ្ទះចំនួនប្រមាណ ៥ម៉ឺនខ្នងហើយ ត្រូវបានសាងសង់ឡើងនៅរយៈពេលដ៏ខ្លីកន្លងមកនេះ។
ជាក់ស្ដែង លោកឧកញ៉ា លី ហួរ បានកត់សម្គាល់ឃើញថា តាមបណ្ដោយផ្លូវជាតិសំខាន់ៗ ដូចជា ផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ ៣ និងផ្លូវជាតិលេខ៤ ជាដើមនោះ បាននិងកំពុងក្លាយជាមុខព្រួញសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានយ៉ាងមានសក្ដានុពលបំផុត ខណៈដែលបច្ចុប្បន្នគម្រោងលំនៅដ្ឋានជាច្រើនបានពង្រីកខ្លួនទៅតំបន់ជាយៗកាន់តែច្រើនឡើងៗផងដែរ។
ពិសេសជាងនេះទៅទៀត ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យអចលនទ្រព្យនិងសំណង់ ក៏ដូចជាកំណើនប្រជាជនផងនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានពង្រីកទីក្រុងថ្មីៗជាបន្តបន្ទាប់ជាមួយនឹងការតភ្ជាប់នូវផ្លូវខ្សែក្រវាត់ក្រុងជាចំនួន៣ផងដែរ។ គម្រោងផ្លូវខ្សែក្រវាត់ក្រុងទាំងនេះ ក៏ជាមេដែកមួយស្រូបទាញអ្នកអភិវឌ្ឍន៍សំណង់ ពិសេស អ្នកសាងសង់គម្រោងលំនៅដ្ឋាន បានបោះទុនវិនិយោគកាន់តែច្រើនឡើងផងដែរ។
យ៉ាងណាក៏ដោយចុះ បើតាមក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ពិសេស លំនៅដ្ឋានបុរី ក៏បានលើកពីកត្តាប្រឈមមួយចំនួនទាក់ទងនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផងដែរ ពិសេស លូទឹកតែម្ដង ដោយពួកគេបានបញ្ជាក់ថា ជាបញ្ហាប្រឈមមួយសម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ដោយសារតែរាជរដ្ឋាភិបាលមិនទាន់មានប្លង់មេច្បាស់លាស់សម្រាប់ពួកគេយកធ្វើជាក្បួនខ្នាតសម្រាប់ការអភិវឌ្ឍឲ្យត្រូវតាមស្ដង់ដារ និងប្រកបដោយចីរភាព។
យ៉ាងណាក៏ដោយចុះ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការអភិវឌ្ឍលំនៅដ្ឋាន ពិសេស គម្រោងលំនៅដ្ឋានលក្ខណៈបុរី បានចូលរួមចំណែកសំខាន់មួយ ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ក៏ដូចជាការផ្ដល់នូវការរស់នៅជាសហគមសម្រាប់ប្រជាពលរដ្ឋប្រកបដោយផាសុកភាព និងសន្ដិសុខសុវត្ថិភាពផងដែរ។ ប៉ុន្ដែ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍត្រូវតែគិតគូរថែមទៀតពីគុណភាពសំណង់និងផលប៉ះពាល់នានាផងដែរ។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា គិតមកទល់បច្ចុប្បន្ន វិស័យសំណង់បានចូលរួមចំណែករហូតដល់ជាង ២០% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា និងបង្កើតការងារដោយផ្ទាល់ និងប្រយោលជាច្រើនដល់ពលរដ្ឋ។ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៧ កន្លងមកនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានសរុបចំនួន ២៣៨គម្រោង។
ជាក់ស្ដែង គម្រោង ២០១៧ ចំនួនផ្ទះបានកើនឡើងពី ៣៥៤ខ្នង រហូតដល់ជាង ៤ម៉ឺនខ្នង ហើយលំនៅដ្ឋានដែលមានលក្ខណៈជាបុរីបានកើនឡើងពីចំនួន ២គម្រោងនៅឆ្នាំ២០១០ ដល់ ១៤៤គម្រោង នា បច្ចុប្បន្ននេះ។ ទន្ទឹមនឹងនេះ គម្រោងអគារលំនៅដ្ឋានបែបសហកម្មសិទ្ធិបានកើនពី ៣ គម្រោង នៅឆ្នាំ២០១១ មកដល់ ៩៤គម្រោងនៅពេលបច្ចុប្បន្ន ខណៈដែលចំនួនបន្ទប់ស្នាក់នៅមានជាង ៣៥០០០ បន្ទប់។
សូមជម្រាបថា បើតាមការគូសបញ្ជាក់ពីរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា តម្រូវការលំនៅដ្ឋានសម្រាប់អ្នករស់នៅទីក្រុង និងទីប្រជុំជនមានជាង១ម៉ឺនខ្នង ក្នុងមួយឆ្នាំៗ ដែលចំនួននេះ ស្មើនឹងប្រមាណតែជាង ១០%ប៉ុណ្ណោះ នៃតម្រូវការលំនៅដ្ឋានសរុបនៅទូទាំងប្រទេស។ យ៉ាងណាក៏ដោយចុះ រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្ត ដល់អ្នកអភិវឌ្ឍលំនៅដ្ឋានទាំងអស់ គួរតែរួមចំណែកក្នុងការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យឲ្យបានច្រើនទៀត ដែលអាចឲ្យប្រជាពលរដ្ឋបង់រំលោះប្រចាំខែ ត្រឹមតែ ៧០ ទៅ ៨០ដុល្លារ ក្នុងមួយខែ នោះគឺជាតម្លៃដ៏ល្អបំផុត៕